ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន អំពាវនាវ សុំជំនួយបន្ថែមពីបរទេស បើទោះបីជាមានជំនួយ រាប់ពាន់លានដុល្លារ ពីអាមេរិក និងសម្ព័ន្ធមិត្ត អឺរ៉ុបរួចហើយ

បរទេស ៖ សមាជិកសភាជាន់ខ្ពស់មួយរូប បាននិយាយថា រដ្ឋាភិបាលអ៊ុយក្រែន ត្រូវការប្រាក់ចំនួន 5 ពាន់លានដុល្លារ ជារៀងរាល់ខែ ដើម្បីជៀស វាងការកាត់បន្ថយថវិកា ដ៏ច្រើនសន្ធឹកសន្ធាប់ ដោយអំពាវនាវ ឱ្យមានជំនួយបន្ថែមពីបរទេស បើទោះបីជាជំនួយ រាប់ពាន់លានដុល្លារ បានផ្តល់ដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត អឺរ៉ុបរួចហើយក៏ដោយ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រធានគណៈកម្មាធិការសភា របស់រដ្ឋាភិបាលទីក្រុងគៀវ ស្តីពីហិរញ្ញវត្ថុ ពន្ធដារ និងគោលនយោបាយគយ លោក Danylo Hetmantsev បានលើកឡើង ពីការខ្វះខាត ប្រាប់ដល់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកកាលពីថ្ងៃអង្គារ ដោយលើកឡើងពីបញ្ហាសេដ្ឋកិច្ច ដែលកំពុងកើនឡើង ដែលទាក់ទងនឹងជម្លោះជាមួយរុស្ស៊ី ។

លោកថា “យើងត្រូវខ្ចីប្រាក់ ៥ពាន់លានដុល្លារក្នុងមួយខែ ។ ប្រសិនបើយើងមិនទទួលបានទេ យើងនឹងត្រូវកាត់បន្ថយ ការចំណាយ»។ «យើងគ្មានសក្ដានុពល ក្នុងសេដ្ឋកិច្ចក្នុងការដំឡើងពន្ធ ។ យើងមិនអាចធ្វើដោយគ្មានជំនួយពីដៃគូ របស់យើងបានទេ ដរាបណាការប្រយុទ្ធនៅតែបន្ត”។

មន្ត្រីរូបនេះបានបន្ថែមថា រដ្ឋាភិបាលបានប្រមូលពន្ធប្រហែល 3.4 ពាន់លានដុល្លារកាលពីខែមុន ប៉ុន្តែបានចំណាយច្រើនជាង 8.4 ពាន់លានដុល្លារ ក្នុងរយៈពេលដូចគ្នានេះ៕
ប្រែសម្រួលៈ ណៃ តុលា

To Top