តេអេរ៉ង់៖ យោងតាមគេហទំព័រផ្លូវការរបស់ Khamenei បានឱ្យដឹងថា មេដឹកនាំកំពូលរបស់អ៊ីរ៉ង់លោក Ayatollah Ali Khamenei កាលពីថ្ងៃអាទិត្យបានរិះគន់លោកខាងលិច ដែលដឹកនាំដោយសហរដ្ឋអាមេរិក សម្រាប់គោលនយោបាយពង្រីកខ្លួន ដែលបំផ្លាញឯករាជ្យជាតិ និងអធិបតេយ្យភាពជាតិ។
លោក Khamenei បានឲ្យដឹងនៅក្នុងជំនួបជាមួយប្រធានាធិបតីកាហ្សាក់ស្ថាន លោក Kassym-Jomart Tokayev ថា “ជនជាតិអាមេរិក និងលោកខាងលិច កំពុងស្វែងរកឥតឈប់ឈរ ដើម្បីពង្រីកឥទ្ធិពល របស់ពួកគេនៅក្នុងតំបន់ផ្សេងៗ រួមទាំងអាស៊ីបូព៌ា និងខាងលិច និងបំផ្លាញឯករាជ្យភាព និងអធិបតេយ្យភាពរបស់ប្រទេសនានា”។
លោកបានកត់សម្គាល់ថា បញ្ហាចម្បងជាមួយអ៊ុយក្រែនគឺថា “លោកខាងលិច កំពុងព្យាយាមពង្រីកអង្គការណាតូ នៅពេលដែលពួកគេមិនស្ទាក់ស្ទើរក្នុងការពង្រីកឥទ្ធិពលរបស់ពួកគេគ្រប់ទីកន្លែងដែលពួកគេអាចធ្វើបាន” ។
មេដឹកនាំកំពូលអ៊ីរ៉ង់ បានជំរុញឱ្យមានការសម្របសម្រួល រវាងអ៊ីរ៉ង់និងកាហ្សាក់ស្ថាន លើបញ្ហានយោបាយ និងសេដ្ឋកិច្ច នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
សម្រាប់ផ្នែករបស់លោកវិញ លោក Tokaev បាននិយាយថា ឯកសារទ្វេភាគីដែលបានចុះហត្ថលេខា “អាចត្រួសត្រាយផ្លូវ សម្រាប់ការពង្រីកបន្ថែមទៀត នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ” ៕
ប្រែសម្រួល ឈូក បូរ៉ា