ព័ត៌មានជាតិ

ចាប់ពីថ្ងៃ២២-២៨ មិថុនា កម្ពុជា នឹងមានភ្លៀងធ្លាក់ដោយអន្លើ លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់

ភ្នំពេញ ៖ កម្ពុជា ទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាបដែលអូសបន្លាយ នៅលើភាគខាងជើងប្រទេសថៃ ប្រទេសឡាវ និងប្រទេសវៀតណាម ជាមួយនឹងខ្យល់មូសុងនិរតីបក់ក្នុងល្បឿនពីមធ្យមទៅបង្គួរ ដោយចាប់ពីថ្ងៃ២២-២៨មិថុនា នឹងមានភ្លៀងធ្លាក់ដោយអន្លើ លាយឡំទៅដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់។

ស្ថានភាពបែបនេះ នឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមាពី ២៤-២៦អង្សាសេ និងសីតុណ្ហភាពអតិបរមា ពី៣៥-៣៧អង្សាសេ នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិចទៅបង្គួរ ។ ជាមួយគ្នានោះ បណ្តាផ្នែកខ្លះ នៃខេត្តនិងរាជធានីអាចមានភ្លៀងធ្លាក់ច្រើនដោយអន្លើ លាយឡំទៅដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ។

សម្រាប់បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន សីតុណ្ហភាពអប្បបរមាពី២៣-២៥អង្សាសេ និងសីតុណ្ហភាពអតិបរមាពី៣៤-៣៦អង្សាសេ នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីតិចទៅមធ្យម នឹងមានលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដោយអន្លើ។

ចំពោះតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមាពី២៤-២៦អង្សាសេ និងសីតុណ្ហភាពអតិបរមាពី ៣៤-៣៦អង្សាសេ នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ព្រមទាំងរលកសមុទ្រ ក្នុងកម្រិតមធ្យម ៕

To Top