ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងប្រជាធានសមាគមអតីតយុទ្ធជនកម្ពុជា បានអំពាវនាវដល់អតីតយុទ្ធជនកម្ពុជា បន្ដរក្សាស្មារតីវីរភាពដ៏ឧត្តុងឧត្តម និងសេចក្ដីថ្លៃថ្នូរ ជាពលរដ្ឋឆ្នើមរបស់ជាតិមាតុភូមិ ដើម្បីធ្វើជាគំរូល្អក្នុងសង្គម។
តាមរយៈសារលិខិតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងឱកាសខួបលើកទី១៥ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២២ សម្ដេចតេជោបានថ្លែងបញ្ជាក់ថា «បងប្អូនអតីតយុទ្ធជនកម្ពុជា សូមបន្តរក្សាស្មារតីវីរភាពដ៏ឧត្តុងឧត្តម និងសេចក្ដីថ្លៃថ្នូរ ជាពលរដ្ឋឆ្នើមរបស់ជាតិមាតុភូមិ ដើម្បីបន្តធ្វើជាគំរូល្អក្នុងសង្គមជាតិ ។ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាទូទាំងប្រទេស ពិតជាចងចាំជានិច្ចនូវការលះបង់ និងគុណបំណាច់ដ៏ធំធេង របស់បងប្អូនអតីតយុទ្ធជនគ្រប់រូប ចំពោះជាតិមាតុភូមិជាទី ស្នេហានៃយើង»។
សម្ដេចតេជោ ក៏បានណែនាំគ្រប់ក្រសួង ស្ថាប័ន អង្គភាព និងអាជ្ញាធរដែនដីគ្រប់ថ្នាក់ ត្រូវរៀបចំគណៈប្រតិភូចុះសួរសុខទុក្ខបងប្អូន អតីតយុទ្ធជនតាមមូលដ្ឋាន និងយុទ្ធជន យុទ្ធនារី ជាពិសេសយុទ្ធជន យុទ្ធនារីក្នុងអង្គភាពកងកម្លាំងប្រដាប់អាវុធ សម្ព័ន្ធមេត្រីភាព យុទ្ធជន យុទ្ធនារី ដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ និងជនពិការនៅតាមមណ្ឌល យោធិនពិការដើម្បីលើកទឹកចិត្ត និងផ្សារភ្ជាប់មនោសញ្ចេតនា ជាមួយអតីតយុទ្ធជន និងយុទ្ធជន យុទ្ធនារី។
លើសពីនេះ សម្ដេចនាយករដ្ឋមន្ដ្រី ក៏បានណែនាំក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវបន្តអនុវត្តឲ្យបានល្អ និងមានប្រសិទ្ធភាពនូវការផ្តល់សេវា របបសន្តិសុខសង្គមសម្រាប់អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនតាមរយៈបេឡាជាតិ អតីតយុទ្ធនៅទូទាំងប្រទេស។ ម៉្យាងវិញទៀត ក្រសួងត្រូវខិតខំជំរុញការអនុវត្តគម្រោង សាងសង់ផ្ទះជូនអតីតយុទ្ធជន និងគ្រួសារដូចដែលបានបញ្ចូលក្នុងផែនការ វិនិយោគសាធារណៈរបស់រាជរដ្ឋាភិបាល។
សម្ដេចក៏បានណែនាំបន្ថែម ដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ បន្តជំរុញការអនុវត្តគោលនយោបាយ ស្ដីពីការផ្តល់សម្បទានដីសង្គមកិច្ច ជូនអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕