នយោបាយ

បទអត្ថាធិប្បាយ ៖ រួមគ្នាលើកកម្ពស់ អតីតយុទ្ធជន និងមន្ត្រីចូលនិវត្តន៍ បន្ទាប់ពីពួកគាត់បានលះបង់ គ្រប់បែបយ៉ាង ដើម្បីជាតិមាតុភូមិ

ថ្ងៃទី២១ខែ មិថុនា ឆ្នាំ ២០២២ គឺជាថ្ងៃប្រវត្តិសាស្ត្រ ប្រកបដោយមោទនភាពបំផុត ដែលបងប្អូនអតីតយុទ្ធជន និងប្រជាជនកម្ពុជា ប្រារព្ធខួបលើកទី១៥ ទិវាអតីតយុទ្ធជនកម្ពុជា ដើម្បីរំឭកដល់គំរូវីរភាព ដ៏មោះមុតគុណបំណាច់ដ៏ធំធេង របស់វីរ យុទ្ធជន យុទ្ធនារី កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ គ្រប់ស្រទាប់ ដែលបានពលីកម្មយ៉ាង អង់អាចក្លាហាន បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ មាតុភូមិ ។ ពលិកម្មប្រកប ដោយស្មារតីស្នេហាជាតិ របស់វីរយុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋយើង នៅគ្រប់ដំណាក់កាល នៃ ប្រវត្តិសាស្ត្រ គឺរួមចំណែកសំខាន់ ក្នុងកិច្ចការពារបូរណភាពទឹកដី ការកសាងសុខសន្តិភាព និងស្ថិរភាពសង្គម សម្រាប់ព្រះរាជាណាចក្រកម្ពុជា សំដៅធានាឱ្យមាន ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមដើម្បីជាឧត្តមប្រយោជន៍ សម្រាប់ជាតិមាតុភូមិ និងប្រជាជនកម្ពុជា ។

នេះបើយោងតាម ខ្លឹមសារ នៃសារលិខិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន សមាគម អតីតយុទ្ធជនកម្ពុជា ក្នុងឱកាសខួបលើកទី១៥ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២២ ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណផងដែរ ចំពោះកាកបាទក្រហមកម្ពុជា ដៃគូអភិវឌ្ឍ អង្គការ មិនមែនរដ្ឋាភិបាល និងសប្បុរសជនទាំងអស់ ដែលបានយកចិត្តទុកដាក់ ផ្តល់ជំនួយឧបត្ថម្ភគាំទ្រ ដល់បងប្អូន អតីតយុទ្ធជន និងក្រុមគ្រួសារ ក៏ដូចជាជនចាស់ជរា ជនពិការ ស្ត្រីមេម៉ាយ និងគ្រួសារយុទ្ធជនពលី មរណ: ដែលមានជីវភាពលំបាក សំដៅចូលរួមចំណែកលើកកម្ពស់ កម្រិតជីវភាព និងសុខុមាលភាព របស់បងប្អូន។

សម្តេចតេជោ បន្តថា ទឹកចិត្តនឹងកាយវិការដ៏សប្បុរសនេះ បានឆ្លុះបញ្ចាំង ឱ្យឃើញពីស្មារតី នៃការជួយគ្នាទៅវិញ ទៅមក នៅគ្រប់កាលៈទេសៈ គ្រប់ទីកន្លែង ក្នុងព្រះរាជាណាចក្រកម្ពុជា ។ ក្នុងឱកាសខួបលើកទី១៥ នៃទិវាអតីតយុទ្ធជនកម្ពុជានេះ សម្តេចសូមអំពាវនាវ បងប្អូនអតីតយុទ្ធជនកម្ពុជា សូមបន្តរក្សាស្មារតីវីរភាព ដ៏ឧត្តុងឧត្តម និងសេចក្ដីថ្លៃថ្នូរ ជាពលរដ្ឋឆ្នើម របស់ជាតិមាតុភូមិ ដើម្បីបន្តធ្វើជាគំរូល្អ ក្នុងសង្គមជាតិ ។ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាទូទាំងប្រទេស ពិតជាចងចាំជានិច្ចនូវការលះបង់ និងគុណបំណាច់ដ៏ធំធេង របស់បងប្អូនអតីតយុទ្ធជនគ្រប់រូប ចំពោះជាតិមាតុភូមិ ។

សម្តេចតេជោ បន្តទៀតថា គ្រប់ក្រសួង ស្ថាប័ន អង្គភាព និងអាជ្ញាធរដែនដីគ្រប់ថ្នាក់ ត្រូវរៀបចំគណៈប្រតិភូចុះសួរសុខទុក្ខបងប្អូន អតីតយុទ្ធជន តាមមូលដ្ឋាន និងយុទ្ធជន យុទ្ធនារី ជាពិសេសយុទ្ធជន យុទ្ធនារីក្នុងអង្គភាពកងកម្លាំងប្រដាប់អាវុធ សម្ព័ន្ធមេត្រីភាព យុទ្ធជន យុទ្ធនារី ដែលកំពុងសម្រាកព្យាបាល នៅតាមមន្ទីរពេទ្យ និងជនពិការ នៅតាមមណ្ឌលយោធិនពិការ ដើម្បីលើកទឹកចិត្ត និងផ្សារភ្ជាប់មនោសញ្ចេតនា ជាមួយអតីតយុទ្ធជន និងយុទ្ធជន យុទ្ធនារី ។ បន្ថែមពីនោះ ត្រូវបន្តអនុវត្តឱ្យបានល្អ និង មានប្រសិទ្ធភាពនូវ ការផ្ដល់ សេវារបបសន្តិសុខ សង្គមសម្រាប់ អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន តាមរយៈបេឡាជាតិ អតីតយុទ្ធជន នៅទូទាំងប្រទេស។ ម៉្យាងវិញទៀត ក្រសួងត្រូវខិតខំជំរុញ ការអនុវត្តន៍ គម្រោងសាងសង់ផ្ទះជូនអតីតយុទ្ធជន និង គ្រួសារដូចដែលបានបញ្ចូល ក្នុងផែនការ វិនិយោគសាធារណៈរបស់រាជ រដ្ឋាភិបាល ។

តាមរយៈវិទ្យុមិត្តភាពកម្ពុជាចិន លោកប៉ាល់ សុង ជាមន្ត្រីចូលនិវត្តន៍ម្នាក់ បានអរគុណចំពោះរាជរដ្ឋា ភិបាល ដែលតែងតែគិតគូរពីសុខទុក្ខ និងជីវភាព របស់អតីតយុទ្ធជន មន្ត្រីរាជការចូលនិវត្តន៍ តាមរយៈផ្តល់គោលនយោបាយផ្សេងៗ ជាពិសេសការខិតខំ តម្លាក់ប្រាក់សោធននិវត្តន៍ជាបន្តបន្តាប់ ។
សំឡេង៖ « ខ្ញុំមានអារម្មណ៍ សប្បាយរីករាយនៅពេលរាជរដ្ឋាភិបាល ដែលមាន សម្តេតេជោហ៊ុន សែនជានាយករដ្ឋមន្ត្រី ដែលលោកបាន យកចិត្តទុកដាក់ដល់អ្នកចូលនិវត្តន៍ ជាពិសេស ការតម្លើងប្រាក់បៀវត្សរ៍ រវាងអ្នកចូលនិវត្សរ៍មុន និងអ្នកចូលនិវិត្សរ៍ ក្រោយឱ្យបានប្រហាក់ប្រហែលគ្នា ដើម្បីលើកស្ទួយជីវភាព របស់នៅឱ្យបានល្អប្រសើរ ។ ចំពោះការបើកប្រាក់ខែវិញ មិនមានការយឺតយ៉ាងទេ » ។

លោកទឹម វន ប្រធានការិយាល័យស្រាវជ្រាវ និងអភិវឌ្ឍន៍ នៃមជ្ឈមណ្ឌលតំបន់អាស៊ីអាគ្នេយ៍ សម្រាប់ការអភិវឌ្ឍអប់រំ បច្ចេកទេស នៃក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់វិទ្យុមិត្តភាពកម្ពុជាចិនថា ក្នុងនាមលោកជាមន្ត្រីរាជការជំនាន់ក្រោយ ពិតជាអរគុណយ៉ាងខ្លាំង និងដឹងគុណ ជានិច្ចចំពោះវីរយុទ្ធជន យុទ្ធនារី កងកម្លាំង ប្រដាប់អាវុធ មន្ត្រីរាជការជំនាន់មុនៗ និងប្រជាពលរដ្ឋគ្រប់ស្រទាប់ ដែលបានពលីកម្ម យ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ ទើបមានដូចថ្ងៃនេះ ។

លោកបានយល់ឃើញថា យុទ្ធជនយុទ្ធនារី កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការជំនាន់មុនៗ ពិតជាស័ក្តិសម ក្នុងការយកជាគំរូ សម្រាប់ការសិក្សា រៀនសូត្រដកស្រង់បទ ពិសោធន៍ពីពួកគាត់ ក្នុងការយកមកបន្តកសាង អភិវឌ្ឍន៍សង្គមជាតិ កាន់តែរីកចម្រើនថែមទៀត។
លោកបានជំរុញលើកទឹកចិត្ត ដល់ភាគគីពាក់ព័ន្ធបន្តផ្តល់ អាទិភាពយកចិត្តទុកដាក់ លើផ្នែកសុខភាព ជីវភាព និងការផ្តល់សេវាសាធារណៈផ្សេងៗ ជូនដល់និវត្តន៍ជន ដើម្បីជាការលើកទឹកចិត្ត ។

ជាមួយគ្នានេះ សមាជិក ក្រុមគ្រូសារ របស់យុទ្ធជន យុទ្ធនារី ចាស់ជរា និងមន្ត្រី ជាការចាស់ៗទាំងអស់ គប្បីថែរក្សាសុខាភាព ផ្លូវកាយ ផ្លូវចិត្តរបស់ពួកគាត់ និងបំពេញតម្រូវការពួកគាត់ ឱ្យបានច្រើនព្រោះថា មនុស្សចាស់ងាយ នឹងបាក់ទឹកចិត្តបើយើង មិនបានគិតគូរបានល្អ ។
សំឡេង៖«ខ្ញុំគាំទ្រគោលនយោបាយ របស់រាជរដ្ឋាភិបាល ពេញទំហឹងដែលបាន គិតគូលើកតម្កើន ជីវភាពរបស់មន្ត្រីចាស់ៗ ចូលនិវត្តន៍ ។ ខ្ញុំក៏សុំឱ្យភាគីពាក់ព័ន្ធ ជួយលើកទឹកចិត្ត ដល់ពួកគាត់ឱ្យបាន បន្តចូលរួមកិច្ចការ សង្គមបន្ថែមទៀត ដូចជាមន្ត្រីជាប់ កិច្ចសន្យា មន្ត្រីបណ្តែត ឬទីប្រឹក្សា ក្រសួងស្ថាប័ន ផ្សែង ដែលពួកគាត់ធ្លាប់ធ្វើការ បើសិនគាត់នៅមានសុខភាព កាយសម្បទាអាចបំពេញការងារបាន ។ បើពួកគាត់គាត់មានកូន គួរតែផ្តល់អាហារូបករណ៍ ឱ្យកូនរបស់គាត់បានរៀន ខ្ពស់ជាដើម» ។
យោងតាមសារលិខិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានឱ្យដឹងថា បច្ចុប្បន្ននេះ អតីតយុទ្ធជនចំនួន១០៣ ៧៩៧នាក់ ព្រមទាំងអ្នកនៅ ក្នុងបន្ទុកចំនួន ១៥០ ៥៣៩នាក់ កំពុងទទួលប្រាក់របបសន្តិសុខ សង្គមប្រចាំខែពីរដ្ឋ ។ គិតចាប់ពីខែមេសា ឆ្នាំ២០២០ មករាជរដ្ឋាភិបាលបាន ដំឡើងប្រាក់របបសន្តិសុខសង្គម ប្រចាំខែជូននិវត្តជន ជនបាត់បង់សមត្ថភាពការងារ និងជនពិការ ចាប់ពី ៥៦ម៉ឺនរៀល ដល់៦២ម៉ឺនរៀល និង ត្រូវបន្ថែមឱ្យ ដល់ត្រឹម ៦៤ម៉ឺនរៀល ក្នុងមួយខែ។ ក្នុងឆ្នាំ២០២២នេះ រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំដំឡើង ប្រាក់សោធន៍និវត្ត ដល់អតីតយុទ្ធជន និងនិវត្តជនផងដែរ។ រាជរដ្ឋាភិបាល ក៏បានផ្តល់ប្រាក់ឧបត្ថម្ភ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណី ជាតិ ខ្មែរ បុណ្យភ្ជុំបិណ្ឌ ចំនួន៥ម៉ឺនរៀល ជូនដល់និវត្តជន ជនបាត់បង់សមត្ថភាព ការងារ ជនពិការ និងគ្រួសារអតីតយុទ្ធជន។

សម្តេចតេជោ ហ៊ុន សែនបានបញ្ជាក់ថា អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ត្រូវបានធ្វើបច្ចុប្បន្នភាព និងគ្រប់គ្រងតាមប្រព័ន្ធទិន្នន័យព័ត៌មានវិទ្យា ដើម្បីធានាបាននូវប្រសិទ្ធភាព និងសុវត្ថិភាពក្នុងការបើករបបសន្តិសុខ សង្គមប្រចាំខែ ដែលកំពុងអនុវត្តជាមួយ ធនាគារដៃគូ នៅទូទាំង២៥ រាជធានី ខេត្ត និងបើកប្រាក់របបសន្តិសុខសង្គមរៀងរាល់ពីរសប្តាហ៍ម្តងក្នុងខែនីមួយៗ ដែលត្រូវបានដាក់ ឱ្យអនុវត្តចាប់ពីខែមករា ឆ្នាំ២០១៩ មកម្ល៉េះ។ រាជរដ្ឋាភិបាល បានផ្តល់ប័ណ្ណថែទាំសុខភាព (បស.ស) ជូនជនពិការ និវត្តជន និងជនបាត់បង់ សមត្ថភាពការងារ និងប័ណ្ណមូលនិធិសមធម៌សុខាភិបាលជូន អ្នកកាន់សៀវភៅ របស់គ្រួសារជនពលី និងគ្រួសារជនមរណៈ ជាអតីតយុទ្ធជន ដើម្បីទៅពិនិត្យ និងព្យាបាលជំងឺ នៅតាមមន្ទីរពេទ្យ ដែលបានចុះកិច្ចសន្យា ជាមួយ(ប.ស.ស.) ដោយមិនបង់ប្រាក់ ។

រាជរដ្ឋាភិបាលបានដាក់ចេញ និងអនុវត្តគោលនយោបាយ ស្តីពីការផ្តល់សម្បទានដីសង្គមកិច្ច ដល់អតីតយុទ្ធជន និង គ្រួសារអតីតយុទ្ធជន ដោយបានកសាងភូមិអភិវឌ្ឍន៍យោធិនពិការ នៅតាកែនកោះស្ល ស្រុកឈូក ខេត្តកំពត មណ្ឌលអភិវឌ្ឍន៍ យោធិនពិការ ៣១៧ នៅស្រុកគូលែន ខេត្តសៀមរាប និងមណ្ឌលអភិវឌ្ឍន៍ យោធិនពិការ ៣១៧ តេជោភ្នំឆ័ត្រ ខេត្តបន្ទាយមានជ័យ។ សមាគមអតីតយុទ្ធជនកម្ពុជា និងសប្បុរសជននានា បានកសាងផ្ទះរាប់ពាន់ខ្នង ជូនបងប្អូនអតីតយុទ្ធជន នៅតាមបណ្តាសហគមន៍ផងដែរ ។

សរុបសេចក្តីមកការការគាំទ្រ ផ្នែកសង្គមពីរាជរដ្ឋាភិបាល តាមរយៈការផ្តល់ប្រាក់ឧបត្ថម ការដំឡើងប្រាក់បៀវត្ស ដល់មន្ត្រីរជាការចូលនិវត្តន៍ និងការមើលថែពីសំណាក់ក្រុមគ្រួសារ គឺពិតជាមានសារៈសំខាន់ណាស់ សម្រាប់មនុស្សចាស់គ្រប់រូប ធ្វើឱ្យពួកគាត់មានភាពកក់ក្តៅ មិនឯកា មានអារម្មណ៍សប្បាយចិត្តរស់ បានអាយុវែង ។ មិនត្រឹមតែប៉ុណ្ណោះទេ ការគិតគូរដល់មន្ត្រីចូលនិវត្តន៍នេះ មិនត្រឹមតែជាការផ្តល់កម្លាំង ចិត្តដល់ពួកគាត់ ដែលមានវ័យចាសនោះទេ តែក៏បានផ្តល់កម្លាំងចិត្ត ដល់មន្ត្រីរាជការជំនាន់ ក្រោយ ដែលនឹងចូលនិវត្តន៍ នៅថ្ងៃអនាគតរិត តែខិតធ្វើការបម្រើជាតិមាតុភូមិ អស់ពីកម្លាំងកាយចិត្ត ដោយមិនព្រួយបារម្ភ ពីបញ្ហាជីវភាព ពេលចូលនិវត្តន៍ នៅថ្ងៃមុខផងដែរ៕

To Top