ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងថា ភាពមិនត្រឹមត្រូវនៃការអនុវត្តគោលនយោបាយ កន្លងមកនៅកម្ពុជា គឺដោយសារកំហុសរបស់មេដឹកនាំមុនៗ ជាពិសេសមេដឹកនាំរបបប្រល័យពូជសាសន៍ បានហាមឃាត់ការប្រតិបត្តិខាងសាសនា និងគ្រប់សាសនា។
នាឱកាសជួបពិភាក្សាការងារជាមួយ លោក Muhammad bin Abdul Karim Issa អគ្គលេខាធិការនៃ អង្គការសម្ព័ន្ធពិភពឥស្លាម នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ សម្ដេច ស ខេង បានឲ្យដឹងថា នៅកម្ពុជា ការប្រតិបត្តិសាសនាឥស្លាម របស់ពលរដ្ឋកំពុងតែមានភាពរស់រវើក ពិសេសនៅក្រោយរបបប្រល័យពូជសាសន៍ និងដោយសារមានការគាំទ្រពីរាជរដ្ឋាភិបាល។
សម្ដេចគូសបញ្ជាក់ថា «ភាពមិនត្រឹមត្រូវនៃ ការអនុវត្តគោលនយោបាយនេះ កន្លងមកនៅកម្ពុជា គឺដោយសារកំហុសរបស់មេដឹកនាំមុនៗ ជាពិសេសមេដឹកនាំរបបប្រល័យពូជសាសន៍ ដែលបានហាមឃាត់ ការប្រតិបត្តិខាងសាសនា គ្រប់សាសនា ដែលកំហុសនេះ ធ្វើឲ្យថ្នាក់ដឹកនាំជំនាន់ក្រោយ ត្រូវតែចៀសវាងជាដាច់ខាត»។
សម្ដេចបន្ថែមទៀតថា ជាក់ស្ដែងរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលនយោបាយ ដាក់បញ្ចូលពលរដ្ឋដែលប្រតិបត្តិសាសនាឥស្លាម ចូលក្នុងការងាររដ្ឋបាលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងបានប្រគល់ភារកិច្ចនេះជូន លោកទេសរដ្ឋមន្រ្តី អូស្មាន់ ហាសាន់ ដើម្បីរៀបចំសមាសភាពមន្រ្តីខ្មែរឥស្លាម ក្នុងមុខតំណែងគណៈអភិបាល នៅរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
នាឱកាសនោះដែរ លោក Muhammad bin Abdul Karim Issa បានលើកឡើងថា កម្ពុជា ជាប្រទេសមានសុខដុមផ្នែកសាសនា មានការអត់ឱនឲ្យគ្នា និងមានការគោរពស្រលាញ់គ្នាទៅវិញទៅមក រួមទាំងសុខសន្តិភាពទៀតផង៕