បរទេស៖ នៅក្នុងសន្នសិទសារព័ត៌មានមួយ កាលពីថ្ងៃពុធម្សិលមិញនេះ ក្រសួងការពារជាតិនៃប្រទេសរុស្សី បានធ្វើការអះអាងថាការ វាយប្រហារចុងក្រោយមួយ ដែលបានធ្វើឡើងទៅលើផែ Nikolaev របស់ប្រទេសអ៊ុយក្រែនកន្លងមកនេះរុស្សី បានសម្លាប់យោធាអ៊ុយក្រែន មួយកងពលតូចទាំងអស់ដែលមានចំនួន ៥០០នាក់។
យោធាអ៊ុយក្រែន ដែលស្ថិតនៅក្រោមកងពលតូច Machanized Brigade ទី៥៩ គឺជាអ្នកការពារទីតាំង រោងចក្រដែលស្ថិតនៅភាគខាងត្បូង នៃទីក្រុងមួយរបស់អ៊ុយក្រែន ចំងាយប្រមាណជា ៦០គីឡូម៉ែត្រ ពីសមុទ្រខ្មៅ។
ក្រសួងការពារជាតិដដែល ក៏បានបញ្ជាក់ដែរថា កងកម្លាំងទ័ពអាកាសរបស់រុស្សី បានបើកការវាយប្រហារពីខាងលើ បំផ្លាញទីតាំងសម្លាប់យោធាអ៊ុយក្រែន ព្រមទាំងធ្វើឲ្យខូចខាតនូវអាវុធ និងរថយន្តយោធាជាច្រើនរបស់ អ៊ុយក្រែនផងដែរ ។
ចំណែកខាងភាគីអ៊ុយក្រែនវិញ បានអះអាងថា រុស្សីបានប្រើប្រាស់មីស៊ីលជាច្រើន គ្រាប់តម្រង់ទីតាំងរោងចក្រ Nikoaev ហើយបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ របស់ផែផងអគារឧស្សាហកម្មផង និងប្រព័ន្ធផ្គត់ផ្គង់អគ្គិសនី ព្រមទាំងរថយន្តធំៗមួយចំនួនផងដែរ ៕
ប្រែសម្រួល៖ ស៊ុន លី