ភ្នំពេញ ៖ បុរសជាប់ចោទ សង្ស័យជាមេខ្លោងជួញដូរគ្រឿងញៀនម្នាក់ កាលពីថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០២២ ត្រូវបាន សាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រម ផ្តន្ទាទោស ដាក់ពន្ធនាគារ កំណត់ ២៥ ឆ្នាំ និង ពិនិយជាប្រាក់ ចំនួន ៥០ លានរៀល ដាក់ចូលក្នុងថវិកាជាតិ ជាប់ពាក់ព័ន្ធនឹងការ ដឹកជញ្ជូន និង ជួញដូរគ្រឿងញៀន ជាង ១២០ ក្រាម ប្រព្រឹត្តកាលពីឆ្នាំ ២០២០ នៅក្នុងបន្ទប់ ២០៥ អាផាត់មិនវិមាឯករាជ្យ ផ្លូវ១២៤ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ។
យោងតាមដីការបស់ ចៅក្រមជំនុំជម្រះ នៃ សាលាដំបូងរាជធានីភ្នំពេញបានឱ្យដឹងថា ជនជាប់ចោទមានឈ្មោះ CHEN KEXI ភេទប្រុស ជនជាតិចិន កើត១៩៨១ កាន់លិខិតឆ្លងដែនលេខ EB2396631 ស្នាក់នៅក្នុងបន្ទប់ ២០៥ អាផាត់មិនវិមាឯករាជ្យ ផ្លូវ១២៤ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ។
ជនជាប់ចោទ ឈ្មោះ CHEN KEZI ត្រូវបានតំណាងអយ្យចោទប្រកាន់ពីបទ : ដឹកជញ្ជូន និង ជួញដូរគ្រឿងញៀន ដោយខុសច្បាប់ នូវ សារធាតុញៀន តាមមាត្រា ៤០ ស្តីពីច្បាប់ការគ្រប់គ្រងគ្រឿងញៀន។
ជនជាប់ចោទ CHEN KEXI ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងបន្ទប់ ២០៥ អាផាត់មិនវិមាឯករាជ្យ ផ្លូវ១២៤ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ។
សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន រឹបអូសបានថ្នាំញៀន ប្រភេទមេតំហ្វីតាមីន ទម្ងន់ ១២០.២៧ក្រាម ដោយលាក់បង្កប់ក្នុងចម្លាក់ឈើ រូបដំរីចំនួន២ និងដំបងឈើ ២កំណាត់ ៣គូ៕
ដោយ: លីហ្សា