ព័ត៌មានជាតិ

អ្នកនាំពាក្យទូតអាមេរិក ៖ លោក Robert William Forden មុនក្លាយជាឯកអគ្គរដ្ឋ ទូតអាមេរិក ប្រចាំកម្ពុជា ត្រូវបញ្ជាក់ពីព្រឹទ្ធសភា អាមេរិកជាមុន (Video)

ភ្នំពេញ ៖ លោក Robert William Forden បច្ចុប្បន្នជាទីប្រឹក្សាជាន់ខ្ពស់ នៅការិយាល័យកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិកនៃក្រសួងការបរទេស ត្រូវបានជ្រើសរើសជាបេក្ខជន ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ជំនួសលោក Patrick Murphy នៅពេលឆាប់ខាងមុខនេះ ។ ប៉ុន្តែមុននឹងត្រូវតែងតាំងលោក ត្រូវបានបញ្ជាក់ ពីសមាជិកនៃព្រឹទ្ធសភាអាមេរិក ជាមុនសិន ។ នេះបើតាមឲ្យដឹងពីកញ្ញា Stephanie Arzate អ្នកនាំពាក្យស្ថានទូតអាមេរិក។

អ្នកនាំពាក្យស្ថានទូតអាមេរិក កញ្ញា Stephanie Arzate បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃ២៤ មិថុនាថា “លោក Robert William Forden មិនខុសពីបណ្តាទូតមុនៗនោះទេ គឺមុនក្លាយជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ត្រូវបញ្ជាក់ពីព្រឹទ្ធសភាអាមេរិកជាមុនសិន”។

ចំពោះការប្រកាសចូលកាន់តំណែងជាផ្លូវការ នឹងអាចធ្វើឡើងនៅថ្ងៃណាដែរនោះ កញ្ញាអ្នកនាំពាក្យ មិនអាចបញ្ជាក់ពីពេលវេលាច្បាស់លាស់នៅឡើយទេ ដោយឲ្យបង្វែសំណួរសួរទៅខាងព្រឹទ្ធសភាអាមេរិកវិញ។

កញ្ញាថា សម្រាប់លោក Patrick Murphy នឹងនៅតែបន្តជាឯកអគ្គរដ្ឋទូតកម្ពុជាបច្ចុប្បន្នដដែល ទាល់តែចប់អាណត្តិ ទើបលោកត្រឡប់វិលទៅប្រទេសកំណើតវិញ ។ លោក Patrick Murphy​ បានចូលកាន់តំណែង ជាទូតប្រចាំកម្ពុជា កាលពីខែកញ្ញា ឆ្នាំ២០១៩ ។

គួរឲ្យដឹងថា កាលពីថ្ងៃ២២ មិថុនា ខាងសេតវិអាមេរិករបស់ រជ្ជកាលលោកប្រធានាធិបតី ចូ បៃឌិន បានប្រកាសថា នឹងមានគម្រោងតែងតាំងលោក Robert William Forden ជាបេក្ខជនឯកអគ្គរដ្ឋទូតថ្មីប្រចាំកម្ពុជា ជំនួសលោក Patrick Murphy ដែលនឹងត្រូវចប់អាណត្តិ នាពេលឆាប់ៗខាងមុខ ។

លោក Robert William Forden ធ្លាប់ធ្វើជាភារធារី និងអនុប្រធានបេសកកម្មនៃស្ថានទូតអាមេរិកនៅទីក្រុងប៉េកាំង ប្រទេសចិន បន្តមកជាទីប្រឹក្សាសេដ្ឋកិច្ចនៃស្ថានទូតអាមេរិកនៅទីក្រុង តែល អាវីវ ប្រទេសអ៊ីស្រាអែល ។ ក្រោយមកទៀត លោកក៏ធ្លាប់បម្រើការជាមន្ត្រីសេដ្ឋកិច្ច នៅស្ថានទូតអាមេរិក ប្រចាំទីក្រុងហាណូយ ប្រទេសវៀតណាមផងដែរ ៕

To Top