ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានណែនាំឲ្យប្អូនៗ និងក្មួយៗ យកដំណឹងមរណភាព សម្ដេចទេពញាណ ហ៊ុន ណេង ជម្រាបដល់លោក ហ៊ុន សាន ហើយពេលទទួលដំណឹងនេះ ភ្លាមលោកស្រាប់តែស្រឡាំងកាំង និងពោលពាក្យដដែលៗថា «ហេតុអីមិនប្រាប់គាត់» ។
តាមរយៈបណ្ដាញ សង្គមហ្វេសប៊ុក នៅថ្ងៃទី២៤ មិថុនា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ដោយសុខភាពបងប្រុសទីមួយ បានប្រសើរព្រមទាំង ពេលវេលាក៏សមស្រប ខ្ញុំបានណែនាំប្អូនៗ និងក្មួយៗយកដំណឹងអំពីមរណភាព បងប្រុសទីពីរជម្រាបគាត់។ ប្រតិកម្មដំបូងក្រោយទទួលព័ត៌មានថា ប្អូនស្លាប់គឺភាពស្រឡាំងកាំង ការញ័រដៃភ្នែកឡើងក្រហម និងពោលពាក្យដដែលៗថា ហេតុអីមិនប្រាប់គាត់» ។
សម្ដេចតេជោ បន្តថា «ក្រោយការពន្យល់របស់ប្អូនៗ និងក្មួយៗគាត់យល់តែអ្វីដែលបារម្មណ៍ គឺក្រោយពេលប្អូនៗ និងក្មួយៗ ចេញផុតមកគាត់អង្គុយយំ និងពិសារគុយទាវតែ ២ម៉ាត់គត់។ គាត់បាននិយាយថា ប្អូនគាត់មិនមានជំងឺអ្វីសោះ និងបន្តនិយាយថាហេតុអីមិនប្រាប់គាត់ ។ ខ្ញុំកំពុងឱយក្មួយៗតាមដាន និងលួចថតរូបគាត់ផ្ញើមកខ្ញុំ ។ គាត់ពិតជាពិបាកទទួលយក នូវរឿងបែបនេះណាស់ព្រោះនេះជា ការវាយប្រហារខាង ផ្លូវចិត្តខ្លាំងបំផុត សម្រាប់គាត់» ។
សូមរំលឹកថា សម្ដេចទេពញាណ ហ៊ុន ណេង សមាជិកអចិន្ត្រៃយ៍រដ្ឋសភា និងជាអ្នកតំណាងរាស្រ្ត មណ្ឌលខេត្តកំពង់ចាម និងត្រូវជាបង ប្រុសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានទទួលមរណភាព ដោយជំងឺបេះដូង កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ ក្នុងជន្មាយុ ៧៣ឆ្នាំ ៕