ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់៖ អ្នកការទូតកំពូលរបស់ សហភាពអឺរ៉ុប មកកាន់ទីក្រុងតេអេរ៉ង់ ដើម្បីពិភាក្សាពីការចរចានុយក្លេអ៊ែរ

តេអេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់ បានប្រកាសកាលពីថ្ងៃសុក្រថា ប្រធានគោលនយោបាយការបរទេស របស់សហភាពអឺរ៉ុបលោក Josep Borrell បានទៅដល់ទីក្រុងតេអេរ៉ង់ នៅយប់ថ្ងៃសុក្រ ដើម្បីពិភាក្សាអំពីស្ថានភាពចុងក្រោយ នៃកិច្ចចរចានុយក្លេអ៊ែរអន្តរជាតិ នេះបើយោងតាមទីភ្នាក់ងារ សារព័ត៌មានផ្លូវការ IRNA ។

លោក Saeed Khatibzadeh អ្នកនាំពាក្យរបស់ក្រសួងបានលើកឡើងថា “លោក Borrell នឹងជួបជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amir-Abdollahian និងមន្ត្រីកំពូលមួយចំនួនទៀត នៃសាធារណរដ្ឋអ៊ីស្លាម ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី បញ្ហាតំបន់ និងអន្តរជាតិមួយចំនួន ព្រមទាំងស្ថានភាពចុងក្រោយបង្អស់ នៃនុយក្លេអ៊ែរ និងការចរចាដើម្បីដកទណ្ឌកម្មចេញ។

នៅក្នុងសុន្ទរកថាទៅកាន់សន្និសីទ សារព័ត៌មានរួមជាមួយនឹង ការធ្វើទស្សនកិច្ចរបស់ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov កាលពីថ្ងៃព្រហស្បតិ៍ លោក Amir-Abdollahian បានសម្តែងក្តីសង្ឃឹមសម្រាប់ កិច្ចចរចានុយក្លេអ៊ែរនៅទីក្រុងវីយែន ដើម្បីបន្ត “នាពេលអនាគតដ៏ខ្លីខាងមុខនេះ” ដើម្បីជួយសង្គ្រោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពរួម (JCPOA) ។

លោកបានលើកឡើងថា “យើងបន្តនៅលើផ្លូវនៃការទូត ដែលជាផ្លូវត្រឹមត្រូវ ហើយជាថ្មីម្តងទៀតយើងអញ្ជើញ អាមេរិកឱ្យក្លាយជាការពិត” នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

ចាប់តាំងពីខែមេសាឆ្នាំ២០២១ ការចរចាចំនួនប្រាំបីត្រូវបានធ្វើឡើង នៅទីក្រុងវីយែនរវាងអ៊ីរ៉ង់និងភាគី JCPOA ដែលនៅសេសសល់ ដើម្បីស្តារកិច្ចព្រមព្រៀងឡើងវិញ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top