បរទេស ៖ ឯកអគ្គរដ្ឋទូតចិនប្រចាំ នៅប្រទេសបារាំង លោក Lu Shaye បាននិយាយថា ទីក្រុងប៉េកាំង នឹងប្រើប្រាស់គ្រប់មធ្យោបាយ ដែលអាចធ្វើទៅបាន ដើម្បីគ្រប់គ្រងឡើងវិញ លើកោះតៃវ៉ាន់ រួមទាំងយោធាផងដែរ។
យោងតាមសារព័ត៌មានRT ចេញផ្សាយនៅថ្ងៃទី២៥ ខែ មិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Lu បានទទូចក្នុងអំឡុង ពេលសម្ភាសន៍របស់គាត់ កាលពីថ្ងៃព្រហស្បតិ៍ជាមួយប៉ុស្តិ៍ YouTube Livre Noir ថា “យើងមិនអាចទុកឱ្យកោះតៃវ៉ាន់ នៅឯករាជ្យបានទេ” ។
លោកបានចង្អុលបង្ហាញ ដោយក្លាយជាមន្ត្រីចិនម្នាក់ទៀត ដែលផ្តល់ការព្រមានបែបនេះថា “យើងនឹងដណ្តើមយកកោះតៃវ៉ាន់វិញ តាមគ្រប់មធ្យោបាយ រួមទាំងយោធាផងដែរ។ បើយើងមិនអាចបង្រួបបង្រួមជាតិ ដោយសន្តិវិធី តើយើងត្រូវធ្វើអ្វីទៀត?»។
ឯកអគ្គរដ្ឋទូតចិនរូបនេះ ក៏បានស្តីបន្ទោសអាមេរិក ចំពោះការបង្កភាពតានតឹង ជុំវិញទាំង កោះតៃវ៉ាន់ និងអ៊ុយក្រែន ដែលប្រតិបត្តិការយោធា របស់រុស្ស៊ីកំពុងបន្ត ។ លោកបានមានប្រសាសន៍ថា «អាមេរិក ចង់ចាប់ផ្តើមសង្គ្រាមពីរក្នុងពិភពលោក ៖ មួយនៅអឺរ៉ុប មួយទៀតនៅអាស៊ី៕
ប្រែសម្រួលៈ ណៃ តុលា