ភ្នំពេញ ៖ លោកស្រី Ayda Ünlü ឯកអគ្គរដ្ឋទូតតួកគីចប់អាណត្តិប្រចាំកម្ពុជា បានបញ្ជាក់ថា ឯកអគ្គរដ្ឋទូតថ្មី នឹងបន្តជំនួយសម្រាប់គម្រោងនានាដែលទាក់ទងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ លំនៅដ្ឋាន និងសាលារៀននៅក្នុងប្រទេសកម្ពុជា ។
លោកស្រីទូតតួកគីលើកឡើងបែបនេះ ក្នុងឱកាសចូលជួបសម្តែងការគួរសម និងជម្រាបលាលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេសខ្មែរ នាថ្ងៃទី២៧ មិថុនា ក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា ។
នាឱកាសនោះ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានវាយតម្លៃខ្ពស់ចំពោះការវិវត្ត ក្នុងទំនាក់ទំនងរវាងកម្ពុជា-តួកគី និងបានកោតសរសើរការរួមចំណែករបស់ លោកស្រី Ayda Ünlü ឯកអគ្គរដ្ឋទូតទួកគី ដល់ការរីកចំរើននៃទំនាក់ទំនងនេះ ។
ឯកអគ្គរាជទូត Ayda Ünlü បានសម្តែងសេចក្តីសោមនស្សរីករាយជាខ្លាំង ដែលបានចូលរួមចំណែកក្នុងការ ពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានរំលឹកអំពីដំណើរទស្សនកិច្ចផ្លូវការជាប្រវត្តិសាស្ត្រ និងប្រកបដោយជោគជ័យរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់តួកគី កាលពីខែតុលា ឆ្នាំ២០១៨ កន្លងទៅ ។ ដំណើរទស្សនកិច្ចនេះ បានកសាងមូលដ្ឋានគ្រឹះសម្រាប់ការពង្រីក និងពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានរំលឹកឡើងផងដែរអំពីដំណើរទស្សនកិច្ចផ្លូវការប្រកបដោយផ្លែផ្ការបស់ លោកទៅកាន់តួកគីកាលពីខែកុម្ភៈឆ្នាំនេះ និងបានកត់សម្គាល់ដោយការពេញចិត្ត ចំពោះការជួបជុំគ្នានាពេលនោះ រវាងសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ ដែលបានត្រួសត្រាយផ្លូវ សម្រាប់ការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី ក៏ដូចជាការសម្ពោធស្ថានឯកអគ្គរាជទូត កម្ពុជានៅទីនោះ ដើម្បីឆ្លើយតបទៅនឹង ការកើនឡើងនៃទំនាក់ទំនង។
ជាមួយគ្នានោះឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណដល់រដ្ឋាភិបាលតួកគី សម្រាប់ជំនួយអភិវឌ្ឍន៍ដែលបានផ្តល់ ដល់ប្រទេសកម្ពុជា រួមទាំងគម្រោងសាងសង់ លំនៅដ្ឋាននៅស្រុកស្អាង ខេត្តកណ្តាល ៕