DAP News

ព័ត៌មានជាតិ

WB៖ សេដ្ឋកិច្ចកម្ពុជា កំពុងមានកំណើនឡើងវិញ ប៉ុន្តែត្រូវទប់ទល់ នឹងវិបត្តិប្រេងឥន្ធនៈឡើងថ្លៃ (Video)

ភ្នំពេញ ៖ យោងតាមការព្យាករណ៍ចុងក្រោយ របស់ធនាគារពិភពលោក (WB) បានឲ្យដឹងថា សេដ្ឋកិច្ចរបស់កម្ពុជា នឹងទទួលបានកំណើន ៤.៥ភាគរយ ក្នុងឆ្នាំ២០២២ ប៉ុន្តែត្រូវទប់ទល់នឹងវិបត្តិប្រេងឥន្ធនៈឡើងថ្លៃ។

របាយការណ៍បច្ចុប្បន្នភាព ស្តីពីស្ថានភាពសេដ្ឋកិច្ចនៅកម្ពុជា ក្រោមចំណងជើង Weathering the Oil Price Shock ដែលចេញផ្សាយដោយធនាគារពិភពលោក ក្នុងខែមិថុនានេះ បង្ហាញថា ខណៈដែល សកម្មភាពសេដ្ឋកិច្ចក្នុងស្រុក និងការនាំចេញទំនិញទៅបរទេស កំពុងបន្តរើបឡើងវិញ ពីការធ្លាក់ចុះក្នុងសម័យ មានការរាតត្បាតជំងឺកូវីដ-១៩ កំណើននេះ មានសភាពមិនដូចគ្នា នៅតាមគ្រប់ផ្នែកទេ ដោយសារតែអតិផរណា ដែលបណ្តាលមកពីសង្គ្រាម នៅប្រទេសអ៊ុយក្រែន។

របាយការណ៍នេះ បង្ហាញថា នៅក្នុងឆមាសទីមួយ ឆ្នាំ២០២២ ការនាំចេញមានតម្លៃ ទឹកប្រាក់៤.៨ប៊ីលានដុល្លារអាមេរិក គឺកើន២៦ភាគរយ ធៀបទៅនឹង រយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ វិស័យប្រពៃណីដែលជំរុញកំណើន មានផ្នែកកាត់ដេរសម្លៀកបំពាក់, ទំនិញធ្វើដំណើរនិងស្បែកជើង នៅតែបន្តរីកទំហំ រីឯឧស្សាហកម្មផលិតថ្មីៗ ដូចជាផ្នែកផលិតបរិក្ខារអគ្គិសនី និងគ្រឿងបន្លាស់រថយន្តជាដើម កំពុងតែលេចរូបរាង ហើយការនាំចេញ ទៅសហរដ្ឋអាមរិក ក៏កំពុងតែស្ទុះឡើងវិញដែរ។

ថ្វីដ្បិតតែសេដ្ឋកិច្ច មានសន្ទុះខ្លាំងក៏ពិតមែន ដំណើរស្តារឡើងវិញបែរជាជួបសភាពយឺតយ៉ាវ ដោយសារតែការស្រុតចុះ នូវតម្រូវការលើទីផ្សារសកល។ ការឡើងថ្លៃឥតស្រាកស្រាន្ត នៃប្រេងឥន្ធនៈ និងស្បៀងអាហារ នៅលើទីផ្សារពិភពលោក កំពុងរុញអតិផរណា ឲ្យកាន់តែធំឡើង ហើយនៅកម្ពុជា គ្រួសារក្រីក្រនិងងាយរងគ្រោះ ដែលមិនសូវមានប្រាក់សន្សំ ទំនងជាត្រូវរងទម្ងន់នៃការលំបាកធ្ងន់ ជាងគេពីសំណាក់វិបត្តិប្រេងឡើងថ្លៃនេះ។ ឱនភាពបញ្ជីសារពើពន្ធ ត្រូវបានរំពឹងទុកថា នឹងកើនដល់៦.៣ភាគរយនៃផ.ស.ស ដោយសារតែរដ្ឋាភិបាលចាំបាច់ ត្រូវបន្តធ្វើការចំណាយ ទៅលើកម្មវិធីនានាដើម្បីជួយដល់ជនក្រីក្រ។

លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងការិយាល័យ ធនាគារពិភពលោកប្រចាំនៅកម្ពុជា បានថ្លែងថា យុទ្ធសាស្ត្រ «រស់នៅជាមួយកូវីដ-១៩» បានបង្កលក្ខណៈឲ្យសេដ្ឋកិច្ច មានដំណើរការ ឈានទៅស្តារស្ថានភាពឡើងវិញ។ ប៉ុន្តែផ្លូវទៅមុខទៀត នៅស្រពេចស្រពិលនៅឡើយ។

លោកស្រី ពោលបន្ថែមទៀតថា «ការឡើងថ្លៃប្រេងឥន្ធនៈ និងថ្លៃស្បៀងអាហារលើពិភពលោក ដោយសារតែសង្គ្រាម នៅប្រទេសអ៊ុយក្រែន កំពុងតែថែមទម្ងន់នៃការលំបាក ថែមទៀតទៅលើជនក្រីក្រ ហើយវាក៏នឹងធ្វើឲ្យ ការកាត់បន្ថយភាពក្រីក្រ ថមថយល្បឿនវិញដែរ។ កម្មវិធីផ្ទេរសាច់ប្រាក់របស់រដ្ឋាភិបាល ដែលកន្លងមកមានសារៈសំខាន់ណាស់ ក្នុងការជួយគ្រួសារក្រីក្រ ក្នុងការឆ្លងកាត់ការលំបាក ក្នុងពេលមានជំងឺរាតត្បាត នឹងចាំបាច់ត្រូវតែបន្តធ្វើតទៅទៀត»។

លោកស្រី បញ្ជាក់ថា នៅក្នុងដំណាក់កាលមធ្យម សេដ្ឋកិច្ចត្រូវបានរំពឹងថា នឹងមានកំណើនជាមធ្យម ៦ភាគរយក្នុងមួយឆ្នាំ ដោយសារអំណោយផល ពីច្បាប់វិនិយោគថ្មី អមដោយកិច្ចព្រមព្រៀង ពាណិជ្ជកម្មទ្វេភាគីនានា សម្រាប់ជួយជំរុញការវិនិយោគ និងការធ្វើពាណិជ្ជកម្ម ផង។ របាយការណ៍នេះ ផ្តល់អនុសាសន៍ គោលនយោបាយមួយចំនួន ដែលអាចជួយទ្រទ្រង់សកម្មភាព ស្តារសេដ្ឋកិច្ចឲ្យងើបឡើងវិញ៕

To Top