ព័ត៌មានជាតិ

ក្រសួងទេសចរណ៍ លើកទឹកចិត្ត ម្ចាស់ អាជីវកម្ម ទេសចរណ៍ ចូលរួមស្នើកម្ចីឥណទាន ពីគម្រោងសហហិរញ្ញប្បទានស្តារ

ភ្នំពេញ ៖ ក្រសួងទេសចរណ៍បានលើកទឹកចិត្ត ដល់សមាគមឧស្សាហកម្មទេសចរណ៍ និងម្ចាស់អាជីវកម្មទេសចរណ៍ទាំងអស់ ចូលរួមស្នើកម្ចីឥណទានពី គម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ មានទំហំទឹកប្រាក់ចំនួន ១៥០លានដុល្លារ។

យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងទេសចរណ៍ នាថ្ងៃទី១ កក្កដា បានបញ្ជាក់ថា «ម្ចាស់អាជីវកម្មទេសចរណ៍អាច ចាប់ផ្តើមស្នើសុំកម្ចីនៅតាម គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) ដែលជាដៃគូរបស់ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ក្នុងទំហំទឹកប្រាក់អតិបរមា ៤០០,០០០ដុល្លារអាមេរិក ឬសមមូលជាប្រាក់រៀល ក្នុងអត្រាការប្រាក់ទាបត្រឹមតែ៦.៥ភាគរយក្នុងមួយឆ្នាំ ដោយមានរយៈពេលឥណទានរហូតដល់ ៧ឆ្នាំ និងរយៈពេលអនុគ្រោះបង់ប្រាក់ដើមរហូតដល់ ១២ខែ»។

ក្រសួង បន្ថែមថា ម្ចាស់អាជីវកម្មទេសចរណ៍អាចស្នើសុំឥណទានក្នុងគោលបំណង ដូចជា ៖ ស្តារប្រតិបត្តិការអាជីវកម្មទេសចរណ៍ទ្បើងវិញ, ការពង្រីកខ្លួនបន្ថែម និងធ្វើពិពិធកម្មសេវាកម្មទេសចរណ៍ ដើម្បីត្រៀមខ្លួនទទួលភ្ញៀវទេសចរជាតិ-អន្តរជាតិ។

សូមរំលឹកថា កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ រាជរដ្ឋាភិបាល បានប្រកាសដាក់ឲ្យប្រើប្រាស់ នូវគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ ក្នុងទំហំទឹកប្រាក់សហហិរញ្ញប្បទានចំនួន ១៥០លានដុល្លារអាមេរិក ដោយចាប់ផ្តើមនីតិវិធីផ្តល់កម្ចីចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២តទៅ នៅតាមគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) ដែលជាដៃគូរបស់ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា៕

To Top