ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីស៊ីរី ចោទតួកគីពីបទឈ្លានពាន ខណៈអ៊ីរ៉ង់ព្យាយាម បន្ធូរបន្ថយភាពតានតឹង

ដាម៉ាស់៖ ប្រធានាធិបតីស៊ីរីលោក Bashar al-Assad បានចោទប្រកាន់មេដឹកនាំតួកគីថា បានប្រព្រឹត្តអំពើឈ្លានពានប្រឆាំងនឹងស៊ីរី សូម្បីតែតួកគីកំពុងរៀបចំផែនការវាយលុកថ្មី នៅភាគខាងជើងប្រទេសស៊ីរីក៏ដោយ។

ការកត់សម្គាល់របស់លោក បានធ្វើឡើងក្នុងជំនួបជាមួយ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian ដែលបានមកដល់ទីក្រុងដាម៉ាស់ ដើម្បីបន្ធូរបន្ថយភាពតានតឹង រវាងប្រទេសស៊ីរី និងតួកគី។

លេសដែលតួកគី ប្រើដើម្បីបង្ហាញពីភាពត្រឹមត្រូវ លើការឈ្លានពានរបស់ខ្លួន លើទឹកដីស៊ីរីគឺ “មិនពិតបំភ័ន្ត និងមិនមានអ្វីពាក់ព័ន្ធ នឹងការពិតឡើយ” នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកបានបន្ថែមថា ការប្រព្រឹត្តរបស់ប្រទេសតួកគី បានរំលោភលើច្បាប់ និងគោលការណ៍អន្តរជាតិ រួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិផងដែរ។

ប្រទេសស៊ីរីបានច្រានចោល ម្តងហើយម្តងទៀតនូវផែនការរបស់តួកគី ក្នុងការដាក់តំបន់ការពារនៅតាមបណ្តោយព្រំដែនតួកគី នៅភាគខាងជើងប្រទេសស៊ីរី។

មកទល់ពេលនេះ ប្រទេសទួរគីបានធ្វើប្រតិបត្តិការយោធា ជាច្រើនប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធឃឺដ នៅភាគខាងជើងប្រទេសស៊ីរី ដោយចោទប្រកាន់ពួកគេថា មានទំនាក់ទំនងជាមួយក្រុមបំបែកខ្លួន ជនជាតិឃឺដនៅក្នុងប្រទេសតួកគី ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top