ម៉ូស្គូ៖ រុស្ស៊ី បញ្ជាក់ហើយថា ខ្លួនគ្មានទំនុកចិត្ដលើអាមេរិក និងសហភាពអឺរ៉ុបទៀតនោះទេ ខាងក្រោមនេះ គឺជាការវិវឌ្ឍ ចុងក្រោយបង្អស់ ក្នុងវិបត្តិអ៊ុយក្រែន៖
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានលើកឡើងថា រុស្ស៊ីនឹងលែងជឿទុកចិត្ត លើសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប (EU) ទៀតហើយ។
លោក Lavrov បានធ្វើការកត់សម្គាល់នៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃព្រហស្បតិ៍ជាមួយប្រធានាធិបតីបេឡារុស្សលោក Alexander Lukashenko និងរដ្ឋមន្ត្រីការបរទេសបេឡារុសលោក Vladimir Makei នៅទីក្រុង Minsk ដោយកត់សម្គាល់ថា ប្រទេសរុស្ស៊ី បាននិងកំពុងចាត់វិធានការទាំងអស់ ដើម្បីកាត់បន្ថយការពឹងផ្អែកលើលោកខាងលិចនៅក្នុងតំបន់សំខាន់ៗ។
លោក Lavrov បានលើកឡើងថា រុស្ស៊ីមិនបិទទ្វារ សម្រាប់ការបន្តទំនាក់ទំនងជាមួយលោកខាងលិចជារៀងរហូតនោះទេ ដោយលោក Lavrov បានបន្ដថា ប្រសិនបើការសន្ទនាត្រូវបានបន្ត វានឹងធ្វើឡើងដោយឈរលើមូលដ្ឋានសមភាព និងតុល្យភាពនៃផលប្រយោជន៍របស់អ្នកចូលរួមទាំងអស់។
សេវាសារព័ត៌មានប្រធានាធិបតីបានឲ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានជួបជាមួយនាយករដ្ឋមន្រ្តីន័រវេស Jonas Gahr Store កាលពីថ្ងៃសុក្រ ដើម្បីពិភាក្សាអំពីការគាំទ្របន្ថែមទៀត សម្រាប់ទីក្រុងគៀវ។
ក្នុងអំឡុងពេលកិច្ចពិភាក្សា លោក Zelensky បានថ្លែងអំណរគុណដល់លោក Store សម្រាប់ការគាំទ្រផ្នែកការពារ នយោបាយ និងមនុស្សធម៌ និងសម្រាប់ការសម្រេចចិត្តក្នុងការបែងចែកប្រាក់ចំនួន ១ពាន់លានអឺរ៉ូសម្រាប់អ៊ុយក្រែន។
ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានឲ្យដឹងកាលពីថ្ងៃសុក្រថា ការដេញថ្លៃរបស់អ៊ុយក្រែនក្នុងការចូលរួមជាមួយសហភាពអឺរ៉ុបគឺ “អាចឈានដល់” ប៉ុន្តែតម្រូវឱ្យមាន “ការខិតខំប្រឹងប្រែង ការប្តេជ្ញាចិត្ត និងលើសពីការរួបរួមនៃគោលបំណង” ។
ថ្លែងទៅកាន់សភាអ៊ុយក្រែន តាមរយៈតំណភ្ជាប់វីដេអូ លោកស្រីបានលើកឡើងថា ផ្លូវឆ្ពោះទៅកាន់សមាជិកភាពសហភាពអឺរ៉ុប ទាមទារឱ្យមានកំណែទម្រង់ក្នុងវិស័យជាច្រើន រួមទាំងការដោះស្រាយអំពើពុករលួយផងដែរ។ លោកស្រីក៏បានកត់សម្គាល់ផងដែរអំពីជំហានដែលអ៊ុយក្រែនបានអនុវត្តក្នុងទិសដៅនេះរួចហើយ។
លោកស្រីបានបន្ថែមថា “អ្នកបានបង្កើតម៉ាស៊ីនប្រឆាំងអំពើពុករលួយដ៏គួរឱ្យចាប់អារម្មណ៍ ប៉ុន្តែឥឡូវនេះ ស្ថាប័នទាំងនេះត្រូវការភាពរឹងមាំ ហើយមនុស្សត្រឹមត្រូវនៅក្នុងតំណែងជាន់ខ្ពស់”៕
ប្រែសម្រួល ឈូក បូរ៉ា