កំពង់ចាម៖ ក្នុងពិធីប្រកាសសុពលភាព ក្រុមប្រឹក្សាសង្កាត់សំបួរមាស ក្រុងកំពង់ចាម អាណត្ដិទី៥ នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២នេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានប្រាប់ឱ្យតួអង្គសំខាន់ចំនួន៥ នៅក្នុងមូលដ្ឋាន ខិតខំយកចិត្តទុកដាក់ អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ក្នុងការបម្រើសេវា សាធារណៈនានា ប្រកបដោយប្រសិទ្ធភាព ជូនប្រជាពលរដ្ឋរបស់ខ្លួន។
លោកអភិបាលខេត្ត មានប្រសាសន៍ថា ការផ្តល់សេវាសាធារណៈ លើគ្រប់វិស័យជូនប្រជាពលរដ្ឋ គឺជាតួនាទី និងការទទួលខុសត្រូវដ៏សំខាន់មួយ ក្នុងចំណោមតួនាទី និងការទទួលខុសត្រូវសំខាន់ៗនានា របស់រដ្ឋបាលឃុំ សង្កាត់នីមួយៗ ដើម្បីឆ្លើយតប និងដោះស្រាយនូវសំណើ សំណូមពរ និងតម្រូវការចាំបាច់នានា ជូនប្រជាពលរដ្ឋ។
ដើម្បីធានាបាននូវការផ្ដល់សេវានានា ក្នុងមូលដ្ឋាន បញ្ហាគន្លឹះសំខាន់គឺការបំពេញតួនាទី ភារកិច្ចរបស់តួអង្គស្នូលចំនួន ៥ គឺ៖ ទី១ មេឃុំ ចៅសង្កាត់, ទី២ ស្មៀនឃុំ សង្កាត់, ទី៣ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់, ទី៤ មណ្ឌលសុខភាព ឬប៉ុស្តិ៍សុខភាព, ទី៥ មេភូមិ ។ ដូច្នេះ សូមឱ្យតួអង្គទាំង ៥ខាងលើនេះ ខិតខំយកចិត្តទុកដាក់អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ក្នុងផ្តល់សេវាសាធារណៈនានា ជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានរបស់ខ្លួន ឱ្យបានល្អប្រសើរ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងកែលម្អឥរិយាបថ ក្នុងការប្រាស្រ័យទាក់ទង ជាមួយប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ដោយមិនត្រូវមានការរើសអើង ការបែងចែកបក្សពួក គ្រួសារនិយម និងនិន្នាការនយោបាយឡើយ ។
សូមបញ្ជាក់ថា អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នឹងបន្តអញ្ជើញប្រកាសសុពលភាព ក្រុមប្រឹក្សាសង្កាត់វាលវង់ ក្រុងកំពង់ចាម អាណត្តិទី៥ នេះផងដែរ នៅរសៀល ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២នេះ ៕