ព័ត៌មានជាតិ

សម្ដេចតេជោ ៖ ខ្ញុំជាជនពិការម្នាក់ ក៏មានលទ្ធភាព អាចធ្វើជានាយករដ្ឋមន្ដ្រី

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សម្ដេចជាជនពិការម្នាក់ ហើយក៏មានលទ្ធភាពអាចធ្វើជានាយករដ្ឋមន្ដ្រី មិនមែនជានាយករដ្ឋមន្ដ្រី ត្រឹមតែឆក់កណ្តៀតនោះទេ គឺជិត៤ទស្សវត្ស រួចស្រេចទៅហើយ។

ក្នុងពិធីជួបសំណេះសំណាល ក៏ដូចជា ផ្តល់ដំបូន្មានមួយចំនួនជូនដល់គណៈប្រតិភូកីឡា អាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) មុននឹងពួកគេចេញទៅប្រកួតកីឡាពិការអាស៊ាន ឬអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ សម្ដេចតេជោ មានប្រសាសន៍ថា «ខ្ញុំ ជាជនពិការម្នាក់ ជនពិការក៏មានលទ្ធភាព អាចធ្វើជានាយករដ្ឋមន្ដ្រី ហើយក៏មិនមែនជានាយករដ្ឋមន្ដ្រី ត្រឹមតែឆក់កណ្តៀតកន្លះឆ្នាំ ម៉ាឆ្នាំ ឬពីរឆ្នាំនោះទេ ក៏ប៉ុន្ដែជិតបួនទស្សវត្សរួចស្រេចទៅហើយ»។

សម្ដេចតេជោបន្ដថា ភាគីពាក់ព័ន្ធ ត្រូវលើកទឹកចិត្ត សម្រាប់ការចូលរួមនានា ព្រមទាំងផ្ដល់ក្ដីសង្ឃឹម សម្រាប់ជនពិការរបស់កម្ពុជា គឺជាការចាំបាច់បំផុត។ លើសពីនេះទៀត ត្រូវបន្ដការខិតខំបន្ថែមទៀត ដើម្បីលើកស្ទួយដល់ជនពិការផងដែរ។

ជាមួយគ្នានេះដែរ សម្ដេចតេជោក៏បានណែនាំដល់កីឡាទាំងអស់ មិនត្រូវប្រើប្រាស់សារធាតុញៀន ដែលហាមឃាត់ក្នុងការប្រកួតកីឡា ពិតជាមានការប៉ះពាល់ដល់មុខមាត់ប្រទេសជាតិណាស់។

សម្តេចតេជោ ក៏បានយល់ព្រមឲ្យមានយន្តហោះពិសេសដឹកជញ្ជួនកីឡាករ កីឡាការិនីជនពិការទាំងទៅទាំងមក ពីការប្រកួតអាស៊ានប៉ារ៉ាហ្គេម ២០២២ ទៅប្រទេសឥណ្ឌូនេស៊ី ដើម្បីសម្រួលដល់ការធ្វើដំណើរកីឡាករ និងកាត់បន្ថយការហានិភ័យផ្សេងៗ ៕

To Top