បរទេស៖ ក្រសួងការបរទេសចិន បានអះអាងថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ដែលជាអង្គការណាតូរបស់ខ្លួន បានបំផ្លាញសន្តិភាពពិភពលោក ដោយការបង្កជម្លោះ និងចាប់ផ្តើមសង្គ្រាម ដោយបម្រើផលប្រយោជន៍ អាត្មានិយមរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការលះបង់ ទៅលើស៊ីវិលស្លូតត្រង់ នៅជុំវិញពិភពលោក។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃពុធថា “ប្រវត្តិសាស្ត្ររបស់អង្គការណាតូ គឺជារឿងមួយអំពីការបង្កើតជម្លោះ និងការធ្វើសង្រ្គាម បានចាប់ផ្តើមសង្គ្រាមតាមអំពើចិត្ត និងសម្លាប់ជនស៊ីវិលស្លូតត្រង់ រហូតមកដល់សព្វថ្ងៃនេះ។ “ការពិតបានបង្ហាញឱ្យឃើញថា វាមិនមែនជាប្រទេសចិន ដែលជាអ្នកបង្កបញ្ហា ជាប្រព័ន្ធដល់ណាតូទេ ហើយផ្ទុយទៅវិញវាគឺជា ណាតូ ទៅវិញនោះទេ ដែលនាំមកនូវការប្រឈម ជាប្រព័ន្ធដល់សន្តិភាព និងសន្តិសុខពិភពលោក”។
លោក Zhao បានធ្វើការអត្ថាធិប្បាយបែបនេះ មួយសប្តាហ៍បន្ទាប់ពីអង្គការណាតូ ជាលើកដំបូងដែលបានជ្រើសរើស ប្រទេសចិន ជាអាទិភាពយុទ្ធសាស្ត្រ និងជា “ការប្រឈម” ចំពោះផលប្រយោជន៍ របស់លោកខាងលិច៕ ប្រែសម្រួលៈ ណៃ តុលា