ភ្នំពេញ៖ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី៧ ខែកក្កដា ឆ្នាំ២០២២ នេះ សាកលវិទ្យាល័យអាស៊ីអឺរ៉ុប បានរៀបចំវេទិកាស្ដីពី “ការធ្វើលំហាត់ប្រាណដោយមានផែនការ” ឬ 0Exercise with A Plan ដោយមានការចូលរួមពី Starbalm និងវាគ្មិនមានជំនាញ និងបទពិសោធ ក្នុងការធ្វើលំហាត់ប្រាណជាតិ និងអន្តរជាតិជាច្រើនរូប ។
លោក ម៉ែន ពិសិដ្ឋ អគ្គលេខាធិការ ក្លិបបាល់ទាត់អាស៊ីអឹរ៉ុបយូណាយធីត បានលើកឡើងអំពីគោលបំណង នៃវេទិកានេះថា ដើម្បីជាការចែករំលែកនូវបទពិសោធ និងជំរុញផ្សព្វផ្សាយដល់ប្អូនៗជាកីឡាករ កីឡាការិនី អត្តពលិក របស់សាកលវិទ្យាល័យអាស៊ីអឺរ៉ុប អំពីសារៈសំខាន់ នៃការរៀបចំខ្លួន ត្រៀមខ្លួន ក្នុងការហ្វឹកហាត់ នូវជំនាញរបស់ខ្លួន បានជាប់ជាប្រចាំ លើកកម្ពស់សមត្ថភាព និងសិទ្ធផលរបស់ខ្លួន សំដៅឈានទៅរកជ័យជម្នះ ក្នុងការប្រកួតកម្រិតថ្នាក់ជាតិ និងជាពិសេសឈានឆ្ពោះ ទៅការត្រៀមលក្ខណៈ ប្រកួតកីឡាអាស៊ីអាគ្នេយ៍ នៅឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
លោក Dirk van Tintelen ស្ថាបនិក Novum Pharma របស់ប្រទេសហូល្លង់ ដែលផលិត និងចែកចាយ Starbalm បានពន្យល់បកស្រាយយ៉ាងក្បោះក្បាយ នូវគោលគំនិត នៃការធ្វើលំហាត់ប្រាណ ដោយមានផែនការ ឬ Exercise with a plan ដែលមានបំណងជម្រុញលើកទឹកចិត្ត ឲ្យប្រជាពលរដ្ឋទូទាំងពិភពលោក ឲ្យនាំគ្នាលេងកីឡា និងហាត់ប្រាណឲ្យបានគ្រប់គ្នា ព្រោះថា ការលេងកីឡា និងហាត់ប្រាណ បានទៀងទាត់នាំមកនូវសុខភាពល្អ ទាំងផ្លូវកាយ និងផ្លូវចិត្ត ។ ក្នុងគោលគំនិតនេះហើយ ទើបក្រុមហ៊ុនរបស់លោក បានផលិតឡើងនូវផលិតផល Starbalm ដោយអ្នកវិទ្យាសាស្ត្រជំនាញ ផ្នែកកីឡាសម្រាប់បម្រើ ដល់ការលេងកីឡា និងធ្វើលំហាត់ប្រាណនេះ ទាំងមុនពេល កំឡុងពេល និងក្រោយពេល (Before – During & After Exercise) ។ លោកបានណែនាំ អំពីផលិតផលជាច្រើនមុខ ដែលមានតួនាទីខុសៗគ្នា សម្រាប់ជួយដល់ការពារ និងថែទាំព្យាបាល បញ្ហាឈឺចុកចាប់សន្លាក់ និងសាច់ដុំ (Injury Prevention and Recovery) ។ ផលិតផលទាំងនោះ រួមមានដូចជា ជែលកម្ដៅ ស្ព្រៃយ៍កម្ដៅ សម្រាប់ជួយកម្ដៅសាច់ដុំ មុនពេលលេងកីឡា និងហាត់ប្រាណ ជែលត្រជាក់ ស្ព្រៃយ៍ត្រជាក់ សម្រាប់បំបាត់ អាការៈឈឺចុកចាប់ រមួលក្រពើ និងការប៉ះទង្គិចនានា ក្នុងពេលលេងកីឡា និងហាត់ប្រាណ ការពារហើម ជាំ យ៉ាងមានប្រសិទ្ធភាព ។ ក្រៅពីនេះក៏មានផលិតផលជាច្រើនទៀត ដូចជា ប្រេងរឹត ឡេម៉ាស្សា ក្រែមម៉ាស្សា បង់រុំ…។ល។ ដែលគ្រូពេទ្យព្យាបាលដោយចលនា ត្រូវការចាំបាច់សម្រាប់ថែទាំ និងព្យាបាលអ្នកជម្ងឺផងដែរ ។
លោក ជឹម គង់ហ៊ុយ ជាសហស្ថានិកក្លឹប KKRC ដែលមានសមាជិក ជាង២ពាន់នាក់ បានចែករំលែកបទពិសោធន៍ ផ្ទាល់ខ្លួនរបស់លោក ក្នុងការចាប់ផ្ដើមហាត់ប្រាណ ដោយការរត់ចម្ងាយ និងអំពីវិធីសាស្ត្រធ្វើយ៉ាងណា បន្តការហាត់ប្រាណរបៀបនេះ ឲ្យមានស្ថេរភាព ។ វិធីសាស្ត្រទាំងអស់នោះរួមមាន ដូចជា៖ ការតាំងចិត្ត ការរៀបចំផែនការការងារ និងកំណត់ពេលវេលាផ្ទាល់ខ្លួន ឲ្យបានច្បាស់លាស់ ការត្រៀមលក្ខណៈដូចជាសម្លៀកបំពាក់ ដូចជាខោអាវ ស្បែកជើង ទឹក ចំណីអាហារដែលជួយ ដល់ការលេងកីឡា ក៏ដូចជាផលិតផលថែទាំសន្លាក់ និងសាច់ដុំរបស់យើងផងដែរ ។
លោកបានលើកទឹកចិត្ត ឲ្យប្រជាពលរដ្ឋទូទៅ ឲ្យផ្ដល់តម្លៃដល់ការហាត់ប្រាណ ឲ្យបានទៀងទាត់ ព្រោះថា ទោះបីជាយើងទាំងអស់គ្នា មានឋានៈតួនាទី ទ្រព្យសម្បត្តិយ៉ាងណាក្ដី ក៏ពុំអាចបញ្ជាឲ្យអ្នកណាម្នាក់ ហាត់ប្រាណជំនួសយើងបានដែរ ហើយក៏មិនអាចទិញសុខភាពល្អបានដែរ គឺមានតែយើងខ្លួនទេ ដែលអាចថែរក្សាសុខភាព របស់ខ្លួនយើងផ្ទាល់បាន ។ លោកបានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋ ដែលមានបំណងចាប់ផ្ដើមហាត់ប្រាណ ដោយការដើរ អាចចូលរួមជាសមាជិក របស់ក្លឹប KKRC (ដើរ និងរត់ដើម្បីសុខភាព) ដែលក្លឹបនេះមានប្រិយ៍មិត្តជួយគាំទ្រ និងលើកទឹកចិត្តគ្នាទៅវិញទៅមក ហើយកន្លងមកក្លឹបនេះក៏បានសហការណ៍រៀបចំកម្មវិធីកម្ពុជារត់តាមផ្លូវដំរី (Cambodia Elephant Trail 2022) ប្រកបដោយជោគជ័យ ជាលើកដំបូង ដោយជនជាតិខ្មែរផ្ទាល់ នៅឧទ្យានជាតិគីរីរម្យ កាលពីថ្ងៃអាទិត្យទី៣ ខែកក្កដា ឆ្នាំ២០២២ នេះ ។ ក្រៅពីនេះដោយមានការគាំទ្រ និងលើកទឹកចិត្ត ពីសហព័ន្ធកីឡាអត្តពលកម្ម ក្លឹបក៏នឹងសហការណ៍ ជាមួយក្រុមហ៊ុន ស្ថាប័នផ្សេងៗមួយចំនួនទៀត រួមមានទាំង Starbalm ផងដែរ រៀបចំឲ្យមានព្រឹត្តិការណ៍ កីឡាផ្សេងៗទៀតផងដែរ សំដៅលើកទឹកចិត្ត ឲ្យប្រជាពលរដ្ឋកម្ពុជា ឲ្យលេងកីឡា និងហាត់ប្រាណ ឲ្យបានគ្រប់ៗគ្នា ។
លោក គីម សារឿន ដែលគេស្គាល់ជាទូទៅថា Kim Kok ជាសហស្ថានិកម្នាក់ទៀត របស់ក្លឹប KKRC ក៏ បានចែករំលែក បទពិសោធន៍ផ្ទាល់ខ្លួនរបស់លោក ក្នុងចាប់ផ្ដើមហាត់ប្រាណ ដោយការរត់ចម្ងាយអស់រយៈពេល ជាង៨ឆ្នាំកន្លងមកហើយ រហូតនៅពេលថ្មីៗនេះ លោកបានឈានទៅបំបែកកំណត់ត្រា ក្នុងការឡើងភ្នំឱរ៉ាល់ បានលឿនជាងគេបំផុត នៅកម្ពុជា ដោយចំណាយពេលត្រឹមតែ ០២ម៉ោង ២៦នាទី០៨វិនាទី ឈ្នះកំណត់ត្រា របស់ជនជាតិអាមេរិក ។ លោកបានរៀបរាប់ អំពីការតស៊ូព្យាយាមហ្វឹកហាត់ ជាប់ជាប្រចាំ ការត្រៀមលក្ខណៈ ចាំបាច់នានាដើម្បីឈានទៅដល់ជោគជ័យ ក្នុងការបំបែកឯកទ្ទកម្មនេះ និងបានលើកទឹកចិត្តឲ្យប្អូនៗ ក៏ដូចជាប្រជាពលរដ្ឋទូទៅ ឲ្យចាប់ផ្ដើមហាត់ប្រាណ ដើម្បីរក្សាសុខភាពឲ្យរឹងមាំល្អ ។
លោក កែវ ពិសិដ្ឋ ដែលគេស្គាល់ជាទូទៅថា ស្ដេចព្រៃ គឺជាប្រធានក្រុមដឹកនាំភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដើរទេសចរណ៍បែងផ្សងព្រេង បោះតង់នៅតាមព្រៃភ្នំ ជ្រលងដងអូរនានា នៅក្នុងព្រះរាជាណាចក្រកម្ពុជា បានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួន របស់លោកនៅពេលចាប់ផ្ដើម ដើរព្រៃដំបូង រហូតដល់ក្លាយខ្លួនទៅជាមគ្គុទេសន៍ យ៉ាងជំនាញម្នាក់ដែលត្រូវបាន ទទួលស្គាល់ដោយភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ក្នុងការរៀបចំដំណើរកម្សាន្ត បែបធម្មជាតិនេះ ។
លោកបានបញ្ជាក់ថា ការដើរតាមព្រៃភ្នំគឺជាប្រភេទ កីឡាមួយដ៏ល្អផងដែរ សម្រាប់ពង្រឹងសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត ព្រោះថាយើងបានបញ្ចេញ នូវជាតិពុលដែលមាននៅក្នុងខ្លួនផង ក៏ដូចជាបានស្រូបយក នូវខ្យល់អាកាសបរិសុទ្ធ មានពេលវេលាសម្រាកពីការងារ និងពិចារណាអំពីគុណតម្លៃ នៃជីវិត តាមរយៈការនៅស្ងប់ស្ងាត់ ពីបរិយាកាសក្នុងទីក្រុង ។ លោកបានលើកទឹកចិត្ត ឲ្យប្រជាពលរដ្ឋខ្មែរ ជាពិសេសប្អូនៗយុវជន ឲ្យលេងកីឡា និងហាត់ប្រាណ ឲ្យបានទៀងទាត់ ហើយបើសិនជាមាន ចំណង់ចំណូលចិត្ត និងស្រលាញ់បរិស្ថាន អាចសាកល្បងដើរលេងកម្សាន្ត តាមតំបន់អេកូទេសចរណ៍នានា នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ លោកបានចែករំលែក នូវបទពិសោធជាច្រើន ដែលលោកជួបប្រទះ នាពេលកន្លងមក ហើយលោកបានណែនាំថា គួរត្រៀមលក្ខណៈឲ្យបានត្រឹមត្រូវ មុនពេលចេញដំណើរ ដើម្បីឲ្យដំណើរកម្សាន្តរបស់យើង ប្រកបដោយសុខសុវត្ថិភាព សប្បាយរីករាយ និងពោរពេញដោយអនុស្សាវរីយ៍ល្អៗ៕