បាលី ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ថា ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានព្រមព្រៀងគ្នានៅទីនេះ កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ ទ្វេភាគីបន្ថែមទៀត និងរួមគ្នាការពារផលប្រយោជន៍ រួមរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ។
នៅពេលជួបជាមួយអ្នកការទូត កំពូលរុស្ស៊ីនៅក្រៅកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេស នៃក្រុមប្រទេសទាំង២០ ឬហៅថា ក្រុមG20នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី លោក Wang បានថ្លែងថា ក្រោមការណែនាំជាយុទ្ធសាស្ត្រ របស់ប្រមុខរដ្ឋទាំង២ ចិន និងរុស្ស៊ីបានរក្សាការផ្លាស់ប្តូរធម្មតា និងជំរុញទៅមុខ ។ កិច្ចសហប្រតិបត្តិការ លើវិស័យផ្សេងៗ ប្រកបដោយរបៀបរៀបរយ បង្ហាញពីភាពធន់រឹងមាំ និងការប្តេជ្ញាចិត្ត ជាយុទ្ធសាស្ត្រក្នុង ទំនាក់ទំនងទ្វេភាគី ។
លោក Wang បានថ្លែងថា ប្រទេសចិន សូមធ្វើការកោតសរសើរចំពោះការចូលរួមយ៉ាងសកម្ម របស់រុស្ស៊ីនៅក្នុងកិច្ចប្រជុំកំពូល BRICS លើកទី១៤ដែលរៀបចំដោយប្រទេសចិន និងការរួមចំណែករបស់ខ្លួន ក្នុងការកសាងមតិឯកភាពគ្នា ក្នុងសហគមន៍អន្តរជាតិ និងការលើកកម្ពស់ការអភិវឌ្ឍន៍ជាសាកល ។
ប្រទេសចិន បានត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការជាមួយសមាជិក BRICS ផ្សេងទៀត រួមទាំងរុស្ស៊ី ដើម្បីអនុវត្តលទ្ធផលសំខាន់ៗ ដែលសម្រេចបាននៅក្នុងកិច្ចប្រជុំកំពូល និងបង្កើនល្បឿនរបៀបវារៈ នៃអង្គការសហប្រជាជាតិឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព ដើម្បីការពារផលប្រយោជន៍រួម របស់ប្រទេសកំពុងអភិវឌ្ឍន៍ និងលើកកម្ពស់សមភាព និងយុត្តិធម៌អន្តរជាតិ។ លោក Wang បានថ្លែងដូច្នេះ ។
សម្រាប់ លោក Lavrov បានថ្លែងថា រុស្ស៊ី និងចិន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ លើកកម្ពស់សណ្តាប់ធ្នាប់ អន្តរជាតិដោយយុត្តិធម៌ និងជំរុញទំនាក់ទំនងអន្តរជាតិ ប្រកបដោយប្រជាធិបតេយ្យបន្ថែមទៀត ដោយប្រកាន់ជំហរទទួលខុសត្រូវ និងរក្សាកិច្ចសហប្រតិបត្តិការ ជាយុទ្ធសាស្ត្រ ដែលត្រូវបានទទួលស្គាល់ និងគាំទ្រដោយប្រទេសកំពុងអភិវឌ្ឍន៍ ។
លោក Lavrov បានថ្លែងថា ទំនាក់ទំនងរវាងរុស្ស៊ី និងចិន មិនស្ថិតក្រោមការជ្រៀតជ្រែក ពីខាងក្រៅឡើយ ហើយកិច្ចសហប្រតិបត្តិការ ជាក់ស្តែងរវាងប្រទេសទាំង២ កំពុងដំណើរការទៅមុខយ៉ាងរលូន ជាមួយនឹងសក្តានុពលដ៏ធំធេង សម្រាប់ការអភិវឌ្ឍន៍បន្ថែមទៀត ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា