តេអេរ៉ង់ ៖ មន្ត្រីសិទ្ធិមនុស្សជាន់ខ្ពស់អ៊ីរ៉ង់ បានឲ្យដឹងថា សិទ្ធិមនុស្ស គ្រាន់តែជាឧបករណ៍នយោបាយ សម្រាប់ សហរដ្ឋអាមេរិក ក្នុងការសម្រេច បាននូវគោលបំណង គោលនយោបាយការបរទេស របស់ខ្លួន នេះបើយោងតាមទីភ្នាក់ងារ សារព័ត៌មាន Tasnim ពាក់កណ្តាលផ្លូវការ។
លោក Kazem Gharibabadi អនុប្រធានតុលាការអ៊ីរ៉ង់ និងជាលេខាធិការ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់ប្រទេសនេះ បាននិយាយទៅកាន់ ក្រុមអ្នកសារព័ត៌មាន នៅខាងក្រៅកិច្ចប្រជុំមួយ ដែលមានចំណងជើងថា “សហរដ្ឋអាមេរិក ប្រព្រឹត្តបទឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ប្រឆាំងនឹងមនុស្សជាតិ” ភេរវកម្ម ការដាក់ទណ្ឌកម្ម និងអំពើឃោរឃៅ ។
លោកបានកត់សម្គាល់ថា សិទ្ធិរបស់ ប្រជាជន អាមេរិក ត្រូវបានរំលោភយ៉ាងខ្លាំង នៅក្នុងសង្គម ដោយលោកបានបន្ថែមថា សហរដ្ឋអាមេរិក មានការ រំលោភសិទ្ធិមនុស្ស ក្នុងផ្នែកយ៉ាងទូលំទូលាយ។
លោក Gharibabadi បានបន្ដថា “ជារៀងរាល់ឆ្នាំ ស្ត្រីចំនួន ១៨០០នាក់ ត្រូវបានសម្លាប់នៅក្នុងប្រទេស ហើយមនុស្ស ៤០០០នាក់ បានស្លាប់នៅក្នុងពន្ធនាគារ របស់អាមេរិក ក្នុងស្ថានភាពក្រីក្របំផុត” ដោយបន្ថែមថាមនុស្សជិត ៣០០០នាក់បានស្លាប់ នៅក្នុងប្រទេសក្នុងមួយខែ នៅក្នុងអំពើឃាតកម្មទាក់ទងនឹងកាំភ្លើង ។
លោកបានបន្ថែមថា មហាអំណាចមួយនេះ ក៏កំពុងទទួលរងនូវការរើសអើងពូជសាសន៍ យ៉ាងទូលំទូលាយ ជាពិសេសប្រឆាំងនឹងជនជាតិ អាមេរិកកាំងអាហ្វ្រិក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។
មន្ត្រីសិទ្ធិមនុស្សកំពូលរូបនេះ បានបន្ថែមថា “ជាទូទៅមនុស្សស្បែកខ្មៅ ត្រូវបានគេចាត់ទុកថា ជាឧក្រិដ្ឋជន ក្នុងសង្គម អាមេរិក”។ ទន្ទឹមនឹងនេះ មន្ត្រីអ៊ីរ៉ង់ បានកត់សម្គាល់ថា ការកាន់កាប់ និងការលុកលុយបាននាំឱ្យ មានការសម្លាប់មនុស្សស្លូតត្រង់ រាប់លាននាក់ផងដែរ ដោយអំពាវនាវ ឱ្យទីក្រុងវ៉ាស៊ីនតោនទទួលខុសត្រូវ ចំពោះឧក្រិដ្ឋកម្មរបស់ខ្លួន៕
ប្រែសម្រួល ឈូក បូរ៉ា