តេអេរ៉ង់ ៖ មន្ត្រីសន្តិសុខអ៊ីរ៉ង់ កំពូលមួយរូបបានឲ្យដឹងថា ការពង្រីកកិច្ចសហប្រតិបត្តិការរួម ដោយគ្មានការជ្រៀតជ្រែក ពីមហាអំណាចបរទេស គឺជាតម្រូវការបន្ទាន់បំផុតមួយនៃតំបន់ សម្រាប់ការធានាសន្តិសុខ ។
លេខាធិការ នៃក្រុមប្រឹក្សាសន្តិសុខជាតិ កំពូលរបស់អ៊ីរ៉ង់ លោក Ali Shamkhani បានធ្វើការកត់សម្គាល់នៅក្នុងកិច្ចប្រជុំ ជាមួយនាយករដ្ឋមន្ត្រីអាមេនី Nikol Pashinyan នៅរដ្ឋធានី Yerevan នៃប្រទេសអាមេនី នេះបើតាមការរាយការណ៍ របស់ទីភ្នាក់ងារសារព័ត៌មាន Mehr ពាក់កណ្តាលផ្លូវការ។
លោក Shamkhani បានគូសបញ្ជាក់ពីភាពចាំបាច់ នៃការដោះស្រាយភាពខ្វែងគំនិតគ្នា ក្នុងចំណោមប្រទេស ក្នុងតំបន់តាមរយៈការសន្ទនា និងការបដិសេធពីអំពើហិង្សា ដោយលើកឡើងថា ភាពតានតឹងថ្មីណាមួយនឹង ត្រូវបានប្រើជាលេស សម្រាប់ការកើនឡើងវត្តមាន និងការជ្រៀតជ្រែកដោយ មហាអំណាចបរទេស ។
នៅក្នុងសុន្ទរកថាទៅកាន់អ្នកសារព័ត៌មាន នៅពេលមកដល់ទីក្រុង Yerevan នៅព្រឹកថ្ងៃព្រហស្បតិ៍ លោក Shamkhani បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការធានាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ តាមរយៈកិច្ចសហប្រតិបត្តិការ ក្នុងតំបន់។
នៅថ្ងៃបន្ទាប់ ក្នុងជំនួបជាមួយសមភាគី អាមេនី លោក Armen Grigoryan លោក Shamkhani បានលើកឡើងថា អ៊ីរ៉ង់ត្រៀមខ្លួនជាស្រេច ដើម្បីជួយបង្កើតសន្តិភាព យូរអង្វែងនៅ Caucasus ខាងត្បូង នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានផ្លូវការអ៊ីរ៉ង់ IRNA៕
ប្រែសម្រួល ឈូក បូរ៉ា