ភ្នំពេញ៖ លោក អេង ជាសាន អគ្គនាយក នៃអគ្គនាយកដ្ឋាន រដ្ឋបាលជលផល នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០នេះ បានដឹកនាំមន្រ្តីជំនាញ ចុះត្រួតពិនិត្យករណីចាក់ដី រំលោភយកដែនសហគមន៍ នេសាទព្រែកត្នោត ក្រោយលោក ជាវ តាយ អភិបាលខេត្ត កំពត ហាមមិនឲ្យចាប់ គ្រឿងចក្រទាំងនោះ។
ប្រភពព័ត៌មាននានា បានឲ្យដឹងបន្ថែមថា ការចាក់ដីនេះ អាចដំណើរការបានរលូន ដោយសារមានការយកឈ្មោះមន្រ្តី រាជរដ្ឋាភិបាល និងរដ្ឋលេខាធិការក្រសួង ដែលមានឥទ្ធិពលមួយ មកបាំងមុខ។ អ្វីដែលគួរឲ្យកត់សម្គាល់ នោះការចាក់ដី រំលោភយកដែនសហគមន៍នេសាទ ព្រែកត្នោតនេះ មានការប្រើប្រាស់ឡាន ពាក់ផ្លាកលេខ ខេមរភូមិន្ទ ផងដែរ។
សូមរំលឹកថា ខណ្ឌរដ្ឋបាលជលផល ខេត្តកំពត នៅរសៀលថ្ងៃទី១៨ ខែមករានេះ បានបន្តចុះឃាត់ការចាក់ដី រំលោភដែនសហគមន៍ នេសាទព្រែកត្នោត ដែលបានចាក់លុប គោលព្រំអស់ចំនួន៣ និងថ្នាលបណ្ដុះកោងកាង ចំនួន ៧ពាន់ដើម។
រដ្ឋបាលជលផលខេត្តកំពត បានបញ្ជាក់ថា ការចាក់ដីនេះមានបណ្ដោយ ៩៩ម៉ែត្រទទឹង ១០ម៉ែត្រ ហើយករណីនេះ លោកអភិបាលខេត្តកំពត លោក ជាវ តាយ មិនឱ្យចាប់គ្រឿងចក្រ ព្រមទាំងឱ្យបន្ត សកម្មភាពដដែល។
គូសបញ្ជាក់ ថាខេត្តកំពត មានសហគមន៍ទេសចរណ៍ចំនួន ៤កន្លែង ដែលកំពុងដំណើរការ នាពេលបច្ចុប្បន្ន មានដូចជា សហគមន៍ទេសចរណ៍ព្រែកត្នោត ( អន្លង់ធំ ) សហគមន៍ទេសចរណ៍ ត្រពាំងសង្កែ សហគមន៍ទេសចរណ៍ កំពង់សាមគ្គី និងសហគមន៍ ទេសចរណ៍បឹងអន្លង់ព្រីង ។ សហគមន៍អេកូទេសចរណ៍ ព្រែកត្នោត មានទីតាំងស្ថិតនៅ ភូមិព្រែកក្រែង ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត ៕