ព័ត៌មានជាតិ

សម្ដេចតេជោ បញ្ជាឱ្យចាត់វិធានការ ម៉ឺងម៉ាត់ ចំពោះជនបង្កភាពអនាធិបតេយ្យលើដងផ្លូវ ឬតវ៉ាបិទផ្លូវសាធារណៈ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាឲ្យអាជ្ញាធររាជធានី-ខេត្ត ត្រូវចាត់វិធានការម៉ឺងម៉ាត់បំផុតចំពោះជនទាំងឡាយណាបង្កភាពអនាធិបតេយ្យលើដងផ្លូវ ឬប្រមូល ផ្តុំតវ៉ាធ្វើបាតុកម្មបិទផ្លូវសាធារណៈដោយខុសច្បាប់។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ទីស្ដីការគណៈរដ្ឋមន្ដ្រី ស្ដីពី លទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា រាជរដ្ឋាភិបាលបានឯកភាពឱ្យរថយន្តចង្កូតស្ដាំដែលមានស្រាប់ក្នុងព្រះរាជាណា ចក្រកម្ពុជា ចរាចរជាប្រក្រតីដោយពុំចាំបាច់ធ្វើការកែពីចង្កូតស្ដាំទៅចង្កូតឆ្វេង ប៉ុន្តែតម្រូវឱ្យម្ចាស់ រថយន្តទាំងនោះ ត្រូវទៅបង់ពន្ធជាដាច់ខាតចំពោះអ្នកដែលមិនទាន់បានបង់ពន្ធ ហើយអ្នកដែលកក់ប្រាក់ ពន្ធត្រូវទៅបង់បង្រ្គប់ប្រាក់ពន្ធ ដើម្បីទទួលបានស្លាកលេខប្រើប្រាស់ដោយទុកឱសានវាទរយៈពេល ៣ខែទៀត គិតចាប់ពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ ។

សម្ដេចតេជោ បញ្ជាក់ថា រាជរដ្ឋាភិបាលបានសម្រេចមិនអនុញ្ញាតឱ្យបន្តនាំចូលរថយន្តចង្កូតស្ដាំទៀតជាដាច់ខាតចាប់ ពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ តទៅ និងបានណែនាំដល់រដ្ឋបាលខេត្ត សមត្ថកិច្ចគយ និង កងកម្លាំងឈរជើងតាមព្រំដែនកម្ពុជា-ថៃ ត្រូវសហការជាមួយភាគីថៃ ដោយអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវវិធានការចាប់ឃាត់រថយន្តចង្កូត ស្តាំ ដែលនាំចូលមកតាមច្រកព្រំដែននានា និងត្រូវធានាថា មិនឱ្យមានរថយន្តចង្កូតស្តាំបន្តនាំចូលមក ក្នុងព្រះរាជាណាចក្រកម្ពុជាទៀតនោះទេ។ ក្នុង ករណីបំពានត្រូវចាប់រឹបអូសរថយន្តដោយមិនអនុញ្ញាត ឱ្យបង់ពន្ធឡើយ និងត្រូវកម្ទេចចោល។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «រាជរដ្ឋាភិបាលណែនាំដល់រដ្ឋបាលរាជធានី ខេត្ត កងកម្លាំងប្រដាប់អាវុធ និង សមត្ថកិច្ច ពាក់ព័ន្ធត្រូវចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុតចំពោះគ្រប់បុគ្គល ឬនីតិបុគ្គលទាំងឡាយណាដែលបង្កភាពអនាធិបតេយ្យលើដងផ្លូវ ឬប្រមូល ផ្តុំតវ៉ាធ្វើបាតុកម្មបិទផ្លូវសាធារណៈដោយខុសច្បាប់»៕

To Top