ព័ត៌មានអន្តរជាតិ

អ្នកដែលចូលចិត្តសង្គ្រាម របស់អាមេរិក២រូប ធ្វើដំណើរមកដល់ ទីក្រុងគៀវ របស់អ៊ុយក្រែន

បរទេស ៖ សមាជិកព្រឹទ្ធសភា អាមេរិកមកពីគណបក្ស សាធារណរដ្ឋ គឺលោក Lindsey Graham និង Richard Blumenthal មកពីគណបក្ស ប្រជាធិបតេយ្យ ដែលអ្នកទាំងពីរ បានគាំទ្រការបង្ហូរអាវុធ និងលុយចូលទៅក្នុងអ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍ បានជួបប្រជុំគ្នា ជាមួយប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelensky ដែលបានដាក់ញត្តិទៅសមាជិកសភា សម្រាប់សុំអាវុធបន្ថែមទៀត ។ លោក Blumenthal និង Graham គឺជាសំឡេងពីរដែលគាំទ្រ អ៊ុយក្រែនខ្លាំងបំផុត នៅក្នុងសភាសហរដ្ឋអាមេរិក ។ នេះបើតាមការចុះផ្សាយ របស់សារព័ត៌មាន RT កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ ។

យោងតាមការិយាល័យ របស់ លោក Zelensky គឺមេដឹកនាំអ៊ុយក្រែន បានទទូចដល់អាមេរិកថា ស្ថានភាពយោធានៅ អ៊ុយក្រែនគឺ “ពិតជាពិបាក ប៉ុន្តែត្រូវបានគ្រប់គ្រង” ។ សេចក្តីថ្លែងការណ៍នេះ ត្រូវបានធ្វើឡើង បើទោះបីជាកងកម្លាំងរុស្ស៊ី និង Donbass ថ្មីៗនេះបានរុញច្រានយោធា របស់ទីក្រុងគៀវ ឱ្យចេញពីសាធារណរដ្ឋប្រជាមានិត Lugansk ទាំងមូលក៏ដោយ ហើយយោងទៅតាមទីក្រុងមូស្គូ បានធ្វើឱ្យមនុស្សស្លាប់ ច្រើនជាង 5 000 នាក់ និងបានបំផ្លាញរថក្រោះរាប់រយគ្រឿង និងផ្នែករឹងយោធាផ្សេងទៀត ក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ។

លោក Zelensky បានអំពាវនាវ ដល់លោក Graham និង Blumenthal ឱ្យជំរុញទីក្រុងវ៉ាស៊ីនតោន ដើម្បីផ្គត់ផ្គង់ដល់អ៊ុយក្រែន នូវប្រព័ន្ធការពារដែន អាកាស ដែលមន្ទីរបញ្ចកោណនិយាយថា នឹងត្រូវបញ្ជូនទៅទីក្រុងកៀវក្នុងពេលឆាប់ៗនេះ ។ អ្នកទាំងបីក៏បាននិយាយ អំពីកិច្ចខិតខំប្រឹងប្រែង របស់ Blumenthal និង Graham ដើម្បីឱ្យសភា ចាត់ថ្នាក់រុស្ស៊ីថា ជាអ្នកឧបត្ថម្ភរដ្ឋនៃអំពើភេរវកម្ម ដែលជាជំហាន មួយដែលសម្ព័ន្ធមិត្តអាមេរិក មួយចំនួនបានរិះគន់ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top