គៀវ៖ ក្រសួងហិរញ្ញវត្ថុអ៊ុយក្រែន បានឲ្យដឹងថា ជំនួយថ្មីចំនួន ១ពាន់លានអឺរ៉ូដែលត្រូវបានអនុម័ត ដោយសភាអឺរ៉ុប សម្រាប់ទីក្រុងគៀវកាលពីថ្ងៃព្រហស្បតិ៍ នឹងត្រូវបានប្រើ ដើម្បីធានាស្ថិរភាពហិរញ្ញវត្ថុរបស់អ៊ុយក្រែន។
ក្រសួងបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ជំនួយផ្នែកម៉ាក្រូហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប នឹងត្រូវបានដឹកនាំទៅកាន់ការផ្តល់ហិរញ្ញប្បទាននៃតម្រូវការថវិកាជាអាទិភាព ហើយជាទូទៅ ដើម្បីធានាស្ថិរភាពហិរញ្ញវត្ថុ នៅក្នុងប្រទេសអ៊ុយក្រែន” ។
នៅព្រឹកថ្ងៃដដែល សភាអឺរ៉ុប បានបោះឆ្នោតគាំទ្រ សំណើរបស់គណៈកម្មការអឺរ៉ុប ក្នុងការផ្តល់ជំនួយថ្មីចំនួន ១ពាន់លានអឺរ៉ូដល់អ៊ុយក្រែន ដើម្បីគ្របដណ្តប់តម្រូវការថវិកាបន្ទាន់ របស់ប្រទេសនេះ។
ការសម្រេចចិត្តបែងចែកជំនួយថ្មី សម្រាប់អ៊ុយក្រែនត្រូវបានប្រកាស ដោយគណៈកម្មការអឺរ៉ុប កាលពីថ្ងៃទី០១ ខែកក្កដា។ វាក៏ត្រូវតែគាំទ្រដោយក្រុមប្រឹក្សាសហភាពអឺរ៉ុប ដើម្បីចូលជាធរមាន។
កាលពីខែមេសា នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denys Shmyhal បានលើកឡើងថា អ៊ុយក្រែនត្រូវការប្រាក់ចំនួន ៥ពាន់លានដុល្លារក្នុងមួយខែ ដើម្បីបំពេញកាតព្វកិច្ចសង្គម និងមនុស្សធម៌ទាំងអស់ ចំពេលមានជម្លោះជាមួយរុស្ស៊ី៕