ឡុងដ៍៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ថា លោកស្រី Liz Truss រដ្ឋមន្ត្រីការបរទេសអង់គ្លេស បានចូលប្រកួតប្រជែង ដើម្បីជំនួសតំណែង លោក Boris Johnson ជានាយករដ្ឋមន្ត្រី នៅថ្ងៃចន្ទនេះ ដោយយកចំនួនបេក្ខជន នៅក្នុងការប្រកួតប្រជែង ដ៏ស្វិតស្វាញ និងមិនអាចទាយទុកជាមុនបានឡើយ ដែលមានរហូតដល់ទៅ១១នាក់ឯណោះ ។
លោកស្រី Truss បានកាន់តំណែងជារដ្ឋមន្ត្រី នៅក្នុងជួររដ្ឋាភិបាលមួយចំនួន រួមទាំងពាណិជ្ជកម្ម យុត្តិធម៌ និងរតនាគារ បានថ្លែងថា លោកស្រីនឹងកាត់បន្ថយពន្ធ និងរក្សាខ្សែបន្ទាត់ដ៏តឹងរ៉ឹង ប្រឆាំងនឹងប្រធានាធិបតីរុស្ស៊ី លោក ប្លាឌីមៀ ពូទីន ។
លោកស្រីកំពុងស្វែងរកអ្នកជំនួសលោក Johnson ដែលត្រូវបានបណ្តេញ ចេញកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីរដ្ឋាភិបាល របស់លោកបានចោទប្រកាន់ជុំវិញ រឿងអាស្រូវជាបន្តបន្ទាប់ ។ ច្បាប់សម្រាប់ការបោះឆ្នោត ថ្នាក់ដឹកនាំនឹងត្រូវដាក់ចេញ នៅពេលក្រោយនៅថ្ងៃចន្ទនេះ ដែលមានបំណងស្វែងរកអ្នកស្នង តំណែងនៅខែកញ្ញា ។
លោកស្រី Truss បានសរសេរនៅក្នុងកាសែត Daily Telegraph ថា “ក្រោមការដឹកនាំរបស់ខ្ញុំ ខ្ញុំនឹងចាប់ផ្តើមកាត់ បន្ថយពន្ធចាប់ពីថ្ងៃដំបូង ដើម្បីចាត់វិធានការជាបន្ទាន់ ដើម្បីជួយមនុស្សក្នុងការដោះស្រាយការ ចំណាយលើការរស់នៅ” ។ “វាមិនត្រឹមត្រូវទេ ដែលត្រូវដំឡើង ពន្ធនាពេលឥឡូវនេះ” ។
ការប្រកួតប្រជែង សម្រាប់មេដឹកនាំថ្មី បានធ្វើតាមរយៈពេលដ៏ គួរឱ្យកត់សម្គាល់បំផុត នៅក្នុងប្រវត្តិសាស្ត្រ នយោបាយអង់គ្លេសសម័យទំនើប នៅគ្រាដែលរដ្ឋមន្ត្រីរដ្ឋាភិបាល ជាង៥០នាក់ បានលាលែងពីតំណែង ដោយបានបរិហារអំពីចរិតលក្ខណៈ សុចរិតភាព និងអសមត្ថភាព ក្នុងការនិយាយការពិតរបស់លោក Johnson ។
ដោយមានសមាជិកសភា ជាច្រើនមិនសប្បាយចិត្ត នឹងលោក Johnson បន្តកាន់តំណែង រហូតដល់អ្នកស្នងតំណែង ត្រូវបានរកឃើញ គណបក្សទំនង ជានឹងពន្លឿន ដំណើរការបោះឆ្នោត ។ វាអាចទទូចថា បេក្ខជនមានការគាំទ្រ ពីតំណាងរាស្រ្ត ប្រហែល៣០នាក់ ដើម្បីចូលរួមក្នុងដំណើរការនេះ នៅមុនពេលការបោះឆ្នោត ចាប់ផ្តើមនៅសប្តាហ៍នេះ ដើម្បីកាត់បន្ថយចំនួនលេខ មកត្រឹម២ប៉ុណ្ណោះ ។
សមាជិកប្រហែល២០០.០០០នាក់ នៃគណបក្សអភិរក្ស នឹងជ្រើសរើសអ្នកឈ្នះ បន្ទាប់ពីការបោះឆ្នោតជាច្រើន សប្តាហ៍នៅទូទាំងប្រទេស ៕