ព័ត៌មានអន្តរជាតិ

អ៊ីតាលី បង្ហាញពីផែនការប្រកាសអាសន្ន ថាមពលសម្រាប់រដូវរងារ ខណៈរុស្ស៊ី កាត់បន្ថយលំហូរឧស្ម័ន ១ ភាគ ៣

រ៉ូម៖ ក្រុមហ៊ុនថាមពល របស់ប្រទេសអ៊ីតាលី ENI បានឲ្យដឹងថា ក្រុមហ៊ុនថាមពលយក្សរបស់រុស្ស៊ី Gazprom បានកាត់បន្ថយការចែកចាយឧស្ម័ន របស់ខ្លួនទៅកាន់ប្រទេសនេះប្រហែល មួយភាគបីកាលពីថ្ងៃចន្ទ បើធៀបនឹងបរិមាណមធ្យម ដែលបានផ្គត់ផ្គង់ក្នុងរយៈពេល ប៉ុន្មានថ្ងៃចុងក្រោយនេះ។

កាលពីថ្ងៃច័ន្ទផងដែរ ប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលីបាន រាយការណ៍ព័ត៌មានលំអិតនៃផែនការ ដែលបានគូសបញ្ជាក់ដោយអាជ្ញាធរជាតិ ដើម្បីកាត់បន្ថយការប្រើប្រាស់ ថាមពលក្នុងស្រុកក្នុងរដូវរងាបន្ទាប់ ក្នុងករណីមានការកាត់បន្ថយបន្ថែមទៀត ចំពោះការនាំចូលឧស្ម័នពីរុស្ស៊ី។

ក្រុមហ៊ុនបានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា “ក្រុមហ៊ុន Gazprom បានប្រកាសថាថ្ងៃនេះ ខ្លួននឹងផ្គត់ផ្គង់ឧស្ម័នប្រហែល ២១លានម៉ែត្រគូប ក្នុងមួយថ្ងៃដល់ ENI ខណៈដែលជាមធ្យមសម្រាប់ ប៉ុន្មានថ្ងៃចុងក្រោយនេះគឺប្រហែល ៣២លានម៉ែត្រគូបក្នុងមួយថ្ងៃ” ។

ក្រុមហ៊ុន ENI បានឲ្យដឹងថា ខ្លួននឹងផ្តល់នូវការអាប់ដេតនៅក្នុងករណីនៃ “ការផ្លាស់ប្តូរបន្ថែមទៀត និងសំខាន់នៅក្នុងលំហូរ (ការនាំចូលឧស្ម័ន)” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ការផ្លាស់ប្តូរនេះបានកើតឡើង នៅពេលដែលក្រុមហ៊ុន Gazprom បានចាប់ផ្តើមការងារថែទាំប្រចាំឆ្នាំ ដែលរំពឹងថានឹងមានរយៈពេល ១០ថ្ងៃនៅលើបំពង់ Nord Stream 1 របស់ខ្លួន ដែលតាមរយៈនោះ ក្រុមហ៊ុនរុស្ស៊ីបាននាំចេញឧស្ម័ន មួយចំនួនរបស់ខ្លួនទៅកាន់អឺរ៉ុប។

លោក Roberto Cingolani រដ្ឋមន្ត្រីអន្តរកាលអេកូឡូស៊ី របស់ប្រទេសអ៊ីតាលីត្រូវបានសារព័ត៌មាន ក្នុងស្រុកដកស្រង់សម្តីថា “យុទ្ធនាការដើម្បីសន្សំសំចៃទឹក និងឧស្ម័ន នឹង ចាប់ផ្តើមក្នុងពេលឆាប់ៗ”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top