ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារ បានក្រើនរំលឹកដល់ម្ចាស់ អចលនទ្រព្យទាំងអស់ មិនទាន់បានបំពេញ កាតព្វកិច្ចបង់ពន្ធ រួសរាន់អញ្ជើញ មកប្រកាសបង់ពន្ធ ឲ្យបានទាន់ពេលវេលា ត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខ។
យោងតាមសេចក្ដីជូនដំណឹង របស់អគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា ការប្រមូលពន្ធលើដីធ្លី មិនបានប្រើប្រាស់ ការបង់ពន្ធលើអចលនទ្រព្យ និងការបង់ពន្ធលើដីធ្លីមិនបានប្រើប្រាស់ សម្រាប់ឆ្នាំ២០២២ នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខនេះ។
រហូតមកទល់ពេលនេះ អគ្គនាយកដ្ឋានពន្ធដារ បានសង្កេតឃើញថា មានម្ចាស់អចលនទ្រព្យមួយចំនួន នៅមិនទាន់បានបំពេញ កាតព្វកិច្ចប្រកាសបង់ពន្ធប្រភេទទាំងនេះនៅឡើយ ។ ដូចនេះ ដើម្បីជំរុញការប្រមូលពន្ធ លើអចលនទ្រព្យ ឬពន្ធលើដីធ្លីមិនបានប្រើប្រាស់ សម្រាប់ឆ្នាំ២០២២នេះ បានអស់លទ្ធភាព ប្រកបដោយប្រសិទ្ធភាពខ្ពស់ និង ចៀសវាងបាននូវការកកស្ទះ ការប្រជ្រៀតគ្នា មកប្រកាសបង់ពន្ធ នៅថ្ងៃជិតផុតកំណត់ ដែលអាចនាំឲ្យមានបាតុភាព អសកម្មដោយប្រការណាមួយ។
អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា «សូមក្រើនរំលឹកដល់ម្ចាស់អចលនទ្រព្យទាំងអស់ ដែលមិនទាន់បានបំពេញ កាតព្វកិច្ចបង់ពន្ធ មេត្តារួសរាន់អញ្ជើញ មកប្រកាសបង់ពន្ធ ឲ្យបានទាន់ពេលវេលាត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ នៅអគ្គនាយកដ្ឋាន ពន្ធដារ ឬសាខាពន្ធដារខេត្ត-ខណ្ឌ ឬតាមរយៈកម្មវិធី GDT Taxpayer App ដែលអាចទាញយកបានពី App Store ឬ Play Store» ។
អគ្គនាយកដ្ឋានពន្ធដារ បានបន្ថែមថា ចំពោះការខកខាន មិនបានដាក់លិខិត ប្រកាសបង់ពន្ធ ទាន់ពេលវេលាកំណត់ម្ចាស់ អចលនទ្រព្យនឹងត្រូវរង ទោសទណ្ឌ តាមច្បាប់ជាធរមាន ៕