លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក នឹងធ្វើទស្សនកិច្ចនៅអ៊ីស្រាអែល ត្រើយខាងលិច ទន្លេហ៊្សកដង់ នៃប៉ាឡេស្ទីន និងអារ៉ាប៊ីសាអូឌីត ក្នុងសប្តាហ៍នេះ នេះជាលើទីមួយ ដែលលោកធ្វើទស្សនកិច្ច នៅតំបន់មជ្ឈិមបូព៌ា តាំងពីបានឡើង កាន់មុខតំណែងមក ។ កាលពីថ្ងៃទី ៩ ខែកក្កថា តាមម៉ោងក្នុងតំបន់ លោក ចូ បៃដិន បាននិពន្ធ អត្ថបទលើកាសែត 《The Washington Post》 នៃអាមេរិកដោយអះអាងថា ដំណើរទស្សនកិច្ចលើកនេះគឺ “មានសារសំខាន់ណាស់ ” ចំពោះសន្តិសុខជាតិអាមេរិក ព្រមពេលជាមួយគ្នានេះ លោកបានគូសបញ្ជាក់ថា “អាមេរិកនឹងយកជ័យជម្នះ ក្នុងការប្រកួតប្រជែង ជាមួយប្រទេសចិន” ។
ទោះបីជាលោក ចូ បៃដិន ខិតខំប្រើ”ពាក្យដ៏អស្ចារ្យ” ដើម្បីវេចខ្ចប់នូវចេតនារបស់ខ្លួន ក្នុងការធ្វើទស្សនកិច្ច នៅតំបន់មជ្ឈិម បូព៌ាក៏ដោយ ក៏ប៉ុន្តែប្រព័ន្ធសារព័ត៌មាន អាមេរិក CNN បាននិយាយត្រង់ៗថា ពាក្យសំដីណាមួយសុទ្ធ តែមិនអាចបិទ បាំង ការពិតដែលថា បើសិនជាទីផ្សារប្រេងកាត សកលគ្មានភាព ច្របូកច្របល់ ដែលបណ្តាល មកពីការប៉ះទង្គិច រវាងរុស្ស៊ី និងអ៊ុយក្រែន នោះ ប្រធានាធិបតីអាមេរិក ប្រហែលនឹងមិន ធ្វើដំណើរ ទៅកាន់តំបន់មជ្ឈិមបូព៌ាទាល់តែសោះ ។
ដំណើរទស្សនកិច្ចរបស់លោក ចូ បៃដិន លើកនេះបានធ្វើឡើង ក្នុងគោលបំណងសំខាន់ គឺ បង្កើនបរិមាណផលិតផល ប្រេងកាត របស់អារ៉ាប៊ីសាអូឌីត និងការកែលម្អទំនាក់ទំនង រវាងប្រទេសទាំងពីរ ចុះហេតុអ្វីបានជាប៉ុនប៉ង់យករឿងនេះ ទៅលាយឡំជាមួយប្រទេសចិនដែរ ? នៅពីក្រោយរឿងនេះ បានបង្កប់នូវការ គិតពិចារណាជាច្រើន ។
សូមបញ្ជាក់ថា និយាយ ចំពោះនយោបាយ ក្នុងស្រុករបស់អាមេរិក បច្ចុប្បន្ននេះ គោលនយោបាយ ក្រុងវ៉ាស៊ីនតោន ទំនងជាកំពុងធ្លាក់ ក្នុងរង្វង់ នយោបាយដ៏ចម្លែក ដែល”ប្រឆាំងចិន ដើម្បីគោលនយោបាយប្រឆាំងចិន” ពោលគឺ បានចាត់ទុកការប្រឆាំងចិនជា”គោលនយោបាយត្រឹមត្រូវបំផុត” ។ ដូចប្រសាសន៍ របស់លោក ចូ បៃដិន ដែលបានលើកឡើង ក្នុងអត្ថបទនោះថា ដើម្បីធ្វើការបដិបក្ខគ្នា ជាមួយរុស្ស៊ី និង ធានាជាក់លាក់ ឱ្យអាមេរិក យកជ័យជម្នះ ក្នុងការប្រកួតប្រជែង ជាមួយប្រទេសចិន “យើងចាំបាច់ត្រូវធ្វើការ ប្រាស្រ័យទាក់ទង ដោយផ្ទាល់ ជាមួយប្រទេស ដែលអាចជះឥទ្ធិពល ចំពោះលទ្ធផលទាំងនេះ” ។ ប្រការនេះបានបង្ហាញឱ្យឃើញថា អាមេរិកប៉ុនប៉ង ចាត់ទុកមជ្ឈិមបូព៌ា ជាឆាកសម្តែងល្ខោន ដើម្បីធ្វើការប្រកួតប្រជែង យុទ្ធសាស្រ្តជាមួយចិននិងរុស្ស៊ី ។
ព្រមពេលជាមួយគ្នានេះ ក្នុងនាមជា មជ្ឈមណ្ឌល នៃកិច្ចកសាង”ខ្សែក្រវាត់និងផ្លូវ” តំបន់មជ្ឈិមបូព៌ា ទទួលបានសមិទ្ធផលថ្មីៗ ជាបន្តបន្ទាប់ ក្នុងការធ្វើកិច្ច សហប្រតិបតិ្តការជាមួយចិន ។ សូមយកអារ៉ាប៊ីសាអូឌីត ធ្វើជាឧទាហរណ៍ តាមទិន្នន័យស្ថិតិបានបង្ហាញថា ពីឆ្នាំ ២០០០ ដល់ឆ្នាំ ២០២១ ទំហំពាណិជ្ជកម្ម រវាងអារ៉ាប៊ីសាអូឌីត និង សហរដ្ឋអាមេរិក គ្រាន់តែកើនឡើងក្នុងកម្រិតតិចតួចប៉ុណ្ណោះ ពោលគឺ ពី ២០,៥ ពាន់លានដុល្លារ អាមេរិកឡើងដល់ ២៤,៨ ពាន់លានដុល្លារ អាមេរិក ដោយឡែកក្នុងពេលដំណាលគ្នា ទំហំពាណិជ្ជកម្មរវាងអារ៉ាប៊ីសាអូឌីត និងចិនបានកើនឡើងពី ៣ ពាន់លានដុល្លារ អាមេរិកដល់ ៦៧ ពាន់លានដុល្លារអាមេរិក ។ ការតភ្ជាប់ដោយស៊ីសង្វាក់គ្នា រវាងគំនិតផ្តួចផ្តើមស្តីពី”ខ្សែក្រវាត់និងផ្លូវ”និង”ទស្សនាទានឆ្នាំ ២០៣០ “របស់អារ៉ាប៊ីសាអូឌីត កំពុងនាំមកនូវឱកាសថ្មី ដល់ការអភិវឌ្ឍរបស់អារ៉ាប៊ីសាអូឌីត ។
ប្រការនេះធ្វើឱ្យ អ្នកនយោបាយអាមេរិកមួយចំនួន ដែលប្រកាន់ទស្សនផលបូកសូន្យ មានការច្រណែន និងការស្អប់ខ្ពើម ពួកគេក៏កាន់តែព្រួយបារម្ភថា កម្លាំងឥទ្ធិពលរបស់ខ្លួន នៅតំបន់មជ្ឈិមបូព៌ា នឹង រងការវាយប្រហារ ។
យ៉ាងណាមិញ មិនថា និយាយបញ្ចុះបញ្ចូល អារ៉ាប៊ីសាអូឌីត ឱ្យបង្កើនបរិមាណ ផលិតផល ប្រេងកាត បន្ធូរបន្ថយទំនាក់ទំនង ជាមួយសម្ព័ន្ធមិត្ត របស់ខ្លួនឬមួយក៏ប៉ុនប៉ង ចង់អូសទាញប្រទេសមជ្ឈិមបូព៌ា ឱ្យបង្កើតក្រុមតូចប្រឆាំង ប្រទេសចិនក៏ដោយ ក៏គោលដៅរបស់លោក ចូ បៃដិន ក្នុងដំណើរទស្សនកិច្ច លើកនេះសុទ្ធតែនឹង មិនអាចសម្រេចបាន ដោយងាយៗនោះទេ ។ ពីព្រោះថា គ្មានប្រទេសណាមួយ មានឆន្ទៈបោះបង់ ចោលផលប្រយោជន៍របស់ខ្លួន ដើម្បីអនុត្តរភាពបែបអាមេរិក ហើយបានក្លាយជាកូនអុកសម្រាប់ឡូហ្ស៊ីក ចោរប្លន់របស់អាមេរិកដែលថា បើសិនជាត្រូវការ ក៏យកមកប្រើប្រាស់ បើមិនត្រូវការ ក៏លះបង់ចោល ។ ដំណើរទស្សនកិច្ច របស់លោក ចូ បៃដិន នៅតំបន់មជ្ឈិមបូព៌ា នឹងបញ្ជាក់ម្តងទៀតថា ពេលវេលាដែលសហរដ្ឋអាមេរិក ធ្វើអ្វីតាមតែទំនើងចិត្ត មិនអាចត្រឡប់មកវិញនោះឡើយ ៕
វិទ្យុមិត្តភាពកម្ពុជាចិន