ភ្នំពេញ ៖ ឆមាសទី១ ឆ្នាំ២០២២ ក្រសួងសាធារណការ និងដឹកជញ្ជូន បានលក់ផ្លាកលេខពិសេសផ្ទាល់ខ្លួន (លេខកម្ពុជា) និងផ្លាកលេខពិសេស (រាជធានី-ខេត្ត) ចំនួន ១៩ ៧៦៦ លេខ ទទួលចំណូលថវិកាប្រមាណ ៤០ ៦៤១ ១៨៧ ៤០០ រៀល កើនឡើង២៥% បើប្រៀបធៀបរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១ ។
យោងតាមរបាយការណ៍របស់ គណៈកម្មការអន្តរក្រសួង គ្រប់គ្រងការលក់លេខ ចុះបញ្ជីរថយន្ត បានឲ្យដឹងថា «ឆមាសទី១ ឆ្នាំ២០២២ ក្រសួងសាធារណការ បានលក់ផ្លាកលេខពិសេសផ្ទាល់ខ្លួន (លេខកម្ពុជា) និងផ្លាកលេខពិសេស (រាជធានី-ខេត្ត) សរុបបានចំនួន ១៩ ៧៦៦ លេខ ទទួលបានចំណូលថវិកាប្រមាណ ៤០ ៦៤១ ១៨៧ ៤០០ រៀល កើនឡើង២៥% ប្រៀបធៀបនឹងឆ្នាំ២០២១។ ក្នុងនោះ ផ្លាកលេខពិសេសផ្ទាល់ខ្លួន (លេខកម្ពុជា) លក់បានចំនួន ៣ ២៧១ លេខ ទទួលបានចំណូលថវិកាប្រមាណ ២១ ៣៦៥ ៤០៧ ០០០ រៀល កើនឡើងចំនួន១៨% និងផ្លាកលេខពិសេស (រាជធានី-ខេត្ត) លក់បាន ១៦ ៤៩៥ លេខ ទទួលបានចំណូលថវិកាប្រមាណ ១៩ ២៧៥ ៧៨០ ៤០០ កើនឡើង៣២% ប្រៀបធៀបនឹងឆ្នាំ២០២១ ក្នុងរយៈពេលដូចគ្នា»។
ក្នុងកិច្ចប្រជុំពិភាក្សា ស្តីពីវឌ្ឍនភាពការងាររបស់គណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត នាថ្ងៃទី១១ កក្កដា លោកស្រី កុយ សុដានី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការ អន្តរក្រសួង គ្រប់គ្រងការលក់លេខ ចុះបញ្ជីរថយន្ត បានគូសបញ្ជាក់ ពីដំណើរវិវឌ្ឍន៍ប្រកបដោយភាពវិជ្ជមាន ចាប់តាំងពីការបង្កើតប្រព័ន្ធ ស្វ័យប្រវត្តិកម្មចុះបញ្ជីរថយន្តតាំងពីឆ្នាំ២០១៦ រហូតឈានដល់ការរៀបចំប្រព័ន្ធ ស្វ័យប្រវត្តិកម្ម ចុះបញ្ជីលេខ ពិសេសផ្ទាល់ខ្លួន ដែលជាការឆ្លុះបញ្ចាំង ឲ្យឃើញពីគំនិតបង្កើតថ្មី របស់ក្រសួងសាធារណការ ដើម្បីផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋប្រកបដោយភាពសម្បូរបែប ក្រោមការដឹកនាំរបស់ លោកទេសរដ្ឋន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួង សាធារណការ និងដឹកជញ្ជូន។
លើសពីនេះ លោកស្រីរដ្ឋលេខាធិការ ក៏បានជំរុញលើកទឹកចិត្ត ឲ្យសមាជិកសមាជិកា ផ្ដល់មតិយោបល់ ក៏ដូចជាធាតុចូលលើការ ជ្រើសរើសប្រធានបទ សម្រាប់កម្មវិធី MPWT Live Show ដើម្បីផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋ បានយល់ដឹងអំពីលេខពិសេសផ្ទាល់ខ្លួន (កម្ពុជា) និងលេខពិសេសចុះបញ្ជីរថយន្ត គ្រួសារ និងរថយន្តធុនស្រាល ដែលកម្មវិធីនេះ គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ នាពេលខាងមុខ៕