ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសខ្មែរ បានសម្តែងការខកចិត្តដែលកម្ពុជាត្រូវបានគេចាត់ទុកយ៉ាងអយុត្តិធម៌ថា ជាប្រទេសមិនផ្តល់កិច្ចសហប្រតិបត្តិការទាក់ទងនឹងកិច្ចសហប្រតិបត្តិការក្នុងការធ្វើមាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្មែរ ដែលនាំទៅដល់ការដាក់ការរឹតត្បិតទិដ្ឋាការ ចំពោះមន្រ្តីជាន់ខ្ពស់របស់ក្រសួងការបរទេសខ្មែរ ។
ការសម្ដែងការខកចិត្តរបស់ប្រមុខការទូតកម្ពុជា ធ្វើឡើងក្នុងជំនួបជាមួយលោក Daniel Kritenbrink ឧបការីរដ្ឋមន្រ្តីការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នាថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២២ ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ ស្តីពី លទ្ធផលកិច្ចជំនួបរវាងភាគីទាំង២នាថ្ងៃ១៣ កក្កដា បានឲ្យដឹងថា “លោក ប្រាក់ សុខុន បានសម្តែងនូវការខកចិត្តដែលកម្ពុជាត្រូវបានគេចាត់ទុកយ៉ាងអយុត្តិធម៌ថា ជាប្រទេសដែលមិនផ្តល់កិច្ចសហប្រតិបត្តិការ ទាក់ទងនឹងកិច្ចសហប្រតិបត្តិការក្នុងការធ្វើមាតុភូមិនិវត្តន៍ ដែលនាំទៅដល់ការដាក់ការរឹតត្បិតទិដ្ឋាការចំពោះមន្រ្តីជាន់ខ្ពស់របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ” ។
កម្ពុជា នៅតែបន្តអនុវត្តការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋខ្មែរនៅអាមេរិកមកកម្ពុជាវិញ ក្រោយពីផ្អាកបណ្ដោះអាសន្នដោយសារជំងឺកូវីដ ។ នេះជាការថ្លែងរបស់សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តីក្រសួងមហាផ្ទៃជាមួយលោក Patrick Murphyឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា កាលពីអំឡុងឆ្នាំ២០២០។
ចាប់គិតពីឆ្នាំ២០០២មកដល់ឆ្នាំ២០២០ ពលរដ្ឋខ្មែររស់នៅអាមេរិកចំនួន ៧៦៨នាក់ហើយ បានត្រឡប់មកកម្ពុជាវិញ។
សូមរំលឹកថា កម្ពុជាយល់ព្រមទទួល យកការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋកម្ពុជាដែលបានប្រព្រឹត្តិបទល្មើសនៅអាមេរិក មកកម្ពុជាវិញ តាមការស្នើរបស់អាមេរិក ដោយផ្អែកលើកិច្ចព្រមព្រៀងដែលភាគីទាំង២បានឯកភាពគ្នាកាលពីអំឡុងឆ្នាំ២០០២-២០០៣ ៕