ព័ត៌មានជាតិ

លោក ប្រាក់ សុខុន រំលឹកឡើងវិញ នៅចំពោះមុខ ឧបការីរដ្ឋមន្រ្តីការបរទេសអាមេរិក ពីការបន្តផ្តល់ ប្រព័ន្ធអនុគ្រោះពន្ធ GSP ដល់កម្ពុជា (Video)

ភ្នំពេញ ៖ លោកប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសខ្មែរ បានឆ្លៀតយកឱកាស ក្នុងជំនួបជាមួយលោក Daniel Kritenbrink ឧបការីរដ្ឋមន្រ្តីការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ដើម្បីរំលឹកឡើងវិញ អំពីការបន្តផ្តល់នូវប្រព័ន្ធអនុគ្រោះពន្ធ GSP ឡើងវិញដល់កម្ពុជា ខណៈលោកឧបនាយករដ្ឋមន្រ្តីប្រាក់ សុខុន បានបង្ហាញក្តីសង្ឃឹមម្តងរួចមក កាលពីជាង២ខែមុនថា កម្ពុជានឹងបន្តទទួលបាន ប្រព័ន្ធអនុគ្រោះពន្ធនេះទៀត ។

ការបង្ហាញក្តីសង្ឃឹមលោក ឧបនាយករដ្ឋមន្រ្តីខ្មែរនេះ បានធ្វើឡើងក្នុងជំនួបជាមួយលោក អេនតូនី ប្លីងខេន រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃ១៣ ឧសភា ក្នុងឱកាសចូលរួម កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ។

ការរំលឹកឡើងវិញ របស់ប្រមុខការទូតខ្មែរនេះ ជាលើកទី២ហើយ ក្រោយពីកម្ពុជា បានផុតសុពលភាព កាលពីឆ្នាំ២០២០។

យោងតាមលទ្ធផលនៃកិច្ចជំនួប រវាងលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងលោក Daniel Kritenbrink កាលពីថ្ងៃ១២ កក្កដា បានឲ្យដឹងថា “ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងឧបការីរដ្ឋមន្រ្តីការបរទេសអាមេរិក បានពិភាក្សាអំពីការលើកកម្ពស់ កិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យផ្សេងៗ ដែលក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្រ្តី បានសម្តែងនូវសេចក្តីពេញចិត្ត ចំពោះកំណើនជាលំដាប់ នៅក្នុងវិស័យពាណិជ្ជកម្មទ្វេភាគី និងបានរំលឹកឡើងវិញជាថ្មី អំពីការអំពាវនាវរបស់ឯកឧត្តម ឲ្យបន្តផ្តល់ឡើងវិញដល់កម្ពុជា នូវប្រព័ន្ធអនុគ្រោះពន្ធ GSP របស់សហរដ្ឋអាមេរិក ដើម្បីជាប្រយោជន៍ នៃទំនាក់ទំនងផ្នែក សេដ្ឋកិច្ច” ។

សូមបញ្ជាក់ថា GSP ជាប្រភេទប្រព័ន្ធអនុគ្រោះពន្ធ អនុញ្ញាតឲ្យមានការនាំចូលទំនិញ ដោយមិនបង់ពន្ធទៅកាន់អាមេរិក ។ កម្ពុជាទទួលបានប្រព័ន្ធអនុគ្រោះពន្ធ GSP ពីអាមេរិកតាំងឆ្នាំ១៩៩៧ ហើយអាច ឲ្យកម្ពុជានាំទំនិញ និងផលិតផលរាប់ពាន់មុខ ទៅកាន់ទីផ្សារអាមេរិក ៕

To Top