មូលដ្ឋានគ្រឹះនៃទន្លេមួយគឺ ស្ថិតនៅត្រង់ប្រភព ចំណែកឯអនាគត នៃប្រទេសមួយវិញគឺ ស្ថិតនៅត្រង់យុវជន ។ យុវជនគឺជាកម្លាំងដ៏វិជ្ជមាន និងរស់រវើកបំផុត ក្នុងសង្គមទាំងមូល យុវជនជាក្តីសង្ឃឹម របស់ប្រទេសជាតិ ហើយក៏ជាអនាគត របស់ប្រទេសជាតិផងដែរ ។ យុវជនចិនជាកម្លាំងឈានមុខ ក្នុងការសម្រេចបាន នូវភាពរុងរឿងថ្កុំថ្កើងដ៏មហិមា របស់ប្រជាជាតិចិនឡើងវិញ ជាប់រហូតមក ។
ដោយសារប្រវតិ្តកើតជំងឺមួយលើក របស់លោក Feng Zhiwei ជាយុវជនហុងកុងនៅកាលពីមុន ដូច្នេះ លោកក៏បានភ្ជាប់និស្ស័យ ជាមួយពេទ្យចិនសែ ។ កាលពីឆ្នាំ ២០១៨ បន្ទាប់ពីបានគិតពិចារណា ដោយមធ្យ័ត ទីបំផុត លោក Feng Zhiwei បានសម្រេចចិត្ត សិក្សាពីមុខវិជ្ជាពេទ្យចិនសែ នៅសាកលវិទ្យាល័យឱសថ និងពេទ្យចិនសែ Nanjing ។ បន្ទាប់ពីចាប់ផ្តើមការសិក្សា ជាផ្លូវការ លោក Feng Zhiwei ទើបមានអារម្មណ៏ថា ពេទ្យចិនសែ មានភាពអស្ចារ្យនិងអច្ឆរិយ ។ ពេលអនាគត លោករំពឹងថា នឹងបន្តការសិក្សាដើម្បីក្លាយជា អ្នកបន្តវេនពេទ្យចិនសែឱ្យបានល្អ ។
លោក Xu Danyang បានកើតក្រោយពីឆ្នាំ ១៩៩៥ ជាបុរាណវិទូម្នាក់ គឺជាបុរាណវិទូម្នាក់ នៃវិទ្យាស្ថានសិក្សាស្រាវជ្រាវវត្ថុបុរាណ និងបុរាណវិទ្យាខេត្ត Si chuan ។ ក្នុងចំណាប់អារម្មណ៍ របស់មនុស្សភាគច្រើន បុរាណវិទូភាគច្រើនគឺជា អ្នកជំនាញនិងបញ្ញវន្តជើងចាស់ ។ យ៉ាងណាមិញ ក្នុងការងារបុរាណវិទ្យា នៅជួរមុខរបស់ប្រទេសចិន តែងតែមានយុវជនជាច្រើននាក់ បំពេញភារកិច្ចយ៉ាងឧស្សាហ៍ព្យាយាម ។ លោកបាននិយាយថា “រាល់ពេលដែលក្រឡេកទៅមើល ពីវត្ថុបុរាណ សុទ្ធតែនឹងកើតមានការអង្រួនដួងចិត្ត ដែលមិនអាចពិពណ៌នាបាន “។ នៅកន្លែងបំពេញការងារបុរាណវិទ្យា អ្នកដែលដោះលេខសម្ងាត់អាថ៌កំបាំង នៃវត្ថុបុរាណដ៏មានតម្លៃទាំងនេះ ភាគច្រើន គឺ បុរាណវិទូដែលកើតក្រោយ ពីទសវត្សរ៍ឆ្នាំ ៩០ ។
សូមបញ្ជាក់ថា យុវជនក្នុងយុគសម័យថ្មី នៃប្រទេសចិន ពោរពេញទៅដោយភាពក្លៀវក្លា កម្លាំងរស់រវើក កាតព្វកិច្ចនិងទំនួលខុសត្រុវ ក្នុងដំណើរកសាងវិស្វកម្មដ៏សំខាន់ៗ ដែលឆ្លុះបញ្ចាំងពីកម្លាំងជាតិចម្រុះ និងផ្សព្វផ្សាយឆន្ទៈមុះមុតជាតិ ក្នុងគ្រាឆ្លើយតបនឹងភាពអាសន្ន ខាងវិបតិ្តសាធារណៈ ក្នុងគ្រាដ៏គន្លឹះប្រឈមនឹងការស្លាប់រស់ ពួកគេឥតរួញរាទេ ហើយបាននិងកំពុងធ្វើតាមពាក្យសន្យា ចំពោះប្រទេសនិងប្រជាជន តាមរយៈការអនុវត្តជាក់ស្តែងរបស់ខ្លួន ។
បន្ទាប់ពីបានផ្ទុះជំងឺកូវីដ ១៩ មក ក្រុមយុវជនឈានមុខជាង ៣២ ម៉ឺនក្រុមនិងយុវជនជាង ៥៥០ ម៉ឺននាក់ បាននិងកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ យ៉ាងមមាញឹកលើគ្រប់វិស័យ ដូចជាសុខាភិបាល និងសង្គ្រោះបន្ទាន់ គមនាគមន៍និងចរាចរណ៍ទំនិញ ព្រមនិងការស្ថាបនាវិស្វកម្មសំខាន់ៗជាដើម និងបានរួមចំណែកយ៉ាងសំខាន់ ក្នុងការយកឈ្នះលើសមរភូមិ នៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ។ ជាពិសេស ក្នុងចំណោមគិលានុបដ្ឋាយិកា ចំនួន ២៨៦០០ នាក់ក្នុងក្រុមជំនាញវេជ្ជសាស្ត្រ ដែលបានជួយខេត្តហ៊ូប៉ី អ្នកដែលមានអាយុជាង ៤០ ឆ្នាំឬ ៣០ ឆ្នាំមានចំនួនដល់ទៅ ៩០ ភាគរយនៃចំនួនគិលានុបដ្ឋាយិកាសរុប ។ ក្នុងការប្រយុទ្ធប្រឆាំង នឹងការរីករាលដាលនៃជំងឺឆ្លង ពួកគេមិនខ្លាចពលីជីវិត និងឧស្សាហ៍ព្យាយាមបំពេញការងារ យ៉ាងអង់អាចក្លាហាន ហើយទទួលបានជ័យជម្នះ ក្នុងការសាកល្បងដ៏សំខាន់លើកនេះ ។
មិនថាបំពេញការងារនៅកន្លែងវិស្វកម្ម ជាយុទ្ធសាស្ត្រ ដូចជា ការបង្ហូរឧស្ម័នធម្មជាតិ ពីភាគខាងលិចទៅខាងកើត និងការផ្ទេរទឹកពីភាគខាងត្បូង ទៅខាងជើងជាដើម ឬមួយក៏នៅការដ្ឋាន នៃគម្រោងជានីមិត្តសញ្ញា ដូចជា ស្ពានហុងកុង-ជូហៃ-ម៉ាកាវ អាកាសយានដ្ឋានអន្តរជាតិ Da xing ក្រុងប៉េកាំងនិងកុមប្រេស័រដើរ ដោយថាមពលនុយគ្លេអ៊ែរ “Hua long លេខ ១ “ក៏ដោយ ក៏ទង់នៃ”ក្រុមយុវជនឈានមុខ” និង”ក្រុមយុវជនពុះពារឧបសគ្គសំខាន់” បានបក់រវិចៗនៅគ្រប់ទីកន្លែង ។
យុវជនចិនស្វែងរកវឌ្ឍនភាព ខាងនយោបាយ ហើយឆន្ទៈរបស់ពួកគេដែលចង់ចូលជាសមាជិក បក្សកុម្មុយនីស្តចិន និងសម្ព័ន្ធយុវជនកុម្មុយនីស្តចិន បានលាន់ឮកាន់តែខ្លាំងឡើងៗជាបន្តបន្ទាប់ ។ យោងតាមទិន្នន័យស្ថិតិ បានឱ្យដឹងថា គិតរហូតដល់ខែមិថុនា ឆ្នាំ ២០២១ សមាជិកបក្សកុម្មុយនីស្តចិន ដែលមានអាយុក្រោម ៣៥ ឆ្នាំមានចំនួនសរុប ២៣ លាន ៦ សែន ៧ ម៉ឺន ៩ ពាន់នាក់ ត្រូវជា ២៤,៩ ភាគរយនៃបរិមាណសរុប ។ គិតរហូតដល់ដំណាច់ឆ្នាំ ២០២១ សមាជិកសម្ព័ន្ធយុវជនកុម្មុយនីស្តចិន មានចំនួនសរុប ៧៣ លាន ៧ សែន ១ ម៉ឺន ៥ ពាន់នាក់ ។
សង្គមគឺជាថ្នាក់រៀនដ៏សំខាន់ សម្រាប់ការធំធាត់ឡើង និងការអភិវឌ្ឍរបស់យុវជន ។ យុវជនចិនក្នុងយុគសម័យថ្មី ប្រកាន់ខ្ជាប់នូវអាកប្បកិរិយា ដែលកាន់តែមានជំនឿចិត្តលើខ្លួនឯង និងស្មារតី ដែលកាន់តែមានភាពម្ចាស់ការ ដើម្បីសម្របខ្លួនទៅនឹងសង្គម រួមបញ្ចូលជាមួយសង្គម ក៏ដូចជាចូលរួមក្នុងដំណើរការ អភិវឌ្ឍនៃសង្គម ហើយបានក្លាយជាអ្នកផ្តួចផ្តើម និងអ្នកអនុវត្តនៃកម្លាំងវិជ្ជមាន ។
គិតរហូតដល់ដំណាច់ឆ្នាំ ២០២១ អ្នកស្ម័គ្រចិត្តចុះបញ្ជីក្នុងប្រព័ន្ធព័ត៌មាន ស្តីពីសេវាកម្មស្ម័គ្រចិត្ត នៅទូទាំងប្រទេសចិន ដែលមានអាយុពី ១៤ ដល់ ៣៥ ឆ្នាំមានចំនួនលើសពី ៩០ លាននាក់ ។ ពួកគេបាននិងកំពុងចូលរួមការងារ នៅជួរមុខយ៉ាងសកម្មក្នុងគ្រប់វិស័យ ដូចជា កិច្ចកសាងសហគមន៍ ការប្រកួតកីឡាទ្រង់ទ្រាយធំ ការការពារបរិស្ថាន ការកាត់បន្ថយភាពក្រីក្រនិងអភិវឌ្ឍន៍ សុខាភិបាល និងការជួយសង្គ្រោះបន្ទាន់ជាដើម ដែលបានបង្កើតជាឥរិយាបថសង្គមថ្មី ដែលសាមគ្គីគ្នា និងជួយយកអាសាគ្នាទៅវិញទៅមក ប្រកបដោយសមភាព និងសេចក្តីស្រឡាញ់ក្នុងសង្គមទាំងមូល។
គិតរហូតដល់ឆ្នាំ ២០២១ យុវជនចំនួន ៤៧ ម៉ឺននាក់បានចូលរួមយ៉ាងសកម្ម ក្នុងការផ្តល់កាគាំទ្រដល់វិស័យអប់រំ កសិកម្មនិងសុខាភិបាល នៅតំបន់មូលដ្ឋាន ចំណែកឯនិស្សិតវ័យក្មេងរាប់លាននាក់វិញ បានចូលរួមសកម្មភាពអនុវត្តជាក់ស្ដែង ក្នុងសង្គមគ្រប់បែបយ៉ាង ដើម្បីបំពេញបំន្ថែមកម្លាំងចលករថ្មី សម្រាប់យុទ្ធនាការពុះពារឧបសគ្គ ក្នុងការលុបបំបាត់ភាពក្រីក្រ និងជំរុញឱ្យជនបទ មានភាពរុងរឿងឡើងវិញ ។
យុវជនចិនក្នុងយុគសម័យថ្មី បង្ហាញឱ្យឃើញទៅកាន់ពិភពលោក នូវការស្រមើស្រមៃនិងកម្លាំងផលិតកម្ម ការរំដោះគំនិតនិងធ្វើការត្រួសត្រាយ និងស្វែងរកការរីកចម្រើន ក៏ដូចជាហ៊ានចូលរួម ក្នុងការប្រកួតប្រជែងអន្តរជាតិ ដែលកាន់តែខ្លាំងក្លា ពីមួយថៃ្ងទៅមួយថ្ងៃ ។ ដោយទទួលបានផលប្រយោជន៍ ពីគោលនយោបាយល្អរបស់បក្សនិងរដ្ឋ ពួកគេបានក្លាយជាកម្លាំងរស់រវើក សម្រាប់ច្នៃប្រឌិតថ្មី និងបង្កើតអាជីពក្នុងគ្រប់វិស័យ ដូចជា សេដ្ឋកិច្ច សង្គម បច្ចេកវិទ្យានិងវប្បធម៌ជាដើម ។
គួរបញ្ជាក់ដែរថា បុគ្គលិកសិក្សាស្រាវជ្រាវស្នូល នៃក្រុមផ្កាយរណប Beidou មានអាយុគិតជាមធ្យម គឺ ៣៦ ឆ្នាំ ក្រុមវិទ្យាសាស្ត្រ quantum មានអាយុគិតជាមធ្យម គឺ ៣៥ ឆ្នាំ ចំណែកឯក្រុមតេឡេស្កូប FAST របស់ចិនមានអាយុ គិតជាមធ្យមត្រឹមតែ ៣០ ឆ្នាំប៉ុណ្ណោះ ។ ពួកគេបានលើកកម្ពស់យ៉ាងខ្លាំង នូវកម្លាំងចលករចំពោះការអភិវឌ្ឍ និងកម្លាំងប្រកួតប្រជែងអន្តរជាតិ របស់ប្រទេសចិនតាមរយៈចំណេះដឹងនិងបច្ចេកវិជ្ជា ដ៏ជំនាញរបស់ខ្លួន ។
យុវជនជាអនាគតរបស់ប្រទេសជាតិ ហើយក៏ជាអនាគត របស់ពិភពលោកផងដែរ ។ យុវជនចិនក្នុងយុគសម័យថ្មី មិនត្រឹមតែមានមនោសញ្ចេតនា ស្នេហាមាតុប្រទេសផង ហើយក៏មានមនោសញ្ចេតនា យកចិត្តទុកដាក់ដល់មនុស្សជាតិដែរ ។ ពួកគេបាននិងកំពុងរៀនសូត្រ យ៉ាងសកម្មនូវបទពិសោធ ដ៏មានតម្លៃនិងសមិទ្ធផលជាផ្លែផ្កា នៃអរិយធម៌របស់ប្រទេសនានា រួមសហការជាមួយយុវជន ប្រទេសនានាលើពិភពលោក ដើម្បីជំរុញការកសាង សហគមន៍រួមវាសនា នៃមនុស្សជាតិ ផ្សព្វផ្សាយគុណតម្លៃរួម របស់មនុស្សជាតិទាំងមូល ដែលប្រកបដោយសន្តិភាព ការអភិវឌ្ឍ សមភាព យុត្តិធម៌ ប្រជាធិបតេយ្យនិងសេរីភាព ក៏ដូចជាពួតដៃគ្នាដើម្បីត្រួសត្រាយអនាគត កាន់តែល្អបវររបស់មនុស្សជាតិផងដែរ ។
អ្នកស្ម័គ្រចិត្ត នៃគ្រូបង្រៀនភាសាចិនអន្តរជាតិ ដែលចាត់ទុកយុវជនជាតួអង្គសំខាន់ បានបម្រើការងារផែ្នកភាសាចិន ក្នុងប្រទេសជាង ១០០ ដែលបានជួយយុវជន ប្រទេសនានាឱ្យរៀនវប្បធម៌ចិន ។ “កម្មវិធីសេវាកម្មយុវជនស្ម័គ្រចិត្តចិន នៅបរទេស” បានចាត់បញ្ជូនយុវជនស្ម័គ្រចិត្ត សរុបជាង ៧០០នាក់ ដើម្បីផ្តល់សេវាលើគ្រប់វិស័យ ដូចជា សុខាភិបាល បច្ចេកវិទ្យាផែ្នកកសិកម្ម និងការអភិវឌ្ឍសង្គមជាដើម ក្នុងប្រទេសជាង ២០ នៅអាស៊ី អាហ្វ្រិកនិងអាមេរិកឡាទីន ។ ឆ្លងតាមរយៈការអនុវត្តជាក់ស្តែងរបស់ខ្លួន យុវជនចិនបានបញ្ជាក់ ទៅកាន់ពិភពលោកថា ឱ្យតែប្រជាជននៃបណ្តាប្រទេសនានា លើពិភពលោករួមចិត្តរួមកម្លាំង និងពួតដៃគ្នារីកចម្រើនទៅមុខ នោះ អនាគតនៃការបង្កើតសហគមន៍រួម វាសនារបស់មនុស្សជាតិ ពិតជានឹងមានភាពកាន់តែល្អ បវរជាក់ជាមិនខាន ។
គួររំលឹកថា តាំងពីសមាជបក្សកុម្មុយនីស្តចិន លើកទី ១៨ មក យុវជនចិនក្នុងយុគសម័យថ្មី បានចាត់ទុកការស្តារភាពរុងរឿងថ្កុំថ្កើងដ៏មហិមា របស់ប្រជាជាតិចិនឡើងវិញ ជាភារកិច្ចផ្ទាល់ខ្លួននិងបានបង្ហាញ ឱ្យឃើញនូវស្មារតីស្តីពីការមានជំនឿចិត្ត លើខ្លួនឯងនិងខិតខំតស៊ូ ដោយឯករាជ្យម្ចាស់ការ បានទទួលការយកចិត្តទុកដាក់ យ៉ាងដិតដល់និងកោតសរសើរ ពីសំណាក់សហគមន៍អន្តរជាតិ ។
នាពេលថ្មីៗកន្លងទៅនេះ វេបសាយនៃកាសែត 《The Statesman》 របស់ឥណ្ឌា បានចេញផ្សាយអត្ថបទ ដោយអះអាងថា យុវជនរបស់ប្រទេសចិន កំពុងរស់នៅក្នុងដំណាក់កាលដ៏ល្អបំផុត នៃការអភិវឌ្ឍសង្គមរបស់ប្រទេសចិន ដោយទទួលបានចន្លោះអភិវឌ្ឍន៍ កាន់តែទូលំទូលាយ ។ ពួកគេមិនដែលខ្លាច ការលំបាកណាឡើយ ធ្វើការតស៊ូព្យាយាមនៅជួរមុខ ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ ១៩ ចូលរួមក្នុងកិច្ចកសាង ដើម្បីជំរុញឱ្យជនបទ មានភាពរុងរឿងឡើងវិញ ក៏ដូចជាចូលរួមយ៉ាងសកម្ម ក្នុងសកម្មភាពសង្គមគ្រប់បែបយ៉ាង ។ ជាងនេះទៅទៀត ពួកគេមិនត្រឹមតែយកចិត្តទុកដាក់ ដល់មាតុប្រទេសរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងក៏យកចិត្តទុកដាក់ ចំពោះការអភិវឌ្ឍរបស់មនុស្សជាតិ ទាំងមូលផងដែរ ។
ក្នុងរយៈពេលមុននេះ មិនជាយូរប៉ុន្មាន វេបសាយ《nippo》របស់ជប៉ុនបានចេញផ្សាយអត្ថបទ ដោយអះអាងថា យោងតាមលទ្ធផលនៃការស្ទង់ ប្រជាមតិមួយលើកស្តីពីការ “តើលោកអ្នកសម្គាល់ឃើញថា ប្រទេសខ្លួនអាចទទួលបាន ការកែលម្អនៅពេលអនាគតឬទេ ?”ដែលបានធ្វើចំពោះយុវជនយុវនារី ដែលមានអាយុពី ១៧ ដល់ ១៩ ឆ្នាំចំនួន ៦០០០ នាក់របស់ប្រទេសចំនួន ៦ ដូចជា ជប៉ុន សហរដ្ឋអាមេរិក អង់គ្លេស ចិន កូរ៉េខាងត្បូង និងឥណ្ឌា បានបង្ហាញឱ្យឃើញថា យុវជនចិន ៩៥,៧ ភាគរយពោរពេញទៅដោយ សេចក្តីសង្ឃឹម ចំពោះអនាគត របស់ប្រទេសខ្លួន ។
ពិភពលោកនៅពេលអនាគត គឺពាក់ព័ន្ធដល់អនាគត និងជោគវាសនារបស់យុវជនយុវនារីគ្រប់រូប ហើយក៏ស្ថិតនៅលើការខិតខំតស៊ូព្យាយាម របស់យុវជនយុវនារីគ្រប់រូបផងដែរ ។ យុវជនចិនលើកគំនិតផ្តួចផ្តើម ចំពោះយុវជនពិភពលោកថា៖ គួរប្រកាន់ខ្ជាប់ការស្វែងរកគុណតម្លៃរួម ដែលឆ្ពោះទៅរកភាពល្អប្រសើរ ប្រមូលផ្តុំកម្លាំងខិតខំប្រឹងប្រែង និងជួយយកអាសាគ្នា បង្ហាញពីស្មារតីដែលពោរពេញ ទៅដោយភាពក្លៀវក្លា និងរស់រវើក តស៊ូព្យាយាមនិងរ៉ាប់រង កាតព្វកិច្ចដ៏សំខាន់ ដើម្បីជំរុញការអភិវឌ្ឍនិងវឌ្ឍនភាព របស់ប្រទេសជាតិ ក៏ដូចជារួមចំណែកជាប្រាជ្ញាស្មារតី និងកម្លាំងកាយចិត្តរបស់ចិន ដល់សន្តិភាពនិងការអភិវឌ្ឍ របស់ពិភពលោកផងដែរ ។
នាពេលបច្ចុប្បន្ននេះ ប្រទេសចិនបានឈានចូល ដំណាក់កាលអភិវឌ្ឍន៍ថ្មី ដំណើរថ្មីនៃកិច្ចកសាង ប្រទេសសង្គមនិយមទំនើប ដោយគ្រប់ជ្រុងជ្រោយបានចាប់ផ្តើម ហើយផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៤ បានឈានចូលឆ្នាំទី ២ ។ ឈរនៅចំណុចប្រសព្វគ្នា នៃប្រវត្តិសាស្ត្រ ជំនាន់វ័យក្មេងចិននឹងទទួលការ “បណ្តាក់វេន”ពីជំនាន់មុន ដូច្នេះ “តួអង្គសំខាន់” “កម្លាំងឈានមុខ” និង”កម្លាំងរស់រវើក”ដ៏ច្រើនរាប់មិនអស់ នឹងរួមចំណែកជាកម្លាំងយុវភាពរបស់ខ្លួន ក្នុងការសម្រេចបាននូវសុបិនចិន ដែលស្តារភាពរុងរឿងថ្កុំថ្កើង ដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ ដើម្បីជំរុញការអភិវឌ្ឍ របស់នាវាយយក្សចិន ឱ្យធ្វើនាវាចរណ៍ទៅមុខ ប្រកបដោយភាពនឹងនរ និងរឹងមាំ ក៏ដូចជាបំពេញបំន្ថែមកម្លាំងជាបន្តបន្ទាប់ ដើម្បីវិបុលភាពនិងស្ថិរភាព នៃពិភពលោក ៕ វិទ្យុមិត្តភាពកម្ពុជាចិន