ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ អះអាងថា កិច្ចសហប្រតិបត្តិការ បច្ចេកវិទ្យាជាមួយរុស្ស៊ី មានតាំងពីប៉ុន្មាន ថ្ងៃមុនការផ្ទុះ វិបត្តិអ៊ុយក្រែន មកម្លេះ

តេអេរ៉ង់ ៖ ក្រសួងការបរទេសអ៊ីរ៉ង់ បានឲ្យដឹងកាលពីថ្ងៃអង្គារថា កិច្ចសហប្រតិបត្តិការបច្ចេកវិទ្យា រវាងអ៊ីរ៉ង់ និងរុស្ស៊ី មានតាំងពីប៉ុន្មានថ្ងៃមុន វិបត្តិអ៊ុយក្រែន មកម្លេះ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។

លោក Nasser Kanaani អ្នកនាំពាក្យរបស់ក្រសួងបានធ្វើការ កត់សម្គាល់នៅពេលត្រូវបានសួរអំពីការអះអាង របស់ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivan កាលពីថ្ងៃចន្ទថា អ៊ីរ៉ង់កំពុងរៀបចំផ្តល់ឱ្យរុស្ស៊ី នូវយន្តហោះដ្រូនរាប់រយគ្រឿង រួមទាំងយន្តហោះ ដែលមានសមត្ថភាពអាវុធផងដែរ ទៅកាន់ប្រទេសរុស្ស៊ី។

លោកបានកត់សម្គាល់ថា ជំហររបស់អ៊ីរ៉ង់ ចំពោះជម្លោះរុស្ស៊ី-អ៊ុយក្រែន ដែលបានផ្ទុះឡើងនៅចុងខែកុម្ភៈ គឺ “ច្បាស់ណាស់ ហើយត្រូវបានប្រកាសជាផ្លូវការ ម្តងហើយម្តងទៀត” ។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian បានឲ្យដឹងនាពេលថ្មីៗនេះថា វិបត្តិអ៊ុយក្រែន មានឫសគល់ពីការពង្រីកអង្គការណាតូ ដែលជាសម្ព័ន្ធមិត្តយោធា លោកខាងលិច ឆ្ពោះទៅព្រំដែនរុស្ស៊ី និងការបង្កហេតុ របស់ខ្លួនប្រឆាំងនឹងទីក្រុងម៉ូស្គូ។

រដ្ឋមន្ត្រីរូបនេះបានបន្ដថា “វិបត្តិរបស់អ៊ុយក្រែនគួរតែត្រូវបានដោះស្រាយតាមរយៈវគ្គនៃការសន្ទនា និងការចរចា” ។លោក Kanaani ក៏បានចោទប្រកាន់សហរដ្ឋអាមេរិក និងរដ្ឋអឺរ៉ុប ពីការបង្វែរប្រទេស រួមទាំងប្រទេសមួយចំនួននៅអាស៊ីខាងលិច ទៅជា “ឃ្លាំងអាវុធដ៍សាហាវ ចម្រុះរបស់ពួកគេ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top