ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ រិះគន់ ប្រវត្តិសាស្ត្រ ជាច្រើន សតវត្សន៍ របស់ លោកខាងលិច ក្នុងការ បំផ្លាញ បរិស្ថាន

តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi បានថ្កោលទោស បណ្តាប្រទេសលោកខាងលិច ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការបំផ្លាញបរិស្ថាន ពិភពលោក ក្នុងរយៈពេលជាច្រើន សតវត្សកន្លងមកនេះ។

លោក Raisi បានឲ្យដឹងនៅក្នុង កិច្ចប្រជុំថ្នាក់តំបន់ស្តីពីបញ្ហាបរិស្ថាន ដែលធ្វើឡើងក្នុងរដ្ឋធានីតេអេរ៉ង់ ថា “វិធីសាស្រ្តអនុត្តរភាព របស់រដ្ឋាភិបាលលោកខាងលិច ក្នុងកំឡុងសតវត្សកន្លងមក និងការទន្ទ្រានគ្មានដែន កំណត់របស់ពួកគេលើ ធនធានធម្មជាតិ គឺជាកត្តាចម្បងមួយ នៃបញ្ហាបរិស្ថាន” ។

លោកបានបន្ដថា លោកខាងលិចគួរតែ “ទទួលខុសត្រូវបន្ថែមទៀត ក្នុងការការពារបរិស្ថាន” ដោយជំរុញឱ្យបណ្តាប្រទេស លោកខាងលិចជៀសវាងការ ប្រើប្រាស់កត្តាបរិស្ថាន សម្រាប់ “អាណានិគមនិយមថ្មី” របស់ពួកគេនៅ ក្នុងវិស័យបច្ចេកវិទ្យា។

លោក Raisi ក៏បានចង្អុលបង្ហាញ ពីបញ្ហាប្រឈមផ្នែកបរិស្ថានក្នុងតំបន់មួយចំនួន រួមទាំងវិបត្តិនៃការកើនឡើងនៃព្យុះធូលី ការប្រែប្រួលអាកាសធាតុ និងការបំពុលនៃធនធានជីវសាស្រ្ត។

លោកប្រធានាធិបតី បានសង្កត់ធ្ងន់ថា ដំណោះស្រាយ ចំពោះបញ្ហាតម្រូវឱ្យមានការប្តេជ្ញាចិត្តក្នុងតំបន់ និងសកលលោកដោយលើកឡើងថា “យន្តការសម្រាប់ការដោះស្រាយបញ្ហាបរិស្ថាន អាស្រ័យលើកិច្ច សហប្រតិបត្តិការក្នុងតំបន់ និងការបញ្ចូលគ្នា” ។

កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ថ្នាក់តំបន់ នៃកិច្ចសហប្រតិបត្តិការបរិស្ថាន សម្រាប់អនាគតកាន់តែប្រសើរឡើង ត្រូវបានធ្វើឡើងនៅទីក្រុងតេអេរ៉ង់ កាលពីថ្ងៃអង្គារដោយមានការ ចូលរួមពីរដ្ឋមន្ត្រី និងមន្ត្រីផ្សេងទៀត មកពីប្រទេសក្នុងតំបន់ចំនួន ១១៕
ប្រែសម្រួល ឈូក បូរ៉ា

To Top