ម៉ូស្គូ៖ វិមានក្រឹមឡាំងបានឲ្យដឹងថា ទីក្រុងមូស្គូវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយទីក្រុងរីយ៉ាដ ហើយសង្ឃឹមថាដំណើរទស្សនកិច្ចនាពេលខាងមុខរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត នឹងមិនត្រូវបានប្រើ ដើម្បីបង្កើតអរិភាពប្រឆាំងនឹងរុស្ស៊ីនោះទេ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ដោយដកស្រង់សម្តីអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ថា “យើងវាយតម្លៃខ្ពស់ ចំពោះផលប្រយោជន៍ ទំនាក់ទំនងរបស់យើង និងកិច្ចសហប្រតិបត្តិការរបស់យើងជាមួយទីក្រុងរីយ៉ាដ” ។
លោកបានលើកឡើងថា “យើងសង្ឃឹមថាការកសាង និងការអភិវឌ្ឍទំនាក់ទំនងរបស់ទីក្រុងរីយ៉ាដ ជាមួយប្រទេសផ្សេងទៀតនឹងមិនមានវិធីណាមួយប្រឆាំងនឹងយើងឡើយ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ការអត្ថាធិប្បាយនេះ ធ្វើឡើងនៅមុនដំណើរទស្សនកិច្ចរបស់លោកបៃដិន ទៅប្រទេសអារ៉ាប៊ីសាអូឌីតក្នុងសប្តាហ៍ នេះ។ ដំណើរទស្សនកិច្ចនេះមានគោលបំណងលើកកម្ពស់ទំនាក់ទំនងទ្វេភាគីជាប្រវត្តិសាស្ត្រនិងភាពជាដៃគូយុទ្ធសាស្ត្ររវាងសហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីត៕
ប្រែសម្រួល ឈូក បូរ៉ា