ព័ត៌មានអន្តរជាតិ

Update: ប្រធានាធិបតីអ៊ីតាលី ច្រានចោលសំណើលាលែងតំណែង របស់នាយករដ្ឋមន្រ្តី

រ៉ូម៖ ប្រធានាធិបតីអ៊ីតាលីលោក Sergio Mattarella បានច្រានចោលសំណើលាលែង ពីតំណែងរបស់នាយករដ្ឋមន្ត្រីលោក Mario Draghi បន្ទាប់ពីបានជួបលោក កាលពីយប់ថ្ងៃព្រហស្បតិ៍ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Draghi បានសម្រេចចិត្តលាលែងពីតំណែងជាផ្លូវការ បន្ទាប់ពីកងកម្លាំងធំបំផុតទីពីរ នៅក្នុងសម្ព័ន្ធរបស់លោក គឺចលនាផ្កាយ៥ (M5S) បានធ្វើពហិការការបោះឆ្នោតផ្ដល់ទំនុកចិត្ត លើសេចក្តីព្រាងច្បាប់ផ្តល់ជំនួយសង្គ្រោះ របស់រដ្ឋាភិបាល ដើម្បីប្រយុទ្ធប្រឆាំងនឹង ការឡើងថ្លៃនៅក្នុងព្រឹទ្ធសភា។

នៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការមួយ បន្ទាប់ពីកិច្ចប្រជុំរបស់ពួកគេនៅឯវិមាន Quirinale ការិយាល័យរបស់លោក Mattarella បានឲ្យដឹងថា “ប្រធានាធិបតី មិនបានទទួលយកការលាលែងនេះទេ” ។

សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា លោក Mattarella បានអញ្ជើញលោក Draghi “ឱ្យបង្ហាញខ្លួននៅចំពោះមុខសភា សម្រាប់ការទំនាក់ទំនង ដើម្បីធ្វើការវាយតម្លៃស្ថានភាព … នៅក្នុងវេទិកាត្រឹមត្រូវរបស់ខ្លួន” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top