ភ្នំពេញ ៖ វិសោធនកម្មរដ្ឋធម្មនុញ្ញកម្ពុជា ដែលជាច្បាប់កំពូល របស់ជាតិលើកទី១០ បានឆ្លងផុត ទាំងគណៈរដ្ឋមន្រ្តី និងក្រុមប្រឹក្សាធម្មនុញ្ញ ហើយថែមទាំងមាន ការបកស្រាយពីរដ្ឋមន្រ្តីក្រសួង យុត្តិធម៌ផងដែរនោះ នៅតែជាទីចាប់អារម្មណ៍ ពីអ្នកពាក់ព័ន្ធខាងបក្សប្រឆាំង សង្គមស៊ីវិល និងអ្នកតាមដាន់សង្គម ត្រូវបានលោក សុន ឆ័យ មកពីខាងគណបក្សភ្លើងទៀន លើកជាយោបល់ថា វិសោធនកម្មនេះ មើលទៅគឺ ព្រួយបារម្ភលើតំណែង នាយករដ្ឋមន្រ្តីប៉ុណ្ណោះ មិនមែនសំដៅលើស្ថាប័នជាតិ ទាំងមូលទេ ។
រដ្ឋធម្មនុញ្ញកម្ពុជា បង្កើតកាលពីឆ្នាំ១៩៩៣ គិតមកទល់ពេលនេះ មានអាយុកាលជិត៣០ឆ្នាំហើយនោះ ត្រូវបានស្នើធ្វើវិសោធនកម្ម១០ដង មកដល់ឆ្នាំ២០២២នេះ ។ សម្រាប់លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា យល់ឃើញថា វិសោធនកម្មនេះ គឺត្រឹមត្រូវតាមច្បាប់ មិនមែនជាការឆក់ប្លន់អំណាចទេ ហើយក៏ស្របតាមគោលការណ៍ច្បាប់ ដើម្បីពង្រឹង និងធានាដល់ស្ថាប័នជាតិ។
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន បានថ្លែងក្រោយចេញពីសវនានៅថ្ងៃ១៥ កក្កដាថា “វិសោធនកម្មរដ្ឋធម្មនុញ្ញ គឺចាប់អារម្មណ៍ តែទៅលើតួនាទីនាយករដ្ឋមន្រ្តី ។ គឺខ្ញុំបានមើលហើយ គឺពាក់ព័ន្ធនឹងការព្រួយបារម្ភរបស់តំណែងនាយករដ្ឋមន្រ្តី” ។
លោកបានរំលឹកថា នៅក្នុងច្បាប់ចាស់ នាយករដ្ឋមន្រ្តីចេញពីគណបក្សឈ្នះឆ្នោតជ្រើស តាំងដោយរដ្ឋសភា ដើម្បីរៀបចំគណៈរដ្ឋមន្រ្តីថ្មី ប៉ុន្តែវិសោធន កម្ម លើកនេះ និយាយតែពីបក្សមានអាសនៈច្រើនជាងគេ ។ លោកថា បើនិយាយពីបក្សឈ្នះឆ្នោត បក្ស២រួមគ្នាទៅ បានច្រើនលើសពី៥០បូក១ មានសិទ្ធិជ្រើសតាំង នាយករដ្ឋមន្រ្តី តែលើកនេះទោះបីជាបក្ស មិនបានអាសនៈគ្រប់៥០បូក១ ក៏មានសិទ្ធិស្នើព្រះមហាក្សត្រតែងតាំងតែម្តង មិនមែនសភាពតែងតាំងទេ ។
លោកថា សរុបមកគឺផ្តោតតែទៅលើការតែងតាំងតំណែងនាយករដ្ឋមន្រ្តី តែមិនព្រមគិតគូពង្រឹងលទ្ធិប្រជាធិបតេយ្យ និងស្ថាប័នជាតិ ដើម្បីបម្រើសេវាល្អជូនពលរដ្ឋទេ។
ចំពោះ លោក សុខ ឥសានថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ អាចធ្វើបាននៅបណ្តាមាត្រា លើកលែងតែមាត្រា ដែលប៉ះពាល់ដល់របបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ និងប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស ។
លោកបញ្ជាក់ថា “ការធ្វើច្បាប់ និង ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ស្របតាមសំណូមពរត្រូវការរបស់ប្រទេសជាតិ និងតាមនីតិវិធី គឺត្រឹមត្រូវតាមច្បាប់ មិនមែនជាការឆក់ប្លន់អំណាចទេ ។ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ស្របតាមគោលការណ៍ច្បាប់ គឺដើម្បីពង្រឹង និងធានាដល់ស្ថាប័នជាតិ ដំណើរការដោយរលូន និងប្រកបដោយនិរន្តរភាព” ។
ក្រោយ៥ថ្ងៃ បន្ទាប់ពីសេចក្តីស្នើសុំធ្វើវិសោធនកម្ម លើមាត្រចំនួន៨ នៃរដ្ឋធម្មនុញ្ញកម្ពុជា ត្រូវបានគណៈរដ្ឋមន្រ្តីអនុម័តយល់ព្រម នៅព្រឹកថ្ងៃ១៣ កក្កដា ក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេចជាឯកច្ឆ័ន្ទ ក្រាបបង្គំទូលថ្វាយព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជាថា ការស្នើសុំធ្វើវិសោធនកម្ម អាចធ្វើទៅបានស្របទៅបរិបទ នៃសភាពការណ៍ជាក់ស្តែង និងពុំមានអ្វីប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ព្រមទាំងធ្វើឡើង នៅពេលប្រទេសជាតិ មិនឋិតក្នុងភាពអាសន្ន៕