បរទេស៖ សភារបស់ប្រទេសស្រីលង្កា បានទទួលយកការលាលែង ពីតំណែងរបស់ប្រធានាធិបតី Gotabaya Rajapaksa ដោយបញ្ចប់ការគ្រប់គ្រង ដោយគ្រួសារដែលកាន់អំណាចជិត ២០ឆ្នាំ។
យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Rajapaksa បានលាលែងពីតំណែង បន្ទាប់ពីបានភៀសខ្លួន ទៅកាន់ប្រទេសសិង្ហបុរី ចំពេលមានការតវ៉ាដ៏ធំជុំវិញ ការគ្រប់គ្រងសេដ្ឋកិច្ច មិនត្រឹមត្រូវរបស់លោក។
ប្រទេសស្រីលង្កាកំពុងស្ថិតក្នុង ភាពចលាចលផ្នែកសេដ្ឋកិច្ច ខណៈប្រទេសនេះប្រឈមនឹង ការខ្វះខាតស្បៀងអាហារ ប្រេងឥន្ធនៈ និងការផ្គត់ផ្គង់មូលដ្ឋានផ្សេងទៀត។
ការលាលែងពីតំណែងរបស់លោក Rajapaksa បើកផ្លូវឱ្យប្រទេសនេះចាប់ផ្តើមដំណើរការ បោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី។
ប្រធានសភារបស់ប្រទេសស្រីលង្កា លោក Mahinda Yapa Abeywardena បាននិយាយនៅថ្ងៃសុក្រថា លោកទទួលយកការលាលែង ពីតំណែងរបស់លោក Rajapaksa ដែលលោកបានទទួល កាលពីល្ងាចថ្ងៃព្រហស្បតិ៍។
លោកបានអំពាវនាវ ឲ្យសភាកោះប្រជុំនៅថ្ងៃសៅរ៍ ដើម្បីចាប់ផ្តើមដំណើរការបោះឆ្នោត ជ្រើសរើសមេដឹកនាំថ្មី។ នាយករដ្ឋមន្ត្រី Ranil Wickremesinghe បានស្បថចូលកាន់តំណែង ជាប្រធានាធិបតីស្តីទី ៕
ប្រែសម្រួលៈ ណៃ តុលា