ព័ត៌មានអន្តរជាតិ

អារ៉ាប៊ីសាអូឌីត ​នឹងធ្វើសេដ្ឋកិច្ចពិភពលោក មានស្ថិរភាព នៅក្នុងអំឡុង ជំនួបកំពូល G20

បរទេស៖ តំណាងអចិន្ត្រៃយ៍ ប្រចាំនៅអង្គការ សហប្រជាជាតិ របស់ប្រទេស​អារ៉ាប៊ីសាអូឌីត លោក Abdallah Al-Mouallimi បានធ្វើការបញ្ជាក់ថា តាមរយៈភាពជាប្រធាន ក្រុមប្រទេស G20 ទីក្រុងរីយ៉ាដ នឹងធ្វើឲ្យប្រសើរឡើង នូវសហប្រតិបត្តិការ និងស្វែងរកឆន្ទៈរួមគ្នា របស់អន្តរជាតិ លើបញ្ហាសេដ្ឋកិច្ចដ៏សំខាន់។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន ARAB NEWS បានឲ្យដឹងថា ការថ្លែងបែបនេះ គឺត្រូវបានធ្វើឡើង ក្នុងសុន្ទរកថា​របស់លោក Al-Mouallimi ក្នុងអំឡុងកិច្ចប្រជុំ របស់ក្រុមប្រទេស ចំនួន៧៧ និងប្រទេសចិន នៅទីស្នាក់ការកណ្ដាល របស់អង្គការសហប្រជាជាតិ ក្នុងទីក្រុងញូយ៉ក។

លោកបានមានប្រសាសន៍ បន្ថែមយ៉ាងដូច្នេះថា “ប្រទេសអារ៉ាប៊ីសាអូឌីត ក៏នឹងធ្វើការ ដើម្បីសម្រេចបានស្ថិរភាព ក្នុងសេដ្ឋកិច្ចពិភលលោក អភិវឌ្ឍគោលនយោបាយ ដ៏មានប្រសិទ្ធភាព ដើម្បីទទួលបានការអភិវឌ្ឍ ជាប់ជានិច្ច និងមានតុល្យភាព និងបង្កើតឱកាសលើកកម្ពស់ ស្តង់ដារការរស់នៅ និងសុខុមាលភាព នៅក្នុងចំណោមប្រជាជន ក្នុងពិភពលោក”៕ ប្រែសម្រួល៖ប៉ាង កុង

To Top