ព័ត៌មានអន្តរជាតិ

លោក Biden សង្ឃឹមថា អារ៉ាប៊ីសាអូឌីត ចាត់វិធានការលើការផ្គត់ផ្គង់ប្រេង ក្នុងពេលតម្លៃប្រេងសាំង នៅអាមេរិក កើនឡើងខ្ពស់

បរទេស៖ ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយកាលពីថ្ងៃសុក្រថា លោករំពឹងថា ប្រទេសអារ៉ាប៊ីសាអូឌីត នឹងចាត់វិធានការ ដើម្បីធានាឱ្យមានការផ្គត់ផ្គង់ ប្រេងគ្រប់គ្រាន់ បន្ទាប់ពីកិច្ចពិភាក្សាជាមួយ មេដឹកនាំនៃព្រះរាជាណាចក្រមួយនេះ ហើយលោកក៏បានសង្កត់ធ្ងន់ផងដែរថា លោកមិនបានជៀសឆ្ងាយ ពីការដោះស្រាយ អំពីការសម្លាប់ អ្នកកាសែត លោក Jamal Khashoggi ឆ្នាំ ២០១៨ នោះទេ។

យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោក Biden ទៅកាន់ប្រទេសមជ្ឈិមបូព៌ា បានធ្វើឡើងនៅចំពេល ដែលប្រទេសផលិតប្រេងឆៅដ៏ធំ មានសន្ទុះខ្លាំង ខណៈដែលសហរដ្ឋអាមេរិក កំពុងតស៊ូ ជាមួយនឹងតម្លៃប្រេងសាំងខ្ពស់ ចំពេលមានសង្គ្រាម របស់រុស្ស៊ីនៅអ៊ុយក្រែន។ ដំណើរទស្សនកិច្ចនេះក៏បានបង្កឲ្យមានភាពចម្រូងចម្រាសផងដែរ ខណៈអ្នករិះគន់ ព្រមានសហរដ្ឋអាមេរិក ប្រឆាំងនឹងការសម្រុះសម្រួល ជំហររបស់ខ្លួន លើកំណត់ត្រាសិទ្ធិមនុស្ស របស់អារ៉ាប៊ីសាអូឌីត។

បន្ទាប់ពីកិច្ចពិភាក្សា ជាមួយមេដឹកនាំ អារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់រាជទាយាទ Mohammed bin Salman និងមន្ត្រីដទៃទៀត លោក Biden បានប្រាប់អ្នកសារព័ត៌មានថា លោកមាន “ការពិភាក្សាដ៏ល្អមួយស្តីពី ការធានាសន្តិសុខ ថាមពលសកល និងការផ្គត់ផ្គង់ប្រេងគ្រប់គ្រាន់ ដើម្បីគាំទ្រដល់កំណើន សេដ្ឋកិច្ចពិភពលោក”។

លោកបន្ថែមថា “ខ្ញុំកំពុងធ្វើអស់ពីសមត្ថភាព ដើម្បីបង្កើនការផ្គត់ផ្គង់ សម្រាប់សហរដ្ឋអាមេរិក ដែលខ្ញុំរំពឹងថានឹងកើតឡើង។ អារ៉ាប៊ីសាអូឌីតចែករំលែក ភាពបន្ទាន់នោះ ហើយផ្អែកលើការពិភាក្សា របស់យើងនៅថ្ងៃនេះ ខ្ញុំរំពឹងថា យើងនឹងឃើញជំហានបន្ថែមទៀត នៅពេលខាងមុខ រយៈពេលប៉ុន្មានសប្តាហ៍នេះ”៕

ប្រែសម្រួលៈ ណៃ តុលា

To Top