ព័ត៌មានជាតិ

ភ្នំពេញ និងបណ្តាខេត្តមួយចំនួន នឹងមានភ្លៀងធ្លាក់ច្រើន ដោយអន្លើៗ

ភ្នំពេញ៖ កម្ពុជានឹងទទួលឥទ្ធិពល ពីជ្រលងនៃប្រព័ន្ធសម្ពាធទាប អូសបន្លាយពីភាគខាងជើងប្រទេសថៃ កាត់លើភាគខាងត្បូងប្រទេសឡាវ និងភាគកណ្ដាលប្រទេសវៀតណាម ជាមួយខ្យល់មូសុងនិរតីបក់ ក្នុងល្បឿនពីមធ្យមទៅបង្គួរ ធ្វើឲ្យខេត្តមួយចំនួន និងរាជធានីភ្នំពេញមានភ្លៀងធ្លាក់ច្រើន ចាប់ពីថ្ងៃ២០-២៦កក្កដា ។ នេះបើតាមការប្រកាសរបស់ក្រសួងធនធានទឹក នាថ្ងៃ១៩ កក្កដា ។

ស្ថានភាពបែបនេះ នឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមាពី ២៤-២៦អង្សាសេ និងសីតុណ្ណភាពអតិបរមាពី៣៤-៣៦អង្សាសេ នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ ។ ជាមួយគ្នានោះ បណ្តាផ្នែកខ្លះនៃបណ្តាខេត្ត និងរាជធានីអាចមានភ្លៀងធ្លាក់ច្រើនដោយអន្លើ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

ចំពោះបណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន មានសីតុណ្ហភាពអប្បបរមាពី២៣-២៥អង្សាសេ និងសីតុណ្ហភាពអតិបរមាពី៣៤-៣៦អង្សាសេ នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

ដោយឡែក តំបន់មាត់សមុទ្រវិញ មានសីតុណ្ហភាពអប្បបរមាពី២៣-២៥អង្សាសេ និងសីតុណ្ណភាពអតិបរមាពី ៣៣-៣៥អង្សាសេ នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ៕

To Top