បរទេស ៖ ក្រសួងការបរទេស និងការពារជាតិនៅទីក្រុងប៉េកាំង បានចេញសេចក្តីថ្លែងការណ៍ ដ៏ម៉ឺងម៉ាត់កាលពីថ្ងៃចន្ទ ដោយថ្កោលទោសរដ្ឋបាលលោក Biden ចំពោះការយល់ព្រមលក់ អាវុធថ្មីរបស់សហរដ្ឋអាមេរិក ទៅឱ្យកោះតៃវ៉ាន់ ។ កិច្ចព្រមព្រៀងនេះ មានតម្លៃប្រមាណ ១០៨ លានដុល្លារ ហើយរួមបញ្ចូលទាំងគ្រឿង របស់រថពាសដែក និងជំនួយបច្ចេកទេស ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការពារជាតិ លោកវរសេនីយ៍ Tan Kefei បាននិយាយថា ទីក្រុងប៉េកាំង “ទាមទារ” ឱ្យសហរដ្ឋអាមេរិក “ដកជាបន្ទាន់នូវផែនការ លក់អាវុធដែលបានរៀប រាប់ខាងលើ ឱ្យតៃវ៉ាន់” ក៏ដូចជាបញ្ឈប់កិច្ចព្រមព្រៀង សព្វាវុធផ្សេងទៀត និងកាត់ផ្តាច់ទំនាក់ទំនងយោធា ជាមួយកោះនេះ ។ បើមិនដូច្នេះទេ ភាគីអាមេរិកនឹង ទទួលខុសត្រូវទាំងស្រុង ចំពោះការធ្វើឱ្យខូចទំនាក់ទំនងរវាងចិន និងអាមេរិក និងយោធាទាំងពីរ ព្រមទាំងសន្តិភាព និងស្ថិរភាព នៃច្រកសមុទ្រតៃវ៉ាន់»។
លោកវរសេនីយ៍ Tan Kefei បានបន្ថែមថា “កងទ័ពរំដោះប្រជាជនចិននឹងចាត់វិធានការ ចាំបាច់ទាំងអស់ ដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីយ៉ាងរឹងមាំ ហើយរារាំងយ៉ាងម៉ឺងម៉ាត់នូវរាល់ទម្រង់ នៃការជ្រៀតជ្រែកពីខាងក្រៅ និងការប៉ុនប៉ងបំបែកខ្លួនសម្រាប់ “ឯករាជ្យភាពតៃវ៉ាន់” ៕
ប្រែសម្រួលៈ ណៃ តុលា