ព័ត៌មានជាតិ

ឆមាសទី១ ពន្ធដារ ប្រមូលចំណូលជិត ២ពាន់លានដុល្លារ

ភ្នំពេញ៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកដ្ឋានពន្ធដារ បានថ្លែងថា ក្នុងឆមាសទី១ ឆ្នាំ២០២២ ពន្ធដារ ប្រមូលចំណូលពន្ធ-អាករ ប្រមាណជា ១ ៩៧០,៥១ លានដុល្លារ ស្មើនឹង ៦៩.៨៩% នៃផែនការច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ កើនឡើង ២៩.៨៧%។

យោងតាមសេក្ដីប្រកាសព័ត៌មាន ស្ដីពី កិច្ចប្រជុំបូកសរុបលទ្ធផលការងារ​ ប្រមូលចំណូលពន្ធ ប្រចាំខែមិថុនា និងប្រចាំឆមាសទី១ ឆ្នាំ២០២២ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ដ របស់អគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី១៩ កក្កដា លោក គង់ វិបុល បានចាត់ទុកលទ្ធផល ប្រមូលចំណូលពន្ធនេះ គឺជាទីមោទកមួយ មិនអាចកាត់ផ្តាច់ចេញពីការដឹកនាំ របស់រាជរដ្ឋាភិបាល ។

លោកបញ្ជាក់ថា «សរុបក្នុងឆមាសទី១ ឆ្នាំ២០២២ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារ ប្រមូលបានជាក់ស្ដែង តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ របស់អគ្គនាយកដ្ឋានពន្ធដារ មានចំនួន ៧ ៩៨០,៥៧ ប៊ីលានរៀល (ប្រមាណជា ១ ៩៧០.៥១ លានដុល្លារ) ស្មើនឹង ៦៩.៨៩% នៃផែនការច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ធៀបនឹងចំណូលពន្ធ-អាករ ក្នុងរយៈពេលដូចគ្នា ឆ្នាំ២០២១ ឃើញថា កើនឡើងចំនួន ១ ៨៣៣,៥៩ ប៊ីលានរៀល (ប្រមាណជា ៤៥២,៧៤ លានដុល្លារ) ស្មើនឹង ២៩.៨៧%»។

លោកបន្ដថា សរុបក្នុងឆមាសទី១ ឆ្នាំ២០២២ ចំណូលពីប្រភេទពន្ធសំខាន់ៗ បានរក្សាកំណើនធៀបនឹង រយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ក្នុងនោះ ពន្ធលើប្រាក់ចំណូល ២៧.១៩% អាករលើតម្លៃបន្ថែម ៣៣.៣៧% ពន្ធលើប្រាក់បៀវត្ស ២៥.១៦% អាករពិសេស ៣៤.០១% ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ ៤៤.៣៨%, និងពន្ធលើឈ្នួលផ្ទះ និងដី ១០.១២%។

ចំពោះលទ្ធផលប្រមូលពន្ធ ក្នុងខែមិថុនា ឆ្នាំ២០២២ លោក គង់ វិបុល បានបង្ហាញថា មានប្រមាណជា ២៤៣,៤៨ លានដុល្លារស្មើនឹង ៨,៦៤% នៃផែនការច្បាប់ហិរញ្ញវត្ថុ សម្រាប់ការ គ្រប់គ្រងឆ្នាំ២០២២។ បើប្រៀបធៀបនឹងចំណូលពន្ធ-អាករប្រចាំ ខែមិថុនា ឆ្នាំ២០២១ ឃើញថា កើនឡើង ៧៥,៨៧ លានដុល្លារ ស្មើនឹង ៤៥,២៧%៕

To Top