ព័ត៌មានជាតិ

លោក សុខ ឥសាន ៖ Al Jazeera ចោទប្រកាន់ក្រុមឥស្សរជន ជាន់ខ្ពស់កម្ពុជា រកស៊ីជាមួយចិនថា ជាឧក្រិដ្ឋកម្ម គឺមិនត្រឹមត្រូវ (Video)

ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា លោក សុខ ឥសាន បដិសេធ រាល់ការចោទប្រកាន់ របស់ស្ថាប័នព័ត៌មាន អន្តរជាតិមួយឈ្មោះថា “Al Jazeera” មកលើឥស្សរជនជាន់ខ្ពស់កម្ពុជាថា បានរកស៊ីជាមួយជនជាតិចិន ភាគច្រើន តាមបែបជំនួញ ឧក្រិដ្ឋកម្ម គឺជារឿង មិនត្រឹមត្រូវ និងមិនពិតទាល់តែសោះ ។ លោកបានហៅការចោទប្រកាន់នេះថា មាននិន្នាការនយោបាយ និងលំអៀង ទៅរកមនោគមន៍ វិជ្ជាម្ខាងៗ ។ លោកដាក់ជាសំណួរថា ដូច្នេះឲ្យតែអ្នកជំនួញកម្ពុជា ដាក់ទុនវិនិយោគជាមួយជនបរទេស គឺសុទ្ធតែជាអំពើខុសច្បាស់? ។

ការបដិសេធពីសំណាក់ អ្នកនាំពាក្យបក្សកាន់អំណាចនេះ បន្ទាប់ Al Jazeera ស្រាវជ្រាវរកឃើញថា “មានក្រុមឧកញ៉ា ដែលមានកេរ្តិ៍ឈ្មោះមិនល្អ និងឥស្សរជន នៃរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយ ក្នុងជំនួញរកស៊ីបែបឧក្រិដ្ឋកម្ម ។ ក្នុងនោះ អាល់ហ្សាហ្ស៊ីរ៉ា រកឃើញថា ឧកញ៉ា ទ្រី ភាព សមាជិកព្រឹទ្ធសភា លោក កុក អាន លោក ហ៊ុន តូ និងឧកញ៉ា សៀង ឬទ្ធី ជាកូនប្រសារលោក កុក អាន ព្រមទាំងក្រុមឈ្មួញ ដែលស្និទ្ធនឹងខ្សែ ស្រឡាយត្រកូល «ហ៊ុន » សុទ្ធតែមានទំនាក់ទំនងវិនិយោគ ទឹកប្រាក់រាប់ពាន់លានដុល្លារ ជាមួយក្រុមឧក្រិដ្ឋជនចិន ក្នុងការកំណត់គោលដៅ ចាប់ជម្រិតមនុស្សជុំវិញ ពិភពដើម្បីឆបោក និងជម្រិតទារប្រាក់ តាមវិធីសាស្ត្របែបទំនើប” ។ នេះបើយោងតាមការផ្សាយ របស់វិទ្យុអាស៊ីសេរី។

រាល់ការលើកឡើងនេះ ត្រូវបានលោក សុខ ឥសាន ឆ្លើយតបទៅវិញថា ជាការចោទប្រកាន់ មិនបានផ្សាយភ្ជាប់ ទៅនឹងការពិតជាក់ស្តែង កើតឡើងនៅកម្ពុជាឡើយ ។ លោកថា កម្ពុជាបើកសេដ្ឋកិច្ចលំហរទីផ្សារជើងមេឃ ក្នុងការឲ្យជនបរទេស មកវិនិយោគ ដោយរួមសហការ ជាមួយឈ្មួញខ្មែរ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ ដោយកម្ពុជានៅមានភាពក្រីក្រ ក្រោយរួចផុតពីការរំដោះ ពីរបបប្រល័យ ពូជសាសន៍ ។ ជាលទ្ធផលឃើញថា កម្ពុជាក្នុងរយៈពេលជាង២០ចុងក្រោយនេះ មានការវិវត្តប្រែប្រួលជាខ្លាំង ដោយបណ្តាប្រទេស ក្នុងពិភពលោកទទួលស្គាល់ ។ នេះក៏ជាភស្តុតាងជាក់ស្តែងផងដែរ ។

លោកបន្តទៀតថា “អីចឹងការចោទប្រកាន់ ឲ្យតែអ្នកណារកស៊ី ជាមួយបរទេសសុទ្ធតែ ចោទរឿងអវិជ្ជមានទាំងអស់ អាហ្នឹងវាមិនមែន ជាការត្រឹមត្រូវទេ វាគ្រាន់តែជាការចោទ ប្រកបដោយនិន្នាការនយោបាយ និងមាននិន្នការលំអៀង ទៅរកមនោគមន៍វិជ្ជាម្ខាងៗតែប៉ុណ្ណោះ” ។

បើតាមអាស៊ីសេរី Al Jazeera បានរកឃើញទៀតថា “ក្រុមហ៊ុនចិន កំពុងប្រតិបត្តិការយ៉ាងក្ដៅគគុក ក្នុងការចាប់ជម្រិត ជនជាតិចិនដូចគ្នា និងបង្ខាំងបរទេស រាប់រយពាន់នាក់ ដើម្បីឲ្យពួកគេធ្វើការងារផ្នែក វិស័យបនល្បែងឆបោកមនុស្ស តាមលើប្រព័ន្ធអនឡាញ នៅតំបន់អាស៊ីអាគ្នេយ៍ និងជុំវិញពិភពលោក ។ បណ្ដាញរបស់ឧក្រិដ្ឋជនចិន ទាំងនោះ កំពុងដំណើរចាប់ជម្រិតបង្ខាំងមនុស្ស ដោយបង្ខំឲ្យធ្វើការខុសច្បាប់ ដែលភាគច្រើន ស្ថិតនៅតំបន់អគារគ្រប់គ្រង ដោយជនជាតិចិន ក្នុងខេត្តព្រះសីហនុ និងតំបន់ដាច់ស្រយាលមួយ ចំនួនទៀតដូចជា ខេត្តពោធិ៍សាត់ ខេត្តតាកែវ ក្រុងប៉ោយប៉ែត និងនៅរាជធានីភ្នំពេញជាដើម” ។

សម្រាប់បញ្ហានេះ លោក សុខ ឥសាន ច្រានចោលថា កម្ពុជាស្វាគមន៍តែវិនិយោគបរទេស ដែលរកស៊ីដោយស្របច្បាប់ តាមការកំណត់របស់កម្ពុជា ។ លោកសង្កត់ធ្ងន់ថា “ចំពោះការរកស៊ីលួចលាក់ ខុសច្បាប់យើងមិនស្វាគមន៍ទេ ត្រូវទទួលនូវវិធានការបង្ក្រាប ជាបន្តបន្ទាប់ពីរាជរដ្ឋាភិបាល” ៕

To Top