ព័ត៌មានជាតិ

មន្រ្តីអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ចូលរួមសម្បថសច្ចាប្រណិ​ធាន នៅចំពោះតុលាការ ដើម្បីបំពេញនីតិវិធី ជានគរបាលយុត្តិធម៌

ភ្នំពេញ ៖ ថ្នាក់ដឹកនាំ និងមន្រ្តីអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២នេះ បានចូលរួមពិធីសម្បថ សច្ចាប្រណិធាន ដើម្បីបំពេញនីតិវិធី ជានគរបាលយុត្តិធម៌ នៅចំពោះមុខសាលាដំបូង រាជធានីភ្នំពេញ ដោយមានលោក លោកស្រីតំណាង ក្រុមប្រឹក្សាសម្បថ និងតំណាងអយ្យការអមសាលាដំបូង រាជធានីភ្នំពេញជាអធិបតី ។

សមាសភាពចូល រួមពិធីសម្បថនេះរួមមាន លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប លោកអគ្គនាយករង លោក លោកស្រីប្រធាន អនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធានការិយាល័យនៅថ្នាក់កណ្តាល និងសាខាក.ប.ប.រាជធានីភ្នំពេញ សរុបចំនួន៩៧រូប ។

សូមជម្រាបថា មន្ត្រីស៊ើបអង្កេត នៃអគ្គនាយកដ្ឋាន ក.ប.ប. សរុបចំនួន ២៨៥រូប ត្រូវបានផ្តល់នីតិសម្បទា ជានគរបាលយុត្តិធម៌ ឱ្យអនុវត្តមុខងារ និងភារកិច្ច របស់ខ្លួនស្របតាមច្បាប់ ស្តីពីការប្រកួតប្រជែង ក្រមនីតិវិធីព្រហ្មទណ្ឌ និងបទប្បញ្ញត្តិជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា ។ មន្រ្តីដែលកំពុងបំពេញ ការងារនៅសាខាក.ប.ប. នៃបណ្តាខេត្ត នឹងបំពេញនីតិវិធីសម្បថ នៅសាលាដំបូងខេត្ត រៀងៗ ខ្លួន ។

សូមបញ្ជាក់ផងដែរថា ចាប់តាំងពីប្រមុខ រាជរដ្ឋាភិបាល បានកែសម្រួលតួនាទីភារកិច្ច របស់អគ្គនាយកដ្ឋាន ក.ប.ប. ពីការឈរជើងនៅព្រំដែន ជាមួយអគ្គនាយកដ្ឋាន គយ និងរដ្ឋាករ តាមរយៈអនុក្រឹត្យលេខ២៧ អនក្រ.បក ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ស្តីពីការកែសម្រួលស្ថាប័ន មានសមត្ថកិច្ច ត្រួតពិនិត្យទំនិញនាំចេញ-នាំចូល ដើម្បីសម្រួលពាណិជ្ជកម្ម និងពង្រឹងភាព ប្រកួតប្រជែងកម្ពុជា មន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប. ត្រូវបានផ្តល់ នីតិសម្បទា ជាមន្ត្រីនគរបាលយុត្តិធម៌ ក្រោមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផលទំនិញ និងសេវា ជានគរបាល យុត្តិធម៌ ក្រោមច្បាប់ ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងជានគរបាលយុត្តិធម៌ ក្រោមច្បាប់ ស្តីពីការប្រកួតប្រជែង ដែលផ្តល់សិទ្ធិឱ្យមន្រ្តីជំនាញ ធ្វើការស៊ើបអង្កេត ស្រាវជ្រាវ កំណត់បទល្មើស ពិន័យអន្តរការណ៍ លើអំពើល្មើសស្ថិតក្រោមច្បាប់ ឬកសាងសំណុំបញ្ជូនទៅតុលាការ មានសមត្ថកិច្ច ក្នុងគោលបំណងការពារសុខុមាលភាព ប្រជាពលរដ្ឋ និងផលប្រយោជន៍ របស់អ្នកប្រើប្រាស់ ជំរុញឱ្យការប្រកួតប្រជែង ក្នុងពាណិជ្ជកម្មប្រព្រឹត្តទៅ ប្រកបដោយសមធម៌ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល និង យុទ្ធសាស្ត្រចតុកោណដំណាក់ទី៦ ៕

To Top