ព័ត៌មានអន្តរជាតិ

សារព័ត៌មានផ្សាយថា ជប៉ុន នឹងរារាំងលោក ពូទីន ពីការចូលរួមបុណ្យសពលោក អាបេ

បរទេស៖ ទីភ្នាក់ងារសារព័ត៌មាន Nikkei បានរាយការណ៍កាលពីថ្ងៃសុក្រថា រដ្ឋាភិបាលជប៉ុន ត្រូវបានគេរំពឹងថានឹងរារាំងប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន ពីការចូលរួមក្នុងពិធីបុណ្យសពរដ្ឋ របស់អតីតនាយករដ្ឋមន្ត្រី Shinzo Abe ប្រសិនបើលោក ពូទីន ចង់ធ្វើចូលរួម។ លោក អាបេ ដែលជានាយករដ្ឋមន្ត្រីកាន់អំណាចយូរបំផុត របស់ប្រទេសជប៉ុន ត្រូវបានគេធ្វើឃាត កាលពីដើមខែនេះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២២ បានឱ្យដឹងថាកាសែត Sankei Shimbun បាន​ដក​ស្រង់​សម្តី ​មន្ត្រី​ក្រសួង​ការ​បរទេស​ជប៉ុន​ម្នាក់ ​ដែល​និយាយ​ថា រដ្ឋាភិបាលទីក្រុង​តូក្យូ​ នឹង​ជូន​ដំណឹង​ដល់ភាគីរុស្ស៊ី​ជា​ផ្លូវ​ការ ​អំពី​ពិធីបុណ្យ​សព ប៉ុន្តែ «យើង​មិន​រំពឹង​ថា​ នឹង​ឱ្យពួកគេមក​ចូលរួមនោះទេ»។ ពិធី​នេះ​នឹង​ប្រព្រឹត្ត​ទៅ​ នៅ​ថ្ងៃ​ទី​២៧ ខែ​កញ្ញា។

វិមានក្រឹមឡាំង បាននិយាយកាលពីមុនថា លោក ពូទីន មិនមានគម្រោងទៅចូលរួម ពិធីបុណ្យសពនោះទេ ខណៈដែលវត្តមានរបស់មន្ត្រីផ្សេងទៀតនឹង “អាស្រ័យលើពិធីសារ”។

សូមបញ្ជាក់ថា ជប៉ុន​បាន​ដាក់​ក្នុង​បញ្ជី​ខ្មៅ​ លោក​ពូទីន និង​មន្ត្រី​រុស្ស៊ី​មួយ​ចំនួន​ទៀត រួម​ទាំង​រដ្ឋមន្ត្រី​ការ​បរទេស​ លោក Sergey Lavrov នៅ​ដើម​ខែ​មីនា ក្នុង​ការ​ឆ្លើយ​តប​នឹង​ប្រតិបត្តិការ​យោធា​របស់​ក្រុង​ម៉ូស្គូ​ នៅ​អ៊ុយក្រែន៕ ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top